(ភាគបញ្ចប់)
និពន្ធដោយ៖ Ry Ly
....................................................................................................
ទឹកមុខច្រឡើមរបស់នរាជ ធ្វើឱ្យខ្ញុំចង់ជាន់ឱ្យកំពិត ដូចកំប៉ុងដល់ហើយ!
«លឿនម៉ាក់ ប៉ាហៅហើយ»
បូរ៉ាកាន់តែណាស់ គេទាញខ្ញុំទៅគេងលើដៃនរាជ រួចគេត្រឡប់ទៅគេងលើដៃប៉ាគេម្ខាងទៀត ដែលទំនេរនោះ។
មួយយប់នេះខ្ញុំដូចមនុស្សរុក្ខជាតិអ៊ីចឹង មិនហ៊ានសូម្បីកម្រើក នៅលើដៃរបស់នរាជ។ ចំណែកប៉ាកូនគេវិញ និយាយគ្នាមិនដឹងជាស្អីៗខ្លះ ពេលខ្លះខ្ញុំក៏លួចសើចពេលពួកគេនិយាយសើចសប្បាយម្ដងៗ។
ព្រឹកនេះប្លែកខុសធម្មតា ដូចមានអារម្មណ៍ថា កក់ក្ដៅម្ល៉េះ? គិតបណ្ដើរបើកភ្នែកបណ្ដើរ ស្រាប់តែឃើញខ្លួនឯងនៅក្នុងរង្វង់ដៃនរាជ ស្អិតជាប់គ្នា សឹងតែក្លាយជាមនុស្សតែម្នាក់។ ខ្ញុំប្រញាប់រើចេញមក តែរង្វង់ដៃនោះរឹងដូចដែក មិនឱ្យខ្ញុំចេញមកបានសោះ។
«ណែ! លែង!»
ខ្ញុំនិយាយសំឡេងកាច បញ្ជាគេ។
«គេងមួយភ្លែតទៀតទៅ នៅព្រលឹមនៅឡើយទេ»
មាត់និយាយ ភ្នែកបិទ តែដៃដែលឱបខ្ញុំនៅរក្សាជាដែករឹងដដែល។
ខ្ញុំក្រឡេកទៅម្ខាងទៀត ដើម្បីរកកូនក្បាលខូច ដែលជាមូលហេតុឱ្យខ្ញុំមកជាប់ក្នុងទ្រុងដែកនេះ។
«បូរ៉ាទៅណាហើយ? លែង! ខ្ញុំទៅរកកូន!»
«បូរ៉ាទៅគេងជាមួយម៉ាក់យាយហើយ គេប្រាប់ថា ចង់ឱ្យម៉ាក់គេទទួលភាពកក់ក្ដៅឱ្យបានច្រើនពីប៉ា ដើម្បីឆាប់បាក់ចិត្តមកស្រឡាញ់ប៉ាម្ដងទៀត»
ខ្ញុំឈប់រើ ស្ងៀមមើលមុខគេវិញម្ដង នរាជបើកភ្នែកមកសម្លឹងខ្ញុំដូចគ្នា។ យើងហាក់កំពុងតែនិយាយគ្នាតាមខ្សែភ្នែក។ ខ្ញុំមើលមុខគេដោយការស្ដីបន្ទោស គេមើលមុខខ្ញុំដោយទឹកមុខសូមការអភ័យទោស។
«អារម្មណ៍ល្អណាស់ ការឈឺចាប់ខ្ញុំ ត្រូវបាត់ដោយពាក្យសម្ដីអាម្មណ៍ល្អរបស់លោកតែប៉ុន្មានពាក្យនេះ?»
«ឱ្យបងធ្វើអី ទើបអូនអាចផ្ដល់ឱកាសឱ្យបងបានម្ដង?»
«ចេញពីផ្ទះខ្ញុំ ឈប់រញ៉េរញ៉ៃជាមួយគ្រួសារខ្ញុំ ជាពិសេសបូរ៉ា»
«អូនក៏ដឹង ថាបូរ៉ាត្រូវការប៉ាយ៉ាងណា អូនដាច់ចិត្តដែរ?»
«ប៉ាបូរ៉ា ខ្ញុំរកមកប៉ុន្មាននាក់ក៏បានដែរ មិនមែនចាំបាច់តែមនុស្សបោកប្រាស់ទេ»
និយាយរួច ខ្ញុំប្រើកម្លាំងមួយទំហឹង ក៏ចេញពីទ្រុងដៃដែករបស់គេរួច ហើយដើរចេញទៅក្រៅបន្ទប់។
នរាជចេញចូលផ្ទះខ្ញុំរាល់ថ្ងៃ ហើយហ៊ាននិយាយប្រាប់អ្នកជិតខាងខ្ញុំក្ដែងៗថាជាប្ដីរបស់ខ្ញុំ។ ខ្ញុំក៏តឹងទ្រូងណាស់ដែរ ពីរឿងនេះ មិនដឹងថាពេលណា ខ្ញុំដោះស្រាយវាចេញទេ។ ខ្ញុំខ្លាចបូរ៉ាពិបាកចិត្ត បានជាខ្ញុំមិននិយាយមិនស្ដី តែយូរទៅកាន់តែយូរទៅ នរាជលែងក្រែងចិត្តខ្ញុំ ឱ្យតែពេលនៅជាមួយបូរ៉ា តែងតែបន្លំឱបខ្ញុំទៀតផង។ និយាយតាមត្រង់ វាក៏មានអាម្មណ៍ថា ជាសុភមង្គលខ្លះដែរ តែខ្ញុំត្រូវអតីតកាលជេររាល់ថ្ងៃ ខ្ញុំមានអាម្មណ៍ខុសនឹងម៉ាក់ ខុសនឹងប៉ា ខុសនឹងខ្លួនឯងខ្លាំងណាស់ តែបើខ្ញុំចចេសដេញគេ ខ្ញុំនឹងខុសចំពោះបូរ៉ា កូនប្រុសខ្ញុំ។
----------------------------
នរាជចង់នាំប៉ាខ្ញុំទៅព្យាបាលនៅសិង្ហបុរី តែខ្ញុំមិនព្រម មិនចង់ជំពាក់អ្វីដល់ម្នាក់នេះទេ ប៉ុន្តែអ៊ំផាន់គាត់បែរជាសប្បាយចិត្ត ចង់ឃើញប៉ាខ្ញុំធូរស្រាលជាងនេះ។ ខ្ញុំក៏ចង់ឃើញប៉ាធូរស្រាលដែរ តែ... ហ៊ើយ! ទីបំផុតខ្ញុំចាញ់គេទៀតហើយ! ខ្ញុំសម្រេចចិត្តយល់ព្រម ព្រោះនរាជចចេសសុំរាល់ថ្ងៃ អ៊ំផាន់ក៏សុំ ហើយចិត្តខ្ញុំក៏ចង់ឃើញប៉ាបានជា។
ថ្ងៃនេះគម្រប់មួយខែហើយដែលប៉ាចាកចេញទៅព្យាបាលនៅសិង្ហបុរី។ ខ្ញុំដឹងថានរាជចំណាយលើរឿងនេះច្រើនណាស់។ ខ្ញុំក៏មិនដឹងថាមានលទ្ធភាពអ្វីទៅសងគេវិញទេ ខ្ញុំកាន់តែសម្រេចចិត្ត ខ្ញុំកាន់តែខុស កាន់តែបណ្ដោយខ្លួន កាន់តែលង់ជ្រៅៗដកខ្លួនមិនរួច។
ផ្ទះនរាជ
សុខៗខ្ញុំស្រាប់តែមកឈរនៅពីមុខផ្ទះគេ អូទេ! មិនមែនសុខៗ គឺខ្ញុំមានតួនាទីត្រូវមកយកបូរ៉ា ដោយសារថ្ងៃនេះជាថ្ងៃអាទិត្យ នរាជនាំបូរ៉ាទៅលេងបាល់។ ខ្ញុំដកដង្ហើមធំឈរនៅមុខផ្ទះគេមួយសន្ទុះ ទើបដាច់ចិត្តចុចកណ្ដឹង។ ត្រឹមមួយភ្លែត ក៏ឃើញអ្នកបម្រើរត់មកបើកទ្វារ។
«អូ លោកស្រីនីតា អញ្ជើញចូល!»
អ្នកបម្រើហៅខ្ញុំដោយរាក់ទាក់ ញញឹមញញែម អ្វីដែលគួរឱ្យចាប់អារម្មណ៍ គឺនាងហៅខ្ញុំ លោកស្រី!
ខ្ញុំក៏ញញឹមតបទៅនាង៖
«កុំហៅខ្ញុំលោកស្រីអី »
«តែ លោកស្រីជាភរិយារបស់លោកប្រុសនរាជ ខ្ញុំហៅលោកស្រីទើបសម»
នាងនិយាយជាមួយឱនលំទោន ដូចខ្ញុំថៅកែនាងអ៊ីចឹង។
«មិនបាច់ទេ ធ្វើតាមខ្ញុំប្រាប់ទៅណា»
«ចាស៎! អ៊ីចឹង អ្នកនាងនីតា អញ្ជើញចូលក្នុងផ្ទះសិនទៅ»
«អត់អីទេ ជួយហៅបូរ៉ាចេញមកក្រៅឱ្យខ្ញុំបន្តិចមក»
«អ្នកប្រុសបូរ៉ា និងលោកប្រុសនរាជមិនទាន់ត្រឡប់មកផ្ទះទេ ប្រាប់ថានាំអ្នកប្រុស ទៅទិញរបស់លេង អ្នកនាងចូលចាំក្នុង ផ្ទះសិនទៅ»
ខ្ញុំដកដង្ហើមធំ មិនចង់ចូលក្នុងផ្ទះនោះសោះ មានអារម្មណ៍ថាមិនសូវស្រួលក្នុងចិត្ត។ ហើយប្រុសម្នាក់នោះក៏អ៊ីចឹងដែរ ហេតុអីក៏មិនប្រាប់ខ្ញុំមុន!
ខ្ញុំក៏បានមកអង្គុយចាំគេនៅក្នុងផ្ទះ ខ្ញុំមិនដែលមកផ្ទះគេទេ ក៏ចេះតែក្រឡេកមើលនេះ ក្រឡេកមើលនោះក្នុងផ្ទះដ៏ធំស្កឹមស្កៃនេះ ក្រឡេកទៅតុក្បែរសាឡុង ក៏បានឃើញរូបថតគ្រួសាររបស់គេ។ មុខប្អូនស្រីនរាជពិតជាស្អាតណាស់ សមជាកូនស្រីអ្នកមាន មុខមាត់ក៏ដូចនរាជ គួរឱ្យស្រឡាញ់... ហើយខ្ញុំទៅសរសើរគេគួរឱ្យស្រឡាញ់ធ្វើអី? អត់ទេ!! ខ្ញុំគ្រវីក្បាលម្នាក់ឯង។
«លោកស្រីកើតអី?»
ទៀត! ហាមមិនស្ដាប់សោះ ថាកុំឱ្យហៅខ្ញុំលោកស្រី!
ខ្ញុំញញឹមដាក់នាង រួចក៏សួរ៖
«និយាយចឹង ម៉េចក៏មិនដែលឃើញប្អូនស្រីប៉ាបូរ៉ា?»
«អូ! អ្នកនាងរីនមែនទេ?»
ខ្ញុំងក់ក្បាល តាមពិតទៅនរាជក៏ធ្លាប់ប្រាប់ខ្ញុំពីប្អូនស្រីគេដែរ កាលពី៨ឆ្នាំមុន។
«លោកស្រីមិនដឹងទេហ៎ អ្នកនាងរីនស្លាប់យូរហើយ»
ខ្ញុំធ្លាក់ថ្លើមក្ដុក សួរទៅវិញទាំងរន្ធត់៖
«ស្លាប់យូរហើយ? ហេតុអីបានស្លាប់?»
អ្នកបម្រើអេះអុញមួយសន្ទុះ ក៏និយាយ៖
«អ្នកនាងរីនជ្រុលមានកូនជាមួយសង្សារ ហើយសង្សារទៅចោល ដោយមិនទទួលខុសត្រូវ ទើប... ទើបគាត់សម្លាប់ខ្លួន...»
ខ្ញុំកាន់តែតក់ស្លុត ប្អូនស្រីគេជួបរឿងដូចខ្ញុំបេះបិទ ម៉េចក៏នាងគិតខ្លីម្ល៉េះ នាងនៅមានបងប្រុស នៅមានឪពុកម្ដាយ ចំណែកខ្ញុំកាលណោះ ខ្ញុំស្ទើរតែបាត់បង់គ្រប់យ៉ាង។
ដោយសារតែខ្ញុំមកផ្ទះគេរៀងល្ងាច ពេលនេះមេឃក៏ងងឹតទៅហើយ។ ហេតុអីក៏នៅមិនទាន់មកទៀត?
ភ្លឹប!
ភ្លើងក្នុងផ្ទះស្រាប់តែងងឹត នេះ! ដាច់ភ្លើងមែនទេ? ខ្ញុំលូករាវរកទូរសព្ទនៅក្នុងកាបូប ដើម្បីបើកFlashlight។ ទើបតែឃើញទូរសព្ទរៀបនឹងបើកភ្លើង ស្រាប់តែមានស្រមោលមនុស្សម្នាក់កំពុងតែកាន់អ្វីម្យ៉ាងនៅពីមុខ ហើយដើរសំដៅមកខ្ញុំ។ កាន់តែដើរចូលមក ខ្ញុំកាន់តែស្គាល់ម្នាក់នោះច្បាស់។ ភ្លេងស្រាប់តែឮរងំតិចៗ របៀបជាភ្លេងរ៉ូមែនទិច។ ទីបំផុតនរាជដើរមកដល់ទល់មុខនឹងខ្ញុំ ភ្លើងទៀនកំពុងបញ្ចេញពន្លឺព្រៀលៗលើCakeដែលគេកំពុងកាន់ បានធ្វើឱ្យខ្ញុំឃើញស្នាមញញឹមដ៏សង្ហារបស់គេ។
«ថ្ងៃនេះជាថ្ងៃដែលយើងចាប់ផ្ដើមស្រឡាញ់គ្នា»
សំឡេងដ៏ស្រទន់របស់គេ បានធ្វើឱ្យខ្ញុំនឹកឃើញរឿងអតីតកាល នឹកឃើញរឿងដែលពួកយើងបានធ្វើរួមគ្នា តែវាមិនបានធ្វើឱ្យខ្ញុំសប្បាយចិត្ត ដូចក្នុងភាពយន្តរ៉ូមែនទិចអីទេ ផ្ទុយទៅវិញភ្នែកខ្ញុំចាប់ផ្ដើមក្រហម ទឺកភ្នែករលីងរលោង ក្នុងកែវភ្នែកបង្កប់ដោយកំហឹង។ ដៃរបស់ខ្ញុំក៏រលាស់ទះមុខគេយ៉ាងទំហឹង
ផាច់!!!
មាត់ញ័រៗចាប់ផ្ដើមស្រដី៖
«កំពុងលេងសើចអី?»
ខ្ញុំគ្រវាសនំខេកនោះទៅលើឥដ្ឋ បែកខ្ជាយ រួចស្រែកខ្លាំងដាក់គេ៖
«ខ្ញុំជារបស់ឱ្យលោកលេងហ្អេ? ថ្ងៃផ្ដើមស្រឡាញ់គ្នាអី ថ្ងៃដែលលោកធ្វើបាបស្រីម្នាក់បានសម្រេចមែនទេ?»
ឃើញស្ថានការណ៍មិនល្អដូចជាការរំពឹងទុក អ្នកពន្លត់ភ្លើងអម្បាញ់មិញ ក៏បើកភ្លើងវិញ ធ្វើឱ្យខ្ញុំឃើញទឹកមុខស្រពោនស្ងួតឈឹងរបស់នរាជ។
«បង សុំទោស»
«ម៉ាក់!!»
ភ្លើងភ្លឺឡើង សំឡេងបូរ៉ាហៅខ្ញុំ តែពេលខ្ញុំក្រឡេកទៅម្ខាងឆ្វេងដៃខ្ញុំ ខ្ញុំមិនបានឃើញតែប៉ូរាទេ តែខ្ញុំបានឃើញប៉ាខ្ញុំកំពុងអង្គុយលើរទេះ ប៉ាត្រឡប់មកវិញពីអង្កាល់? តែគួរឱ្យភ្ញាក់ផ្អើលមួយទៀតនោះគឺ ប៉ាម៉ាក់នរាជក៏ឈរនៅទីនោះដែរ។
មនុស្សស្រីដែលធ្លាប់ច្របាច់បេះដូងខ្ញុំ ដើរសំដៅមករកខ្ញុំទាំងមានកូនកន្សែងមួយជូតទឹកភ្នែកមិនឈប់ ក៏មានប៉ានរាជជួយគ្រាដើរ ព្រោះមើលទៅគាត់ដូចជាទន់ខ្សោយណាស់។
មកដល់គាត់លត់ជង្គង់ចំពោះមុខខ្ញុំ រួចវាចាទាំងទឹកភ្នែក៖
«សូមក្មួយលើកលែងទោសឱ្យនរាជទៅ កម្មពារទាំងអស់មីងជាអ្នកសាង មីងបាត់បង់កូនស្រីម្នាក់ហើយ ជីវិតចុងក្រោយនេះ មីងសុំត្រឹមឃើញកូនប្រុសមានគ្រួសារ រស់នៅជាមួយមនុស្សដែលគេស្រឡាញ់ មីងមិនចង់ឱ្យគេរស់បៀមទុក្ខព្រោះតែកំហុសម្ដាយទេ ក្មួយ»
«ម៉ាក់...»
បេះដូងនរាជដូចត្រូវគេចាក់ អាណិតម្ដាយខ្លោចចិត្ត ប្រឹងយោងម្ដាយឡើង តែគាត់ចចេសមិនព្រមងើប។
«មីងងើបសិនមក កុំធ្វើចឹងអី»
ខ្ញុំក៏ពិបាកធ្វើខ្លួនដែរ មិនដឹងថាគួរធ្វើយ៉ាងម៉េចទើបសម។
«មីងអង្វរណាក្មួយណា៎»
គាត់លើកដៃសំពះខ្ញុំថែមទៀត ទ្រាំនឹងរូបភាពបែបនេះមិនបាន ខ្ញុំក៏ទម្លាក់ខ្លួនអង្គុយជាប់ឥដ្ឋ ទឹកភ្នែកខ្ញុំក៏ហូរមិនចាញ់ទឹកភ្នែកគាត់។
ភ្លាមនោះរទេះរុញប៉ាខ្ញុំ ក៏បានត្រូវរុញមកជិតខ្ញុំ។ ប៉ាមើលមុខដោយទឹកមុខអាណិតអាសូរ ទឹកភ្នែកប៉ារលីងរលោង។
«កូនស្រី...»
សំឡេងដែលខ្ញុំខានឮមកជាយូរឆ្នាំ សំឡេងដែលខ្ញុំនឹកមករហូត ខ្ញុំបានឮម្ដងទៀតចេញពីមាត់ប៉ាខ្ញុំ។
«ប៉ា...»
ខ្ញុំកាន់តែយំខ្លាំងឡើង៖
«ប៉ានិយាយបាន?»
ប៉ាងក់ក្បាលតិចៗ ទឹកភ្នែកកូនប្រុសរបស់ប៉ាស្រក់ចុះមកប្រណាំងជាមួយកូនស្រី៖
«ឈប់បន្ទោសអ្នកដទៃ... ឈប់បន្ទោសខ្លួនឯង... គ្រប់យ៉ាងគឺព្រេងវាសនា អតីតកន្លងផុតទៅ តែកូនត្រូវរស់នៅជាមួយបច្ចុប្បន្ន... អ្វីដែលគិតថាធ្វើឱ្យកូនមានក្ដីសុខ កូនត្រូវតែធ្វើដើម្បីខ្លួនឯង កូនប្រឆាំងនឹងគេបាន តែបើកូនប្រឆាំងនឹងខ្លួនឯង កូននឹងឈឺចាប់អស់មួយជីវិត... ម្ដាយកូននៅឋានសួគ៌ ចង់ឃើញកូនស្រីគាត់មានក្ដីសុខ ប៉ាក៏ដូចគ្នា ជីវិតចុងក្រោយនេះ សុំត្រឹមឃើញកូនស្រីនៅមួយមនុស្សដែលកូនស្រីស្រឡាញ់»
ប៉ាប្រឹងនិយាយមួយៗ ទាំងមិនទាន់ស្ទាត់។
ខ្ញុំមិនបាននិយាយអ្វី ខ្ញុំបានត្រឹមតែយំខ្លាំងឡើងៗ មែន! ខ្ញុំនៅស្រឡាញ់គេ ខ្ញុំស្រឡាញ់គេខ្លាំងណាស់ ៨ឆ្នាំមុនខ្ញុំចង់ឱ្យគេក្លាយមនុស្សដែលអាចដើរជាមួយខ្ញុំអស់មួយជីវិត ៨ឆ្នាំក្រោយនេះខ្ញុំរឹតតែត្រូវការគេ ចង់ឱ្យគេក្លាយជាអំពូលភ្លើងមកបំភ្លឺជីវិតខ្ញុំដែលងងឹតសូន្យសុងកន្លងមក។
ខ្ញុំមិនដឹងថាមនុស្សទាំងអស់ចាកចេញទៅពីពេលណាទេ ភ្ញាក់ខ្លួនម្ដងទៀត ខ្ញុំនៅតែពីរនាក់នរាជ។
ដៃដ៏រឹងមាំរបស់គេជូតទឹកភ្នែកខ្ញុំយឺតៗ៖
«បងសុំទោស បងអាចជាប្រុសដែលអន់បំផុតលើលោក តែបងនៅតែចង់ប្រើជីវិតនេះទុកសម្រាប់សុំទោស និងមើលថែអូន»
ពួកយើងឱបគ្នាណែន ណែនខ្លាំងណាស់ ណែនរហូតធ្វើឱ្យបេះដូងដែលកករឹង បែរជាកក់ក្ដៅបំផុត មិនធ្លាប់មាន។
សុំទោសអតីតកាល ខ្ញុំសុំប្រើជីវិតដែលសេសសល់នេះរស់នៅជាមួយមនុស្សដែលខ្ញុំស្រឡាញ់ហើយ ខ្ញុំឈប់កុហកអតីតកាលថាខ្ញុំភ្លេចគេ ខ្ញុំឈប់កុហកខ្លួនឯងថាខ្ញុំស្អប់គេទៀតហើយ៕
......
ចប់!
My Instagram: www.instagram.com/rylyly22/