(រឿង) ដាមដៅស្នេហ៍​អតីត​ | ភាគ៣

(រឿង) ដាមដៅស្នេហ៍​អតីត​ | ភាគ៣

ប្រលោមលោក
RY-LY-avatar-thumbnail

RY LY

48

10

2021-03-18T12:01:03.000Z


(ភាគ៣)

និពន្ធដោយ៖ Ry Ly

....................................................................................................

 

«គឺ​បង នរាជ​!»

ផ្ទៃ​មុខនិង​​សំឡេង​របស់​គេ​មក​ព្រម​គ្នា​ ធ្វើ​ឱ្យ​ខ្ញុំ​ស្រឡាំងកាំង​ស្ទើរ​តែ​ដក​ដង្ហើម​មិន​រួច​។

១០វិនាទី​​ខ្ញុំ​មិន​និយាយ​អ្វី​ទាំង​អស់​ ហើយ​​ងាកបម្រុង​នឹង​ត្រឡប់​ទៅ​វិញ​ តែ​ដៃ​ធំ​របស់​គេ​មក​ចាប់​ដៃ​ខ្ញុំ​ជាប់​។

«នីតា​ សូម​ទោស!​»

ខ្ញុំ​មើល​ទឹក​មុខ​ក្រៀមក្រំ​របស់​គេ តែ​ខ្ញុំ​មិន​បាន​ចាញ់​បោក​ទឹក​មុខ​នេះ​ទៀត​ទេ។ ភ្នែក​ខ្ញុំ​ក្រហម​ដោយ​កំហឹង​ និង​លាយ​ឡំ​ទឹក​ភ្នែក​រលីងរលោង ដែល​វា​ស្ទើរ​​តែ​លែង​មាន​​ទៀត​ ខ្ញុំ​យំ​​រយៈពេល​​៨​ឆ្នាំ​នេះ​ វា​សឹង​តែ​​គ្មាន​​សល់​​សម្រាប់​​ឱ្យ​​ខ្ញុំ​យំ​ទៀត​​ឡើយ​​។

«៨ឆ្នាំ ជីវិតខ្ញុំ​ តម្លៃ​ស្មើ​ពាក្យ​នេះ​ពីរ​​​ម៉ាត់​នេះ​ទេ?»

សម្ដី​និង​ទឹក​ភ្នែក​ខ្ញុំ​ចេញ​មក​ដំណាល​គ្នា​ កោត​ខ្លួន​ឯង​ណាស់ នៅ​សល់​​ទឹក​ភ្នែក​​យំ​​ឱ្យ​គេ​ឃើញ​​ទៀត​​។

«ជីវិត​បង អូន​យក​ចុះ​»

«ជីវិត​លោក​ ក៏​សង​ខ្ញុំ​មិន​គ្រាន់​ដែរ!!»

និយាយ​ហើយ​ ខ្ញុំ​ក៏​គ្រវៀស​ដៃ​​ចេញ​ពី​គេ​។

«នីតា​ ផ្ដល់​ឱកាស​ឱ្យ​បង​បក​ស្រាយ​ ឱ្យ​បងទទួល​កំហុស​ ឱ្យ​បង​បាន​សង​​​​អូន​និង​កូន​»

«កុំ​និយាយ​!! លោក​គ្មាន​កូន​ទេ»

«បូរ៉ា​ជា​កូន​បង»

«​ទៅ​ចោល​គេ​៨ឆ្នាំ​ លោក​មាន​សិទ្ធ​អី​មក​និយាយ​ពាក្យ​នេះ​?»

«បង​ដឹង​ កំហុស​បង​ធ្ងន់​ណាស់​ តែ​បង​សន្យា​ជាមួយ​ខ្លួន​ឯង​ហើយ​ ទោះ​ស្លាប់​ ក៏​បង​មិន​ទៅ​ណា​ចោល​អូន​និង​កូន​ទៀត​ដែរ ទោះ​ដេញ​បង​យ៉ាង​ណា​ ក៏​បង​មិន​ទៅ​»

«ម៉ាក់...»

នៅ​សុខ​ៗ​បូរ៉ា​ក៏​ចូល​មក​ដល់​ក្នុង​បន្ទប់​នេះ​មិន​ដឹង​ពី​ពេល​ណា​។

«បូរ៉ា»

«ពូ​ជា​ប៉ា​ខ្ញុំ​?»

ប្រុស​ម្នាក់​នោះ​លុត​ជង្គង់​ជិត​បូរ៉ា​ អង្អែល​ក្បាល​រួច​និយាយ​៖

«ប៉ា​ជា​ប៉ា​កូន​ គឺ​ប៉ា​នេះ​ហើយ​បូរ៉ា​»

បូរ៉ា​​យំ​​សួរ​ទៅ​បុរស​ដែល​ប្រាប់​ថា​ជា​ប៉ា​អំបាញ់មិញ​នេះ​​៖

«ចុះ​ម៉េច​ក៏​ប៉ា​ទៅ​ចោល​ខ្ញុំ​និង​ម៉ាក់​?»

ឮកូន​និយាយ​ដូច្នេះ​ នរាជ​ក៏​ស្រវា​ឱប​កូន​និយាយ​ទាំង​ទឹក​ភ្នែក៖

«ប៉ា​សុំ​ទោស​! ប៉ា​លែង​​ទៅណា​​​​​ទៀត​ហើយ​»

ខ្ញុំ​ទ្រាំ​មើល​លែង​បាន​ក៏​ទៅ​ទាញ​ដៃ​បូរ៉ា​ចេញ​មក​។

«នីតា​ កុំ​ធ្វើ​ចឹង​អី​»

នរាជ​ព្យាយាម​ឃាត់​ មិន​ចង់​ឱ្យ​ខ្ញុំ​និង​បូរ៉ា​ចេញ​មក​។

«​លោក!​ បើ​ចង់​លុបលាង​កំហុស​ដែល​ខ្លួន​បាន​សាង​ ឈប់​មក​រញ៉េរញ៉ៃ​ជីវិត​ខ្ញុំ​ និង​កូន​ខ្ញុំ​ទៀត​!»

ខ្ញុំ​អូស​ដៃ​បូរ៉ា​ចេញ​មក​ តែ​បូរ៉ា​នៅ​តែ​ព្យាយា​ម​មិន​ចង់​ព្រលែង​ដៃ​ចេញ​ពី​ប៉ា​របស់​គេ​។

 

មក​ដល់​ផ្ទះ​…

«ម៉ាក់​ ហេតុ​អី​មិន​ឱ្យ​ប៉ា​មក​នៅ​ជាមួយ​ពួក​យើង​?»

«អត់​ប៉ា​ យើង​រស់​បាន​​៨​ឆ្នាំ​ដែរ អ៊ីចឹង​រស់​នៅ​បន្តទៀ​ត ​គ្មាន​អី​ពិបាក​ទេ»

«តែ​ខ្ញុំ​ចង់​មាន​ប៉ា​!»

បូរ៉ា​ស្រែក​ដាក់​ខ្ញុំ​ តាំ​ង​ពី​កើត​មក​គេ​មិន​ដែល​មើល​ទៅ​រឹងរូស​យ៉ាង​នេះ​ទេ។

«ត្រូវ​ការ​ប៉ា​ ចុះ​មិន​ត្រូវ​ការ​ម៉ាក់​ទេ​មែនទេ?»

ខ្ញុំ​សម្លុត​ដាក់​កូន​ខ្លាំង​ៗ ខ្ញុំ​ក៏​មិន​ដែល​បែប​នេះ​ដែរ តែ​ខ្ញុំ​ភ័​យ​ខ្លាច​បូរ៉ា​សំណព្វ​របស់​ខ្ញុំ​ ត្រូវ​ការ​ប៉ា​របស់​គេ រហូត​ដល់​លែង​ត្រូវ​ការ​ខ្ញុំ​។

«ខ្ញុំ​ត្រូវ​ការ​ទាំង​ពីរ​»

«មាន​តែ​ម៉ាក់​គឺ​គ្រប់​គ្រាន់​ហើយ​ ម៉ាក់​អា​ចចិញ្ចឹម​ឯង​បាន​តើ​!!»

«បាន​ហើយ​ ពីរនាក់​មាន​រឿង​អី​ ស្រែក​ឮៗ​ម្ល៉េះ​?»

អ៊ំផាន់​​ចេញ​មក​មើល​មុខ​ខ្ញុំ​ដោយ​រក​រឿង​ ប្រហែលមក​​គិត​ថា​ខ្ញុំ​ស្រែក​ឱ្យ​បូរ៉ា​ហើយ​។

«បូរ៉ា​ មោះ​យាយ​នាំ​ទៅ​ងូត​ទឹក​ ញ៉ាំ​បាយ​»

អ៊ំ​ផាន់​ឆ្លៀត​មើល​មុខ​ខ្ញុំ​មួយ​ភ្លែត រួច​ក៏​ដើរ​ចេញ​ទៅ​។

«បូរ៉ា​ ជា​កូន​មិនត្រូវ​ស្រែក​ឱ្យ​ម៉ាក់​ដូច្នេះ​ទេ ឪពុក​ម្ដាយ​មាន​គុណ​ណាស់​ ស្រែក​ឱ្យ​អ្នក​មាន​គុណ​ មិន​ល្អ​ទេ ចុះ​នរក​ណាចៅ​»

អ៊ំ​ផាន់​និយាយ​ពេល​កំពុង​ស្លៀក​ពាក់​ឱ្យ​បូរ៉ា​ ក្រោយ​ងូត​ទឹក​ឱ្យ​គេ​រួច​។

«យាយ​ ប៉ា​ត្រឡប់​មក​រក​យើង​វិញ​ហើយ​ តែ​ម៉ាក់​មិន​ឱ្យ​ប៉ា​​មក​ទេ យាយ​ខ្ញុំ​ចង់​បាន​ប៉ា​»

អ៊ំ​ផាន់​ដក​ដង្ហើម​ធំ​ រួច​អង្អែល​ក្បាល​ក្មេង​ប្រុស​ដែល​​កំព្រា​ឪពុក​តាំង​ពី​កើត​។

 

«អ៊ំ​ចង់​និយាយ​ជាមួយ​ឯង​»

អ៊ំ​ផាន់​និយាយ​ជាមួយ​ពេលឃើញ​​ខ្ញុំ​បាន​​រៀប​ចំ​ឱ្យ​ប៉ា​ឱ្យ​សម្រាន្ត​រួច​រាល់​។

«បូរ៉ា​គេង​លក់​ហើយ​អ៊ំ?»

«ហឺម​! យំ​​ទៀត​ហើយ​»

ខ្ញុំ​ដក​ដង្ហើម​ធំ​ ខ្ញុំ​ដឹង​ថា​ធ្វើ​មិន​ល្អ​ចំពោះ​ក្មេង​ តែ​ខ្ញុំ​គ្មាន​ជម្រើស​។

«បើ​លើក​លែង​បាន​ គួរ​លើកលែង ដើម្បី​កូន​»

អ៊ំ​ផាន់​និយាយ​មួយ​ៗ​ដូចកំពុង​តែ​​ព្យាយាម​អាន​ចិត្ត​​ខ្ញុំ​។

«លើកលែង...?»

និយាយ​បាន​មួយ​ម៉ាត់​នេះ​ ខ្ញុំ​ឈប់​មួយ​​សន្ទុះ​ ទឹក​ភ្នែក​ខ្ញុំ​មិន​ដឹង​មក​ពី​ណា​ ដណ្ដើម​គ្នា​ស្រក់​ចុះ​មក​​។

ខ្ញុំ​និយាយ​បន្ត​ទាំង​អួល​ដើម​ក​៖

«ចុះ​ម៉ាក់​ដែល​ស្លាប់​ទៅ​ ចុះ​ប៉ាដែល​ពិការ​លើ​រទេះ ចុះ​ជីវិត​ដែល​មាន​​ពី​មុន​... ខ្ញុំ​គប្បី​ទេ?»

អ៊ំ​ផាន់​អង្អែល​ក្បាល​ខ្ញុំ​តិច​ៗ គាត់​ដឹង​ពី​ការ​ឈឺចាប់​ខ្ញុំ​ច្បាស់​​​ជាង​អ្នក​ណា​ទាំង​អស់​​ ​គាត់​ជា​មនុស្ស​តែ​ម្នាក់​គត់​ ដែលកំដរ​ខ្ញុំ​​ឆ្លង​កាត់​រឿង​ទាំង​អស់​នេះ​​​​។

«ចុះ​មិន​គិត​ដល់​បូរ៉ា​ទេ? មិន​ចង់​សាកល្បង​ធ្វើ​ដើម្បី​កូន​ខ្លះ​ទេ? អតីត​កាល​ហួស​ តែ​ពេល​នេះ​យើង​គួរ​តែ​នៅ​ជាមួយ​បច្ចុប្បន្ន​ អ៊ំ​មិន​បង្ខំ​ទេ តែ​គិត​សិន​ ចាំ​ធ្វើ​ ក៏​មិន​ទាន់​ហួស​ពេល​ដែរ​»

អ៊ំ​ផាន់​និយាយ​ហើយ​ក៏​ទៅ​សម្រាន្ត​បាត់​ទៅ​។ នៅ​តែ​ខ្ញុំ​ដែល​​ត្រូវ​​មក​អង្គុយ​គិត​ថា​គួរ​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​? ខ្ញុំ​ដើរ​ទៅ​ផ្លូវ​ណា​ល្អ? បើ​ឱ្យ​ខ្ញុំ​លើកលែង​ទោស​ឱ្យ​គេ​ មិន​អាច​ទៅ​រួច​ទេ ចុះ​​បូរ៉ា​​ខ្ញុំ​​ត្រូវ​​ធ្វើ​​យ៉ាង​​ម៉េច​​ជាមួយ​​កូន​​ទៅ​​?

 

កន្លង​ទៅ​មួយ​សប្ដាហ៍​ហើយ​ នរាជ​​​ចេះ​តែ​មក​រក​ខ្ញុំ​ដល់​ផ្ទះ​រាល់​ថ្ងៃ​ ដេញ​យ៉ាង​ណា​ក៏​គេ​មិន​ព្រម​​ចេញ​ដែរ។ នៅ​ឈរ​ពី​មុខ​ផ្ទះ​ពី​ព្រឹក​ទល់​ល្ងាច។​ ពី​ម្សិលមិញ​​មក​ឈរ​ហាល​ភ្លៀង​​ធ្វើ​ដូច​ក្នុង​រឿង​។ គិត​ចង់​ឱ្យ​ខ្ញុំ​អាណិត​មែន​ទេ? លោក​​ត្រូវ​ប៉ុណ្ណឹង​ ម៉េច​នឹង​ស្មើ​អ្វី​ដែល​ខ្ញុំ​បាត់​បង់​ទៅនោះ​!

អ្វី​ដែល​ធ្វើ​ឱ្យ​ខ្ញុំ​នៅ​មិន​សុខ​នោះ ​មិន​មែន​​​​​បុរស​នោះ​មក​រក​ខ្ញុំ​រាល់​ថ្ងៃ​ទេ តែ​មក​ពី​ពេល​នេះ​សូម្បី​បូរ៉ា​កូន​របស់​ខ្ញុំ​ ក៏​គេ​មិន​និយាយ​រក​ខ្ញុំ​ដែរ​ ព្រោះ​តែ​ខ្ញុំ​បាន​ឱ្យ​គេ​ដូ​រ​សាលា​ ដើម្បី​ចៀស​វាង​មិន​ឱ្យ​គេ​ជួប​នឹង​ប៉ា​គេ​។

«នីតា!!»

អ៊ំ​ផាន់​ស្រែក​ពី​លើ​ផ្ទះ​មក​យ៉ាង​ស្លន់ស្លោ ខ្ញុំ​នៅ​ក្រោម​កំពុង​តែ​ធ្វើ​​អាហារ​ ក៏​ភ្ញាក់​និង​ស្លន់ស្លោ​ទៅ​តាម​សំឡេង​គាត់​ដែរ។

«អ៊ំ​ មាន​រឿង​អី?«

«អ៊ំ​​មិន​ឃើញ​បូរ៉ា​ទេ»

គ្រាន់​តែ​ឮ​ភ្លាម​ ខ្ញុំ​​ដើរ​រក​ពេញ​ផ្ទះ​ ​នៅ​តែ​រក​មិន​ឃើញ​ ចេញ​ទៅ​សួរ​អ្នក​ជិត​ខាងក៏​គ្មាន​អ្នក​ណា​ដឹង​។ ខ្ញុំ​ភ័យ​ដូច​បេះដូង​​ត្រូវ​​គេ​បេះ​យក​ទៅ​បាត់​​។ មួយ​សន្ទុះ​ខ្ញុំ​ស្រាប់​តែ​នឹក​ឃើញ​ថា​ ហេតុ​អ្វី​ថ្ងៃ​នេះ​មិន​ឃើញ​ប្រុស​នោះ​មក​ឈរ​នៅ​មុខ​ផ្ទះ​? គេ​យក​បូរ៉ា​ទៅ​​បាត់​ហើយ​? មិន​ចាំ​យូរ​ខ្ញុំ​ប្រញាប់​ទៅ​សាលា​បូរ៉ា​ ទៅ​យក​អាស័យដ្ឋាន​របស់​នរាជ​ ព្រោះ​ខ្ញុំ​ដឹង​ថា​នរាជ​និង​នាយក​សាលា​នេះ​ជា​មិត្ត​នឹង​គ្នា​ តាំង​តែ​ពី​នាយក​នោះ​ហៅ​ខ្ញុំ​មក​ជួប​តាម​បង្គាប់​របស់​នរាជ​ម្ល៉េះ​។

 

ផ្ទះ​នរាជ​…

«មនុស្ស​ឆ្កួត​!! ឆាប់​ចេញ​មក​ យក​បូរ៉ា​មក​ឱ្យ​ខ្ញុំ​ ឱ្យ​កូន​ខ្ញុំ​វិញ​មក​! បើ​មិន​ចង់​ឱ្យ​ខ្ញុំ​ប្ដឹ​ង»

ខ្ញុំ​ស្រែក​ក្ដែងៗ​ពី​​មុខ​​របង​ផ្ទះ​វីឡា​របស់​គេ​ កណ្ដឹង​ក៏​ខ្ញុំ​មិន​ខ្ចី​ចុច។​ គេ​ថ្លើម​ធំ​ម្ល៉េះ ហ៊ាន​មក​​លួច​កូន​ខ្ញុំ​ ទោះ​ជា​មាន​លុយ ​តែ​កុំ​សង្ឃឹម​មក​ធ្វើ​ចោរ​ដោយ​មិន​ខ្លាច​ប៉ូលីស​បែប​នេះ​។

«អ្នក​នាង​មក​រក​អី​ដែរ ម៉េច​ក៏​ស្រែក​ឡូឡា​ចឹង​?»

នារី​អ្នក​បម្រើបើក​ទ្វារ​របង​ចេញ​មក​សួរ​ខ្ញុំ​ទាំង​ទឹក​មុខ​ឆ្ងល់​ជា​ខ្លាំង។

«ហៅ​ប្រុស​ម្នាក់​នោះ​ចេញ​មក​!!! ហៅ​គេ​ចេញ​មក​!! ឱ្យ​គេ​យក​កូន​ខ្ញុំ​ចេញ​មក​!!»

ខ្ញុំ​ស្រែក​ខ្លាំង​ៗ លាយ​ឡំ​ទឹក​ភ្នែក​រលីងរលោង​ តាម​មនុស្ស​ដែល​អន្ទះសារ និង​ភ័យ​ខ្លាច​ត្រូវ​បេះដូង​ខ្ញុំ​ត្រូវ​គេ​ឆក់​យក​​បាត់​។

«មាន​រឿង​អី​នីតា?»

គេ​ចេញមក​ទាំង​ទឹក​មុខ​មិន​សូវ​ស្រស់​ លាយ​នឹង​ដៃ​ដូច​ជា​មាន​បិទ​បង់​ដែរ។

«ឱ្យ​កូន​ខ្ញុំ​វិញ​ លោក​មាន​សិទ្ធិអី​មក​លួច​កូន​ខ្ញុំ​?»

«នីតា​ និយាយ​ពីអី​ បង​មិន​បាន​យក​បូរ៉ា​មក​ទេ គេ​បាត់?»

និយាយ​ដល់​ពាក្យ “បាត់” ទឹក​មុខ​ដែល​មើល​ទៅ​មិន​សូវ​ស្រស់​ ស្រាប់​​តែ​ទៅ​ជា​ស្លេកស្លាំង​ មក​ចាប់​ដើមដៃ​របស់​ខ្ញុំ​៖

«បូរ៉ា​ បាត់​ទៅ​ណា? ហេតុ​អី​ក៏​បាត់​? បាត់​យូរ​នៅ​ហ៎ា នីតា​ យូរ​នៅ​?»

នៅ​មាន​មុខ​មកសួរ​ខ្ញុំ​មិន​ដក​មាត់​ទៀត​?

«កុំ​មក​សម្ដែង​ កូន​ខ្ញុំ​នៅ​ឯណា?»

«បង​មិន​ដឹង​ទេ»

«រាល់​ថ្ងៃ​ទៅ​ផ្ទះ​ខ្ញុំ​ តែ​ថ្ងៃ​ដែល​លោក​មិន​ទៅ​ ​បូរ៉ា​បាត់​​ខ្លួន​ ចម្លែក​ទេ?»

«បង​ម្សិល​ត្រូវ​ទឹក​ភ្លៀង​ ទើប​ថ្ងៃ​នេះ...»

«ទើប​ថ្ងៃ​នេះ អ្នក​ប្រុស​ឈឺ​ ហើយ​ទើប​​ដោះ​សេរ៉ូម​មិញ​នេះ​ឯង»

អ្នក​បម្រើ​ជួយ​បន្ថែម​ឃ្លា​ចុង​ក្រោយ​ ព្រោះ​ឃើញ​អ្នក​ប្រុស​គេ​កំពុង​ត្រូវ​ខ្ញុំ​ចោទ​ប្រកាន់​។

​ខ្ញុំ​​ជឿ​គេ​​ទៀត​ហើយ​!

 

ទី​បំផុត​ខ្ញុំ​ក៏​ចេញ​មក​រក​បូរ៉ា​ជាមួយ​គេ។ នរាជ​បើ​ក​ឡាន​ទំនើប​របស់​គេ​ ចេញ​រក​បូរ៉ា​នៅ​ម្ដុំ​ៗ​ផ្ទះ​របស់​ខ្ញុំ​។ ព្រោះ​ពួក​ខ្ញុំ​ជឿ​ថា​ក្មេង​ប្រុស​ទើប​អាយុ​៨​ឆ្នាំ ​តើ​គេ​ទៅ​ណា​បាន​ឆ្ងាយ​ទៅ​ ហើយ​បើ​បាន​ឆ្ងាយ​មែន​ គេ​អាច​នឹង​មាន​អ្នក​ចាប់​យក​ទៅ​។ ខ្ញុំ​ភ័យ​ណាស់​ ខ្លាច​បូរ៉ា​មាន​គ្រោះ​ថ្នាក់​អ្វី​កើត​ឡើង​។ តាំង​ពី​ចេញ​មក​រក​កូន ​ខ្ញុំ​យំ​តិច​ៗ​តាម​ផ្លូវ​មិន​ឈប់។

សុខ​ៗ​ដៃ​ធំ​ៗ​ដែល៨​ឆ្នាំ​មុន​ ​ខ្ញុំ​ធ្លាប់​គិត​ថា​ជា​ដៃ​កក់​ក្ដៅ​បំផុត​បាន​មក​ប៉ះ​ដៃ​ខ្ញុំ​ម្ដង​ទៀត​​ វា​​នៅ​​តែ​ជា​​ដៃ​​ដែល​​កក់​​ក្ដៅ​​ដដែល​​ ក្ដាប់​ដៃ​ខ្ញុំ​យ៉ាង​ណែន​។ ខួរ​ក្បាល​ប្រាប់​ថា ​ឱ្យ​ខ្ញុំ​ដក​ដៃ​ចេញ​មក​ តែ​បេះដូង​ខ្ញុំ​ប្រាប់​ថា​ ​រងា ឯការ​ ភ័យ​ខ្លាច​ណាស់ ​ឱ្យ​គេ​ចាប់​មួយ​ភ្លែត​ក៏​មិន​អី​ដែរ​។ ទី​បំផុត​ខ្ញុំ​មិន​បាន​ដក​ដៃ​ខ្ញុំ​ចេញ​ទេ តែ​បែរ​ជា​ចាប់​ដៃ​គេ​តប​ ដើម្បី​ស្រង់​យក​ភាព​កក់ក្ដៅ​ទៅ​វិញ​។ មួយ​សន្ទុះក្រោយ ​ទើប​ខ្ញុំ​ដក​ដៃ​ចេញ​ពី​គេ​យ៉ាង​លឿន។​

 

ខ្ញុំ​និង​នរាជ​ចុះ​ពី​ឡាន​ ចេញ​មក​រក​ក្នុង​សួន​ច្បារ​ដែល​ខ្ញុំ​ឧស្សាហ៍​នាំ​គេ​មក​លេង​បាល់​នៅ​ទី​នេះ​។

«នីតា​!!»

សំឡេង​នរាជ​ស្រែក​ហៅ​ខ្ញុំ​នៅ​ម្ដុំ​​គុម្ពស្មៅ​សួន​ច្បារ​។ ខ្ញុំ​ទៅ​ដល់​ឃើញ​បូរ៉ា​កំពុង​អង្គុយ​យំ​ ឱប​បាល់​ នៅ​ក្នុង​រង្វង់​ដៃ​នរាជ​​។ ខ្ញុំ​ស្ទុះ​ទៅ​ឱប​កូន​ប្រុស​សំណព្វ យក​ដៃ​ជូត​ទឹក​ភ្នែក​រួច​សួរ​គេ​ថ្នម​ៗ៖

«ម៉េច​ក៏​មកម្នាក់​​ឯង​ចឹង​កូន​ ដឹង​ថា​ម៉ាក់​បារម្ភ​ទេ កុំ​ធ្វើ​ចឹង​ទៀត​ណា»

«ម៉ាក់​ កុំ​ដេញ​ប៉ា​ចេញ​ពី​ពួក​យើង​បាន​ទេ? កូន​​​ចង់​មាន​ប៉ា​និង​ម៉ាក់​​ដូច​មិត្ត​របស់​កូន​»

កែវ​ភ្នែក​អង្វរក លាយ​ឡំ​និង​មុខ​ប្រឡាក់​ដី​តិច​ៗ បូរ៉ា​ធ្វើ​ឱ្យ​ខ្ញុំ​ខ្លោច​ចិត្ត​យ៉ាង​ខ្លាំង​។

 

ទីបំផុត​ពួក​យើង​មក​នៅ​ក្នុង​ឡាន​​ទាំង​បី​នាក់​។

«បូរ៉ា​ឃ្លាន​ទេ ប៉ា​នាំ​ទៅ​ញ៉ាំ​អី​?»

ដៃ​នរាជ​អង្អែល​ក្បាល​បូរ៉ាតិច​ៗ ទាំង​កូន​នៅ​​ក្នុង​រង្វង់​ដៃ​របស់​ខ្ញុំ​ បើ​អ្នក​ណា​មិន​ដឹង​ គេ​មើល​មក​ប្រាកដ​ជា​ថា​ជា​គ្រួសារ​ដ៏​មាន​សុភមង្គល ​តែ... គេ​បាន​បន្សល់​ស្លាកស្នាម​មួយ​យ៉ាង​ធំ​ ក្នុង​បេះដូង​របស់​ខ្ញុំ​ ដែល​ធ្វើ​​ឱ្យខ្ញុំ​ដឹង​ថា​ជាតិ​នេះ​ មិន​អាច​ជា​សះស្បើយ​បាន​​ទេ​​។ បើ​ថ្ងៃ​នោះ​គេ​មិន​ទៅ​ចោល​ខ្ញុំ មិន​ក្បត់​សន្យា​ ពេល​នេះ​ប្រហែល​ ពួក​យើង​គឺ​ជា​គ្រួសារ​ដ៏​មាន​សុភមង្គល​​មួយ​នឹង​គេ​​ហើយ​។

 

និយាយ​ត្រង់​ខ្ញុំ​មិន​ចង់​នៅ​ជិត​គេ​ទេ ពេល​នៅ​ជិត​គេ​អារម្មណ៍​ម្យ៉ាង​ ​ច្របូកច្របល់​ អារម្មណ៍​ដែល​ធ្លោយ​រំភើប​ម្ដង​ៗ ដូច​កាល​ពី​ខ្ញុំ​ស្រឡាញ់​គេ​ដំបូង​ ។

នរាជបាន​​​​សុំ​​ខ្ញុំ​​មក​​លេង​​ផ្ទះ​​ ដោយ​​មាន​​ការ​​ជំរុញ​​អង្វរក​​ពី​​បូរ៉ា​​។ មក​ដល់​ផ្ទះ​ខ្ញុំ​ភ្លាម​ គេ​​​ស្រវា​ដណ្ដើម​ខ្ញុំ​ធ្វើ​គ្រប់​យ៉ាង ធ្វើ​នេះ​ធ្វើ​នោះ​ ដូច​នេះ​ជា​ផ្ទះ​​របស់​គេ​អ៊ីចឹង​។

ខ្ញុំ​រៀប​នឹង​នាំប៉ា​ទៅ​ងូត​ទឹក គេ​ស្រាប់​តែ​មក​​ស្រវា​រទេះ​ពី​ដៃ​ខ្ញុំ​៖

«មោះ​ ចាំ​បង​ជួយ​​»

ខ្ញុំ​​គ្រវាស​ដៃ​គេ​ចេញ​៖

«ចេញ​ទៅ!»

«អូន​ជា​ស្រី​កម្លាំង​ខ្សោយ​ ចាំ​បង​ជួយ​ទៅ​ ស្រួល​ជាង​»

«ខ្ញុំ​រស់​នៅ​ស្ថាន​ភាព​នេះ​៨ឆ្នាំ​ហើយ​»

ខ្ញុំ​និយាយ​សម្ដី​ស្មើ​ចង់​បញ្ជាក់ឱ្យ​គេ​ចេញ​ឱ្យ​ឆ្ងាយ​។

«ប៉ុន្តែ​គ្រប់​យ៉ាង​ អា​ច​ផ្លាស់​ប្ដូរ​បាន​តើ​ ទុក​ឱ្យ​​បង​ជា​អ្នក​ធ្វើ​​»

ថា​ហើយ​ គេ​ចចេស​ នាំ​ប៉ា​ខ្ញុំ​ទៅ​ងូត​ទឹក​ទាល់​តែ​បាន​​។

បន្ទប់​បូរ៉ា​...

នរាជ​​កំពុង​តែ​​​អាន​សៀវភៅ​រឿង​​ឱ្យ​​បូរ៉ា​ស្ដាប់​ ខ្ញុំ​ដែល​​ដើរ​ទៅ​លប​មើល​​ ក៏ត្រូវ​គេ​ចាប់​បាន​។

«ម៉ាក់!!»

បូរ៉ា​ឃើញ​ខ្ញុំ ក៏​ស្រែក​ហៅ​ និង​ដើរ​ទៅ​​​ទាញ​ដៃ​ខ្ញុំ​ឱ្យ​ឡើង​ទៅ​លើ​គ្រែ​ ដែល​មាន​​នរាជ​នៅ​លើ​នោះ​ស្រាប់​។ ខ្ញុំ​រឹង​ខ្លួន​ដូច​​គល់​​ឈើ​​ ឯ​នរាជ​វិញ​ គិត​តែ​​ពី​សម្លឹង​​មុខ​ខ្ញុំ​លាយ​​ឡំ​នឹង​ស្នាម​ញញឹម​តិច​ៗ​​។

បូរ៉ា​គេង​កណ្ដាល​រវាង​ខ្ញុំ​និង​នរាជ​ ហើយ​គេ​និយាយ​ដោយ​សប្បាយ​​ចិត្ត​​ សើច​បិទ​មាត់​មិន​ជិត​៖

«ថ្ងៃ​​នេះ​កូន​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ កូន​មាន​​ប៉ា​ មាន​ម៉ាក់​ដូច​គេ​ហើយ​»

បូរ៉ា​ងាក​ទៅ​​រក​ប៉ា​របស់​គេ​៖

«​ប៉ា​ស្អែក​ជូន​កូន​ទៅ​សាលា​ផង​ណា​»

«អូខេ​បាទ​ កូន​​សំណព្វ​»

«មុខ​ក្រញ៉ូវ​មេស​ ប្រពន្ធ​សម្លាញ់​»

ខ្ញុំ​សម្លក់​គេ​ អ្នក​ណា​ប្រពន្ធ​សម្លាញ់​?

«ម៉ាក់​ ប្រហែល​ជា​នឹក​ប៉ា​ដូច​កូន​អ៊ីចឹង​ ព្រោះ​ម៉ាក់​​អត់​បាន​ជួប​ប៉ា​​យូរ​ដូច​កូន​ដែរ»

បូរ៉ា​ និយាយ​​ដូច​ខ្លួន​ឯង​មនុស្ស​​ធំ​។ មិន​ត្រឹម​តែ​និយាយ​​ទេ គេ​ក្រោក​ចេញ​ពី​គ្រែ​ ហើយ​​រុញ​នរាជ​ឱ្យ​​មក​ជិត​ខ្ញុំ​​៖

«ប៉ា​ទៅ​គេង​កណ្ដាល​ទៅ​ ធ្វើ​ចឹង​ ខ្ញុំ​បាន​​ឱប​ប៉ា​ ម៉ាក់​ក៏​បាន​ឱប​ប៉ា​»

ខ្ញុំ​ចំហរមាត់​នឹង​សម្ដី​បូរ៉ា។

«កូន​បូរ៉ា​ឆ្លាត​ខ្លាំង​ណាស់​ មោះ​​ម៉ាក់​គេង​លើ​ដៃ​ប៉ា​មក​​»

គេ​នេះ​រឹត​តែ​យ៉ាប់​ទៀត​! នរាជ​ត្រដាង​ដៃ​​ ហើយ​​យក​​ដៃ​ម្ខាង​​ទៀត​​គោះ​ ព្រម​ទាំង​ហៅ​ខ្ញុំ​ទៅ​គេង​លើ​ដៃ​របស់​គេ​៖

«មក​​លឿន​​ម៉ាក់​​​»

បូរ៉ា​​ក្លាយ​​ជា​​កាតាលីករ​​តាំង​​ពី​​ពេល​​ណា​​?

......

​សូមរង់ចាំតាមដានភាគបញ្ចប់​!

 

My Instagram: www.instagram.com/rylyly22/