(រឿង) ដាមដៅស្នេហ៍​អតីត​ | ភាគ២

(រឿង) ដាមដៅស្នេហ៍​អតីត​ | ភាគ២

ប្រលោមលោក
RY-LY-avatar-thumbnail

RY LY

65

45

2021-03-18T12:00:01.000Z


(ភាគ២)

និពន្ធដោយ៖ Ry Ly

....................................................................................................

«នីតា​ បាន​ជាប់​សិស្ស​ពូកែ​ប្រចាំ​វិទ្យាល័យ​ទៀត​ហើយ​»

អ្នក​គ្រូ​ប្រចាំ​ថ្នាក់​ប្រកាស។

ខ្ញុំបាន​ត្រឹម​ញញឹម​ដាក់​អ្នក​គ្រូ​ មិន​ចម្លែក​ទេ ​ខ្ញុំ​ជាប់​រាល់​ឆ្នាំទៅ​​ហើយ​។ បន្ទាប់​ពី​ប្រកាស​​ អ្នកគ្រូ​ក៏​ចេញ​ទៅ​ព្រោះ​ដល់​ម៉ោង​សម្រាក។ រដ្ឋ​ ​ប្រធាន​ថ្នាក់ប្រុស​​ក៏​ដើរ​មក​សួរ​ខ្ញុំ​៖

«នីតា​ ចុង​ឆ្នាំ​នេះ​ពួក​យើង​នាំ​គ្នា​ទៅ​ដើរ​លេង​នៅ​កំពង់សោម​ នីតា​​ទៅ​ទេ ព្រោះ​ថា​ឆ្នាំ​ក្រោយ​ចូល​​រៀន​ថ្នាក់​ទី​១២​ហើយ​ អ៊ីចឹង​ចង់​ដើរ​លេង​ឱ្យ​បាន​ស្រឡះខួរ មុន​នឹង​ខំ​រៀន​​ត្រៀម​ប្រឡង​»

«មិន​ទៅ​ទេ ព្រោះ​ប៉ា​មិន​ចង់​ឱ្យ​ដើរ​លេង​ដាច់​យប់​ ហាសៗៗ»

និយាយ​រួច​ក៏​សើច​ដូច​មនុស្ស​ឆ្កួត​បែប​នេះ​ ប្រាកដ​ជា​មិន​មែន​ជា​សំឡេង​ខ្ញុំ​​ទេ​។ ថាវរី ស្រី​​ស្អាត​ប្រចាំ​ថ្នាក់ និង​គ្នីគ្នា​របស់​នាង​​ ជំនាញ​ពួក​គេ​​ គឺ​​តាម​រក​រឿង​​ខ្ញុំ​​។

«ថាវរី!»

រដ្ឋ​​ ​ងាកទៅ​​ថាវរី​ ខ្សែ​ភ្នែក​ឱ្យនាង​ឈប់​ឌឺ​ឱ្យ​ខ្ញុំ។​

«​ខ្ញុំ​ទៅ ​ដើរ​លេង​ចុង​ឆ្នាំ​មិន​ទៅ​ម៉េច​នឹង​កើត​ទៅ​»

និយាយ​​ហើយ​ ខ្ញុំ​ក្រោក​ ​ស្ពាយ​កាតាប​ចេញ​ទៅ​ មិន​ចង់​ត​តាំង​ជាមួយ​​ពួក​​អស់​ទាំង​នោះ​ទេ។ ដើរ​មក​ដល់​មុខ​ទ្វារ​ចេញ​ពី​ថ្នាក់​ ក៏​ឮ​​សំឡេង​របស់​ថាវរី​ ដែល​មាន​ចេតនានិយាយ​ឱ្យ​ខ្ញុំ​ឮ។

«ម៉ាក់​ខ្ញុំ​ធ្លាប់​ប្រាប់​ថា​ មនុស្ស​មិះៗ​កេះ​ឆ្នាំង​បាយ​ធ្លុះ​ ខ្លាច​តែថ្ងៃ​ក្រោយ​​មាន​កូន​អត់​ប្ដីទេ ហាសៗៗ»

និយាយ​ហើយ​ពួក​គេ​ក៏​សើច​ជាមួយ​គ្នា។​

         

បើក​បវសនកាល​ ថ្ងៃ​នេះ​ជា​ថ្ងៃ​ដំបូង​ចូល​កង​វិញ​ ហើយ​សិស្ស​ម្នាក់​ៗ​ក៏​ប្រឹង​រៀន​ណាស់​ ព្រោះ​ថា​ជា​ឆ្នាំ​ដែល​ត្រូវ​ប្រឡង​បាក់ឌុប​។

«​ជម្រាប​សួរ​អ្នក​គ្រូ​»  

ពេល​​អ្នក​គ្រូ​មក​ សិស្ស​ទាំង​អស់​ ក៏​​ងើប​ឈរ​គោរព​អ្នក​គ្រូ​។

«អង្គុយ​ចុះ​ ថ្ងៃ​​នេះ​យើង​មាន​មិត្ត​ភក្តិ​ថ្មី​ ឈ្មោះ​​នរាជ​»

នរាជ​​បាន​សួ​ស្តី​អ្នក​គ្រប់​គ្នា​ រួច​អ្នក​គ្រូ​ក៏​ឱ្យ​​គេ​មក​អង្គុយ​ជិត​ខ្ញុំ​ ព្រោះ​ខ្ញុំ​​អង្គុយ​តែ​ម្នាក់​ឯង​។

 

ចូល​រៀន​បាន​មួយ​សប្ដាហ៍​ អ្នក​នៅ​ក្នុង​ថ្នាក់​ចូល​ចិត្ត​នរាជ​​គ្រប់​គ្នា ជា​ពិសេស​ថាវរី​នេះ​តែ​ម្ដង​ កាយ​វិការ​របស់​នាង​ បង្ហាញ​​មក​ទាំង​ដុល​។ ក្រៅ​ពី​សិស្ស​ៗ ​អ្នក​គ្រូ​លោក​គ្រូ​ ក៏​ចូល​ចិត្ត​គេ​ដែរ​។

ខ្ញុំ​ទទួល​ស្គាល់​ថា​ នរាជ​​ជាមនុស្ស​ល្អ ​គេ​តែងតែ​ជួយ​យក​អាសារ​មិត្ត​រួម​ថ្នាក់​ គេ​ជា​មនុស្ស​ប្រុស​ម្នាក់​ចូល​ចិត្ត​ញញឹម​ កំប្លែង តែ​​បើ​ពេល​ណា​ម៉ឹងម៉ាត់​វិញ​ ក៏​គួរ​ឱ្យ​ខ្លាច​ដែរ​​ ផ្ទុយ​ពី​ខ្ញុំ​ដែល​ជា​ស្រី​មិន​ចូល​ចិត្ត​និយាយ​ស្ដី​ ទឹក​មុខ​ស្មើ​២៤ម៉ោង កម្រ​នឹង​​លេច​ស្នាម​ញញឹម​ឱ្យ​អ្នក​ដទៃ​​ឃើញ​​​។

«នីតា! មិន​ចេះ​សើច​ទេ?»

នរាជ​​និយាយ​បែប​លេង​សើច​ តែ​ខ្ញុំ​ដឹង​ថា​គេ​បន្លំ​មែន​។

«មាន​រឿង​អី​គួរ​ឱ្យ​សើច​?»

«ដឹង​ទេ ថា​មនុស្ស​ស្រី​គួរ​ឱ្យ​ស្រឡាញ់​ នៅ​ពេល​ដែល​សើច​ ឬ​ញញឹម​​ហ្នឹង​ហើយ​»

«ខ្ញុំ​មិន​ត្រូវ​ការ​អ្នក​ណា​មក​ស្រឡាញ់​ផង​»

«មនុស្ស​ស្រី​ ទោះ​រៀន​ពូកែ​ តែ​បើ​មិន​ចេះ​សើច​ ក៏​រក​ប្ដី​មិន​បាន​ដែរ ដឹង​ទេ?»

ខ្ញុំ​មើល​មុខ​គេ​ ដោយ​រក​រឿង​ ហើយ​​ទំនេរ​ខ្លាំង​ មក​និយាយ​រឿង​អស់​ទាំង​នេះ​?

«​ខ្ញុំ​ថា​​នរាជ​​យក​ពេល​នេះ​ ទៅ​មើល​មេរៀន​ ប្រសើ​រ​ជា​ង មក​ខ្វល់​ខ្លាច​ខ្ញុំ​អត់​ប្ដី ដឹង​ទេ បើ​មនុស្ស​ប្រុស​ ប្រឡង​ធ្លាក់​ ក៏​គ្មាន​អ្នក​​យក​​ធ្វើ​​ប្ដី​​ដែរ»

ខ្ញុំ​ស៊ក​ឱ្យ​គេ​ រួច​ក៏​អង្គុយ​អាន​សៀវភៅ​បន្ត។

..................

ប្រហែលម៉ោង​៧​យប់ ​ខ្ញុំ​ទើប​តែ​ចេញ​មក​ពី​រៀន​អង់គ្លេស ជិះ​បាន​ពាក់​កណ្ដាល​ផ្លូវ​ម៉ូតូ​ក៏​បែក​កង់​។ ពេល​នេះ​យប់​ងងឹត​ហើយ​ ម្យ៉ាង​ម្ដុំ​នោះ​ក៏​គ្មាន​កន្លែង​ប៉ះ​ទៀត​ ខ្ញុំ​​បណ្ដើរ​ត្រឹក​ៗ​ទាំង​យប់​ស្ងាត់​ឈឹង​។ ធ្លាប់​ឮ​ពត៌មាន​ពី​ករណី​រំលោភ​សម្លាប់​កន្លងមក ដល់​ពេល​មក​ដើរ​​បណ្ដើរ​ម៉ូតូ​ម្នាក់​ឯង​អ៊ីចឹងទៅ​ អារម្មណ៍​ដូច​​មិន​នៅ​ក្នុង​ខ្លួន​ប៉ុន្មាន​ដែរ។

«នីតា​ ម៉ូតូ​កើត​អី​?»

មិន​ដឹង​ថា​ នរាជ​​ចេញ​មក​ពី​ប្រឡោះ​ណា​ទេ ទម្រាំ​ដឹង ​គេ​មក​ឈរ​​ពី​មុខ​ខ្ញុំ​ទៅហើយ​។

«បែក​កង់​»

«អូ ​យប់​ហើយ​ ម៉េច​ក៏​បណ្ដើរ​ទាំង​អ៊ីចឹង​? គ្រោះ​ថ្នាក់​ណាស់​ ម៉េច​មិន​ខល​ហៅ​អ្នក​ផ្ទះ​មក​?»

«ទូរសព្ទអស់​ថ្ម​​»

«មោះ​ អ៊ីចឹង​ផ្ទះ​នៅ​ឆ្ងាយ​ទេ ខ្ញុំ​ជួយ​បណ្ដើរ​ដើរ​ជាមួយ​គ្នា​»

«​បន្តិច​ទៀត​ដល់​ហើយ​»

ខ្ញុំ​និយាយ​មិន​ទាន់​ចប់​ស្រួល​បួល​ផង​ គេ​ក៏​គៀស​ខ្ញុំ​ចេញ​រួច​បណ្ដើរ​ម៉ូតូ​ទៅ​មុខ​។

«ម៉េច​ក៏​រាជ​នៅ​ទី​នេះ?»

«ខ្ញុំ​ជិះ​កាត់​ទីនេះ​ ​ឃើញ​នី​តា​បណ្ដើរ​ម៉ូតូ ក៏​ចុះ​មក​សួរ​មក​»

«ចុះ​ឯណាម៉ូតូ​រាជឯង?»

«ខ្ញុំ​ជិះ​ជាមួយ​មិត្ត​ភក្តិ​​ ឥឡូវ​ខ្ញុំ​ឱ្យ​គេ​ទៅ​មុន​ហើយ​»

ជួយ​បណ្ដើរ​ម៉ូតូ​ខ្ញុំ​មក​ដល់​ផ្ទះ ​គេ​ក៏​ហៅ​ម៉ូតូ​ឌុប​ត្រឡប់​ទៅ​ផ្ទះ​គេ​​វិញ​។

..................

បន្ទាប់​ពី​ថ្ងៃ​នោះ​មក​ ខ្ញុំ​និង​នរាជ​​ស្និទ្ធិស្នាល​នឹង​គ្នា​ជាង​មុន​។ ពួក​យើង​តែងតែ​ទៅ​មើល​សៀវភៅ​នៅ​បណ្ណាល័យ​ជាមួយ​គ្នា​។ ខ្ញុំ​មិន​ធា្លប់​ស្និទ្ធិស្នាល​នឹង​មនុស្ស​ប្រុស​ទេ តែ​នរាជ​ជា​មនុស្ស​ប្រុស​ទី​មួយ​ ដោយ​សារ​តែ​គេ​ជា​មនុស្ស​ដែល​មិន​​​យក​ចំណេ​ញ​លើ​មនុស្ស​ស្រី ជាពិសេស​គេ​អាច​ធ្វើ​ឱ្យ​ខ្ញុំ​សើច​ ព្រោះ​ភាព​កំប្លែង​របស់​គេ​​​​។ ម្យ៉ាង​​គេ​​តែង​តែ​ការពារ​ខ្ញុំ​ពី​ថាវ​រី​ ក៏​ដូច​ជា​អ្នក​ណា​ដែល​ចូល​មក​ធ្វើ​បាប​ខ្ញុំ​។

 

អ្នក​គ្រប់​គ្នា​ចេញ​ពី​រៀន​អស់​ហើយ​ នៅ​តែ​ខ្ញុំ​និង​នរាជ​​ទេ ខ្ញុំ​ចង់​នៅ​បង្ហើយ​កិច្ច​ការ​បន្តិច​ តែ​មិនដឹង​ថា​នរាជ​​គេ​នៅ​ធ្វើ​អី​ដែរ?

«រាជ​ ម៉េច​មិន​ទៅ​ផ្ទះ​?»

«ចាំ​នីតា​ ទៅ​ផ្ទះ​ជាមួយ​គ្នា​»

គេ​ញញឹម​រំភើយ​ដាក់ខ្ញុំ​។

«​ផ្ទះមាន​ជាប់​គ្នា​ឯណា»

ខ្ញុំ​រអ៊ូតិចៗ​ តែ​គេ​មិន​តប​។ ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អី​ទេ មាត់​និយាយ​ដេញ​គេ​ តែ​ចិត្ត​​ចង់​ឱ្យ​គេ​នៅ​កំដរ​ដូច​គ្នា​​។

​ឆ្ងល់​ខ្លួន​ឯង មួយ​រយៈ​ក្រោយនេះ​ ឱ្យ​តែ​ពេល​ខ្ញុំ​នៅ​ជិត​គេ​ បេះដូង​ខ្ញុំ​លោត​ខុស​ធម្មតា មាន​អារម្មណ៍​មួយ​យ៉ាង​ចម្លែក​។

«នីតា​ ខ្ញុំ​មាន​រឿង​មួយ​ចង់​ប្រាប់​»

ខ្ញុំ​កំពុង​តែ​រៀប​សៀវភៅ​ចូល​ក្នុង​កាតាប ក៏​ងាក​ទៅ​មើល​មុខ​គេ​ទាំង​ឆ្ងល់​។

«រឿង​អី​?»

«ខ្ញុំ​... ស្រឡាញ់​មនុស្សស្រីម្នាក់​»

«ថាវរី​មែន​ទេ?»​

«មិន​មែន​ទេ!!»

គេ​ប្រញាប់​ប្រកែក​ភ្លាម​។

«នាង​ជា​មនុស្ស​ស្រី​ម្នាក់​ដែល​មិនសូវ​ញញឹម​ តែ​ពេល​ញញឹម​ម្ដង​ៗ​ ​ស្អាត​ណាស់​​»

កែវ​ភ្នែក​ស្រទន់​ សម្លឹង​មក​ខ្ញុំ​ព្រម​ និង​ស្នាម​ញញឹម​មន្តស្នេហ៍​របស់​គេ​។ ខ្ញុំ​មិន​និយាយ​អ្វី​ទេ ចាំ​ស្ដាប់​ឱ្យ​ច្បាស់​ជាង​នេះ​សិន​​។

«​ចង់​ដឹង​ទេ ថា​នាង​ឈ្មោះ​អី​?»

«មិន​ទាក់ទង​នឹង​ខ្ញុំ​ទេ ស្រឡាញ់​អ្នក​ណា​ទៅ​ប្រាប់​អ្នក​ហ្នឹង​​ទៅ​»

ខ្ញុំ​​ងាក​មុខ​ចេញ​ រៀប​​សៀវ​ភៅ​​ដាក់​​កាតាប​​​បន្ត តែ​ម៉េច​ក៏​បេះដូង​ខ្ញុំ​លោត​ញ៉ាប់​យ៉ាង​នេះ​ លោត​សឹង​តែ​អ្នក​ជិត​ខ្លួន​បាន​ឮ​វា​ហើយ​​។

«នាង​ឈ្មោះ​នីតា​ សិស្ស​ស្រី​ដែល​ស្អាត​និង​ពូកែ​ជាង​គេ​»

ខ្ញុំ​នៅ​តែ​ស្រឡាំងកាំង​ មិន​ទាន់​អាច​និយាយ​អ្វី​បាន​។

«នីតា​ ខ្ញុំ​ស្រឡាញ់​នាង​»

សម្រាប់​មនុស្ស​ស្រី​ដូច​ខ្ញុំ​ ការ​ដែល​មាន​ស្នេហា​ ដូច​​ជា​លឿន​ពេក​​ ត្រៀម​ខ្លួន​មិន​ទាន់​ទេ ព្រោះ​ខ្ញុំ​មិន​ដែល​​ធ្លាប់​គិត​​ថា​​នឹង​​​ជួប​រឿង​​​នេះ​ នៅ​​អាយុ​ប៉ុណ្ណឹង​ ប៉ុន្តែ​​កូន​ចិត្ត​​មួយ​ទៀត​ មិន​ចង់​​បដិសេធ​​គេ​ទេ ចង់​​សាកល្បង​​ ថា​​ពេល​មាន​ស្នេហា​ តើ​​វា​មាន​​រឿង​ល្អ​ ឬ​រឿង​​អាក្រក់​អ្វី​ខ្លះ​។ ខ្ញុំ​សម្រេច​ចិត្ត​​ថា​ នឹង​គិត​មើល​សិន​ គេ​ក៏​យល់​ព្រម​​។ ខ្ញុំ​ប្រើ​​រយៈពេល​មួយ​ខែ​ ដើម្បី​​សម្រេច​​រឿង​នេះ​។ ទី​បំផុត​ ខ្ញុំ​ព្រម​​ទទួល​​យក​​ស្នេហា​គេ​​ ព្រោះ​​ខ្ញុំ​សប្បាយ​ចិត្ត​​ពេល​មាន​គេ​​នៅ​ក្បែរ កក់ក្ដៅ​ ពេល​មាន​គេ​កំដរ​ខ្ញុំ​​ទៅ​​បណ្ណាល័យ​ មាន​​អារម្មណ៍​​ថា​មាន​សុវត្ថិភាព​ ពេល​​មាន​គេ​ជូន​ទៅ​ផ្ទះ​​។

ចាប់​ពី​នោះ​មក​ ខ្ញុំ​និង​នរាជ​​បាន​លួច​ទាក់ទង​គ្នា​ ដោយ​មិន​បាន​ឱ្យ​គ្រួសារ​ខ្ញុំ​ដឹង​ឡើយ​ ព្រោះ​ពួក​គាត់​នឹង​មិន​សប្បាយ​ចិត្ត​ បើ​ដឹង​ថាខ្ញុំ​មាន​ស្នេហា នៅ​ពេល​កំពុង​សិក្សា​។ នេះ​គ្រាន់​តែ​ជា​គំនិត​មួយ​​របស់​ចាស់​ៗ ដែល​គាត់​​តែង​តែ​គិត​ថា​ បើ​មាន​សង្សារ​នឹង​ធ្វើ​ឱ្យ​​ក្មេង​បែក​គំនិត​​ មិន​ចូល​រៀន​ បោះបង់ការសិក្សា ហើយ​ទៅ​​ធ្វើ​រឿង​អី​ដែល​​មិន​ល្អ​។ ថ្វីត្បិត​តែ មើល​ទៅ​ដូច​ផ្ដាច់​ការ​ តែ​​មក​គាត់​ខ្លាច​កូន​ៗ​ជា​ទី​ស្រឡាញ់​​របស់​​ពួក​គាត់​ដើរ​​ផ្លូវ​ខុស​ ពិបាក​​វេទនា​ខ្លួន​នៅ​​ថ្ងៃ​អនាគត​។

 

ដោយ​សារ​ស្នេហា​វ័យ​ក្មេង​ ចង់​ដឹង​ ចង់​ឮ​ ចង់​សាក​ ​របស់​ពួក​យើង​ ថ្ងៃ​មួយ​ពេល​ដែល​មាន​ទស្សនកិច្ច​បោះ​ជុំរំ​ ក្រោយ​ពេល​ប្រឡង​ជាប់​ថ្នាក់​ទី​១២ ហើយ​ពួក​យើង​ពីរ​បាន​វង្វេង​ក្នុង​ព្រៃ​តែ​ពីរ​នាក់​ ទើប​ធ្វើ​ឱ្យ​ពួក​យើង​ប្រព្រឹត្តិ​រឿង​ដែល​ក្នុង​វ័យ​ពួក​យើង​មិន​គួរ​ធ្វើ​ គឺ​ពួក​យើង​បាន​នៅ​ជាមួយ​គ្នា​ទាំង​មិនទាន់​រៀបការ​។

ពីរ​ខែ​ក្រោយ​មក​ ខ្ញុំ​បាន​ដឹង​ថា​ខ្ញុំ​មាន​ផ្ទៃ​ពោះ​ ពេល​នោះ​ខ្ញុំ​ភ័យ​ខ្លាំងណាស់​ បើ​ប៉ា​ម៉ាក់​ដឹង​ តើ​គាត់​គិត​យ៉ាង​ម៉េច​ទៅ​? ខ្ញុំ​ក៏​បាន​សម្រេច​ចិត្ត​ទៅ​ជួប​នឹង​នរាជ​​ដើម្បី​ដោះ​ស្រាយ​រឿង​នេះ​។

«​អូន​មាន​រឿង​ចង់​ប្រាប់​បង...»

«បង​មាន​រឿង​ចង់​ប្រាប់​អូន​»

ពួកយើង​និយាយ​ពាក្យ​នេះ​ចេញ​មក​ដំណាល​គ្នា​ ។

«អូន​និយាយ​មុន​ទៅ​»

ខ្ញុំ​បង្អង់​បន្តិច​ ក៏​និយាយ​ចេញ​មក​ ទាំង​​មិន​ចង់​អស់​ពាក្យ​ ចេញ​​ពី​បំពង់ក​៖

«អូន... មាន​ផ្ទៃ​ពោះ​»

កែវ​កាហ្វេដែលរៀប​នឹង​ក្រេប ​ស្រាប់​តែ​ឈប់​ងក់​នៅ​មាត់​នរាជ​​។

«ពួក​យើង​ធ្វើ​យ៉ាង​ម៉េចទៅ?»

ខ្ញុំ​សួរ​បន្ទាន់​ សេចក្ដី​ភ័យ​ខ្លាច​របស់​ក្មេង​ស្រី​វ័យ​​១៧​ឆ្នាំ​ដូច​ខ្ញុំ​ បាន​បង្ហាញ​យ៉ាង​ច្បាស់​ក្រឡែត​លើ​ផ្ទៃ​មុខ​។     

«ម៉េចក៏​អាច...?»

ខ្ញុំ​មើល​ដឹង​ ថា​នរាជ​​ភ័យ​ដូច​គ្នា​ ពួក​យើង​អាយុ​ដំណាល​គ្នា នៅ​ក្មេង​ដូច​គ្នា​ បើ​រឿង​​នេះ​កើត​ឡើង​​ ក៏​​ប្រហែល​ជា​បន្ទុក​ដ៏​ធ្ងន់​សម្រាប់​​គេ​ដែរ​។

«អូន​មិន​ដឹង​ថា​ត្រូវ​ធ្វើ​យ៉ាង​ម៉េច​ទេ បង បើ​​ប៉ាម៉ាក់​ដឹង​ គាត់​ប្រាកដ​ជា​ខក​បំណង​នឹង​អូន​ខ្លាំង​ហើយ​»

«រឿង​ដែល​បង​ចង់​ប្រាប់​អូន...​ គឺ​ប៉ាម៉ាក់​ឱ្យ​បង​ទៅ​រៀនបន្ត​នៅ​​ សិង្ហបុរី​ ហើយ​ពេល​នេះ​ម៉េច​​បាន​​មាន​រឿង​អ៊ីចឹង​កើត​ឡើង​?»

«បង​ទៅ​រៀន​?»

គេ​ងក់​ក្បាល​តិច​ៗ​ទាំង​ទឹក​មុខ​ស្ងួត​។

បន្ទាប់​ពី​នោះ​មកយើង​បាន​បែក​គ្នា​ត្រឡប់​មក​ផ្ទះ​រៀង​ខ្លួន​​ គេ​ប្រាប់​ថាទុក​ពេល​​​ឱ្យ​គេ​គិត​សិន​ ថា​ដោះស្រាយ​យ៉ាង​ម៉េច​។ ក្រោយ​ពី​បែក​គ្នា​បាន​​២៤ម៉ោង​ គេ​ក៏​ផ្ញើសា​មក​ប្រាប់​ខ្ញុំ​ថា​ គេ​សម្រេច​ចិត្ត​ហើយ​ គេ​នឹង​ទទួល​ខុស​ត្រូវ​រឿង​នេះ​ គេ​សន្យា​ថា​មិន​បោះបង់​ខ្ញុំ​ទេ ហើយនឹង​ប្រាប់​ប៉ាម៉ាក់​គេ​ ព្រម​ទាំង​​​ប៉ាម៉ាក់​ខ្ញុំ​នូវ​រឿង​រ៉ាវ​ដែល​យើង​បាន​ធ្វើ​ខុស​ និង​​សុំ​ទោស​ពួក​គាត់​ រួច​ហើយ​ពួក​យើង​នឹង​រៀបការ​។ ទោះ​ពួក​យើង​នៅ​ក្មេង​ៗ​ តែ​ដើម្បី​កិត្តិយស​​ខ្ញុំ​ គេ​នឹង​រៀបការ​ រួច​រៀន​បន្ត​នៅ​ក្នុង​ស្រុក​​ជាមួយ​គ្នា​។ ខ្ញុំ​សប្បាយ​ចិត្ត​នឹង​ការ​សម្រេច​របស់​គេ​ណាស់​ នេះ​​បញ្ជាក់​ថា​ គេ​ស្រឡាញ់​ខ្ញុំ។

​ចាំ​បាត់​ៗ​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ ខល​ក៏​មិន​លើក​ ផ្ញើ​សា​រ​ក៏​មិន​តប រហូត​ដល់​បី​ថ្ងៃ​ក្រោយ​​មក ទើប​គេ​ផ្ញើ​សារ​ណាត់​ខ្ញុំ​ទៅ​ជួប​។ ពេល​ទៅ​ដល់​ខ្ញុំ​មិន​បាន​ឃើញ​គេ​ទេ តែ​ខ្ញុំ​ឃើញ​ស្ត្រី​ចំណាស់​ម្នាក់​កំពុង​តែ​អង្គុយ​រង់​ចាំ​ គាត់​ប្រាប់​ថា​ជា​ម្ដា​យ​របស់​នរាជ​។

«កូន​ប្រុស​ខ្ញុំ​ ប្រាប់​ខ្ញុំ​ពី​រឿង​​នាង​​អស់​ហើយ​ ខ្ញុំ​មក​ថ្ងៃ​នេះ​ គឺ​គ្រាន់​តែ​ចង់​មក​​ដោះស្រាយ​បញ្ហា​នេះ​ ឱ្យ​​បាន​​ល្អ​ទាំង​សង​ខាង​»

និយាយ​ហើយ​ គាត់​ក៏​បោះ​ស្រោម​សំបុត្រ​ប៉ោង​មួយ​មក​​លើ​តុ​​​នៅ​មុខ​ខ្ញុំ​។

«នេះ​លុយ​មួយ​ចំនួន​ យក​ទៅ​ដោះស្រាយ​បញ្ហា​នាង​ពេល​នេះ​ទៅ​»

គាត់​ដៀង​ភ្នែក​មក​ពោះ​របស់​​ខ្ញុំ​ រួច​បន្ត​៖

«កូន​នេះ​ខ្ញុំ​ណែនាំ​ឱ្យ​នាង​មិន​បាច់​ទុក​ទេ កូន​ខ្ញុំ​នៅ​ក្មេង​ ខ្ញុំ​ចង់​ឱ្យ​គេ​មាន​អនាគត​វែង​ឆ្ងាយ នាង​ក៏​ដូច​គ្នា​ អាយុ​ប៉ុណ្ណឹង​ មិន​សម​ធ្វើ​ជា​ម្ដាយ​គេ​ទេ ម្យ៉ាង​ទៀត​ ខ្ញុំ​មិន​ចូល​ចិត្ត​មនុស្ស​ស្រី​ងាយ​»

គាត់​​សង្កត់​ពាក្យ​ “ងាយ​” រួច​​ក៏​និយាយ​​បន្ត​ ទាំង​ទឹក​មុខ​មិន​ទទួល​ភ្ញៀវ៖

«ត្រឹម​ជា​សង្សារ ​ក៏​ឱ្យ​គេ​ដោយ​ងាយ ​រហូត​ដល់​មាន​កូន​ មនុស្ស​​ស្រី​​ប្រភេទ​​នេះ ​មិន​ស្ថិត​ក្នុង​បញ្ជី​ឈ្មោះ​​ដែល​អាច​ជ្រើសរើស​ មក​​ធ្វើ​​​កូន​ប្រសារ​ស្រី​ខ្ញុំ​ទេ»

ថា​ហើយ​គាត់​ក៏​ទាញ​កាបូប​​របស់​គាត់​ចេញ​ទៅ​ ដោយ​មិន​ងាក​មក​មើល​ក្មេង​ស្រី​ម្នាក់​ដែល​មក​អង្គុយ​ឱ្យ​គាត់​មើល​ងាយ​ ទឹក​ភ្នែក​ស្រក់​មក​ម៉ាត់ៗ។ ពាក្យ​សម្ដី​គាត់​ឈឺ​មែន​ តែ​ក៏​មិន​ឈឺ​​ដល់​​ថ្នាក់​​ខ្ញុំ​នឹក​ឃើញ​សម្ដី​របស់​ប្រុស​ម្នាក់​ ដែល​និយាយ​ថា​នឹង​តស៊ូ​ដើម្បី​ខ្ញុំ​ តែ​បែរ​ជា​បាត់​គេ​ឈឹង​ដោយ​គ្មាន​ដំណឹង​ មិន​ហ៊ាន​ទាំង​​ជួបខ្ញុំ​និយាយ​​ តែ​សុខ​ចិត្ត​​​បញ្ជូន​ម្ដាយ​​ឱ្យ​​មក​​កាប់​ចិញ្ច្រាំ​​បេះដូង​ខ្ញុំ​....

ខ្ញុំ​ក្រឡេក​មើល​ប៉ូរ៉ា​ម្ដង​ទៀត ឃើញ​ថា​គេ​យំឡើង​គេង​លក់​ ទឹក​ភ្នែក​នៅ​ដក់​ជាប់​ភ្នែក​ក្មេង​​ប្រុស​ដ៏​ល្អ​ម្នាក់​របស់​​ខ្ញុំ​ ឃើញ​យ៉ាង​​ច្បាស់​។ ប៉ូរ៉ា​... បើ​អាច​​ម៉ាក់​​នឹង​ធ្វើ​គ្រប់​យ៉ាង​ដើម្បី​កូន​ប្រសើរ​ជាង​នេះ​​។

------------------

នរាជ

ក្នុង​ជីវិត​នេះ​ វិប្បដិសារីធំ​បំផុត​របស់​ខ្ញុំ​​ គឺ​ខ្ញុំ​បាន​ទៅ​ចោល​មនុស្ស​ស្រី​ម្នាក់​ ដែល​ខ្ញុំ​ធ្លាប់​សារភាព​ថា​ខ្ញុំ​ស្រឡាញ់​គេ តស៊ូ​មើល​ថែគេ​ តែ​ខ្ញុំ​បែរ​ជា​ទៅ​ចោល​គេ​ទាំង​គេ​មាន​ផ្ទៃ​ពោះ​កូន​របស់​ខ្ញុំ​។ គេ​មាន​ផ្ទៃ​ពោះ​ទាំង​វ័យ​ក្មេង​ ហើយ​ខ្ញុំ​ក៏​បាន​ទៅ​ចោល​គេ​ទៀត មិន​ដឹង​ថា​ជីវិត​ក្មេង​ស្រី​ម្នាក់​នេះ​នឹង​ទៅ​ជា​យ៉ាង​ណា​។ ថ្ងៃ​ដែល​ខ្ញុំ​ទៅ​ប្រាប់​ប៉ាម៉ាក់​ពី​រឿង​នីតា​ ពេល​នោះ​ម៉ាក់​ខឹង​ណាស់​ ហើយ​បាន​បង្ខំ​ខ្ញុំ​ទៅ​សិង្ហបុរី​ភ្លាម​ៗ ទោះ​ខ្ញុំ​ប្រកែក​យ៉ាង​ណា​ក៏​ដោយ។​ ខ្ញុំ​ទៅ​រៀន​នៅ​ទី​នោះ​អស់​រយៈ​ពេល​៨​ឆ្នាំ​។ ត្រឡប់​មក​ដល់​ភ្លាម​ ខ្ញុំ​ខំ​ស្វែង​រក​នីតា​រហូត​មិន​លោះ​មួយ​ថ្ងៃ​។ ខ្ញុំ​ចង់​ដឹង​ថា​ពេល​នេះ​ នាង​យ៉ាង​ម៉េច​ទៅ​ហើយ​ រស់​នៅ​សុខស្រួល​ឬអត់​ទេ កូន​ខ្ញុំ​និង​នាង​ នាង​​ទុក​ឬ​ក៏​យ៉ាង​ណា​?

កម្មពៀរ​មាន​ពិត​​មែន​!!!

ខ្ញុំ​មាន​ពីរនាក់​បង​ប្អូន​ តែ​​មួយ​​ឆ្នាំ​​មុន​​ប្អូន​​ស្រី​​ខ្ញុំ​​បាន​​ស្លាប់​ ហើយ​​​តាំង​ពី​​នោះ​​ម៉ាក់​គាត់​ខូច​ចិត្ត​ខ្លាំង​ ទើ​ប​​ប៉ា​នាំ​ម៉ាក់​​នៅ​ផ្ទះ​​ឯខេត្ត​ ដើម្បី​កុំ​ឱ្យ​ម៉ាក់​គាត់​ពិបាក​ចិត្ត​ខ្លាំង​ពេក​។ ដូច្នេះ​​ហើយ​ពេល​នេះ​ ផ្ទះ​ធំ​ដែល​ខ្ញុំ​កំពុង​តែ​រស់​នៅ​ គឺ​ខ្ញុំ​នៅ​តែ​ពីរនាក់ប៉ុណ្ណោះ​ គឺ​ខ្ញុំ ​និង​​វិប្បដិសារី​របស់​ខ្ញុំ​។

ខ្ញុំ​មក​ដល់​​ប្រទេស​​ខ្មែរ​វិញ​ប្រហែល​ជា​កន្លះ​ឆ្នាំ​ហើយ​ ការងារ​របស់​ខ្ញុំ​ក្រៅ​ពី​ស្វែង​រក​នី​តា​ ខ្ញុំមាន​​តួនាទី​​​ជា​នាយក​​ប្រតិបត្តិ​​នៅ​ក្នុង​ក្រុមហ៊ុន​​នាំ​ចូល​​គ្រឿងសំណង់​ និង​​បរិក្ខា​ផ្ទះ ​​​​របស់​ប៉ា ដែល​ពេល​នេះ​ពង្រីក​ខ្លួន​កាន់​តែ​ធំៗ​ទៅ​​ រហូត​​ក្លាយ​ទៅ​ជា​​​ក្រុមហ៊ុន​​​ធំគួរ​​សម​​​​ក្នុង​​​ប្រទេស​។

 

«ពូ​ ខ្ញុំ​សុំ​លុយ​មួយ​រយ​មក​»

ក្មេង​ប្រុស​អាយុ​ប្រហែល​ជា​៨ឆ្នាំ​ ដើរ​មក​គោះ​ទ្វារ​ឡានដែល​កំពុង​ឈប់​នៅ​ការ៉ាស់សាំង​​ ធ្វើ​ឱ្យ​ខ្ញុំ​ភ្ញាក់​ពីការ​គិត​មិញ​នេះ​។

ខ្ញុំ​បើក​កញ្ចក់​ឡាន​ ហើយ​ហុច​នំ​សាំងវិច និង​ទឹក​ដោះគោ​​ដែល​ខ្ញុំ​ថា​ទិញ​ទុក​ញ៉ាំ​មុននឹង​ទៅ​ធ្វើ​ការ​ ឱ្យ​ទៅ​គេ​។

«​យក​ទៅ​ញ៉ាំ​ទៅ​ ពូ​មិន​ឱ្យ​លុយ​ក្មួយ​ទេ ព្រោះ​ដឹង​ថា​ឯងមិន​បាន​ចាយ​លុយ​នោះ​»

ខ្ញុំ​ដឹង​ថា​ក្មេងៗ​ជា​ច្រើន​​ បាន​ត្រូវ​ឪពុក​ម្ដាយមួយ​ចំនួន​​បង្ខំ​ឱ្យ​មក​ដើរ​សុំ​ទាន​គេ មិន​​បញ្ជូន​ពួក​គេ​ទៅ​រៀន ​ព្រោះ​តែ​ដើម្បី​ខ្លួន​ឯង​បាន​រស់​សុខ​ស្រួល​ដោយ​មិន​បាច់ធ្វើ​ការ​អី​​ ប៉ុន្តែ... គិត​ឡើង​វិញ​​ ​ខ្ញុំ​ក៏​មិន​អាច​រិះគន់​គេ​បាន​ ព្រោះ​ខ្ញុំ​ក៏​ធ្លាប់​បោះបង់កូនខ្លួ​ន​ឯង​ដូច​គ្នា​។ បើ​និយាយ​ឱ្យ​ស្រួល​ស្ដាប់​​​ ខ្ញុំ​​ស្រដៀងៗ​នឹង​ឪពុក​ម្ដាយ​អស់​នោះ​ដែរ។

 

រៀប​នឹង​ចេញ​ឡាន​ទៅ​ធ្វើ​ការ​ហើយ​ ខ្ញុំ​ស្រាប់​តែ​ក្រឡេក​ឃើញ​ក្មេង​ប្រុស​កាល​ពី​ម្សិល​មិញ​ បើ​ខ្ញុំ​ចាំមិន​ខុស​​ គេ​ឈ្មោះ​បូរ៉ា​ មិន​ដឹង​ហេតុ​អី​ខ្ញុំ​មាន​និស្ស័យ​ជា​មួយ​ក្មេង​ម្នាក់​នោះ​ម្ល៉េះ​? ខ្ញុំ​ឃើញ​គេ​ចេញ​មក​ពី​ម៉ាត​​ជាមួយ​មនុស្ស​ស្រី​ម្នាក់​ ប្រហែល​ជា​ម៉ាក់​របស់​គេ​ហើយ​។ រំពេច​នោះ​ បេះដូង​ខ្ញុំ​ស្រាល​ស្ងើង ព្រោះ​​ម្ដាយ​ក្មេង​​បាន​ងាក​មុខ​មក​ឱ្យ​ខ្ញុំ​ឃើញ​ពេញ​ៗពី​ចំងាយ...

«នីតា!!!»

ខ្ញុំ​ហៅ​ឈ្មោះ​នាង​តិចៗ​សឹង​តែ​ហើប​មាត់​មិន​ចង់​រួច​។

 

បូរ៉ា​ នៅជា​មួយ​នីតា​ បូរ៉ា​ត្រូវ​ជា​កូន​នីតា​? បើ​ជា​កូ​ន​នីតា​ អ៊ីចឹង​ជា​កូន​នីតា​ជាមួយខ្ញុំ?​ ឬ​ក៏​នីតា​មាន​​ប្ដី​ទៀត​ហើយ​ បន្ទាប់​ពី​ខ្ញុំ​ទៅ​ចោល​? ខ្ញុំ​តាម​សម្លឹង​មើល​ពួក​គេ​បណ្ដើរ​​ អង្គុយ​សួរ​ខ្លួន​ឯង​បណ្ដើរ។​ នៅ​ពេល​ដែល​នាង​និង​បូរ៉ា​ជិះម៉ូតូ​ចេញ​ទៅ​ ខ្ញុំ​ក៏​ចេញ​ទៅ​តាម​ពី​ក្រោយ​ពួក​គេ​ ការ​ប្រជុំ​សំខាន់​នៅ​ព្រឹក​នេះ​បាន​​រំសាយ​​ចោល​។ ខ្ញុំ​មិន​ខ្វល់​ការ​ប្រជុំ​អី​ទៀត​ទេ ទោះ​ការ​ប្រជុំ​នោះ​ធ្វើ​ឱ្យ​ខ្ញុំ​បាត់​បង់​ក្រុមហ៊ុន​ ក៏​ខ្ញុំ​សុខ​ចិត្ត​ ឱ្យ​តែ​ខ្ញុំ​បាន​ប៉ះ​ប៉ូវ​​​កំហុស​ខ្លួន​ឯង​ ទៅ​ឱ្យ​ម្ដាយ​កូន​គេ​។ ខណៈ​ដែល​ខ្ញុំ​កំពុង​បើក​ឡាន​តាម​ពី​ក្រោយ​ពី​រ​នាក់​ ម្ដាយ​កូន​គេ​ ខ្ញុំ​ក៏​ស្រាប់​តែ​នឹក​ឃើញ​ដល់​សម្ដី​របស់​​​អ្នក​គ្រូ​បូរ៉ា​...

«ខ្ញុំមិនមែនថាលោកជាមនុស្សអាក្រក់ទេ តែម៉េចលោកនិងបូរ៉ាមុខដូចគ្នាម្ល៉េះ បើមិនប្រាប់ទេ ខ្ញុំថាលោកជាប៉ាបូរ៉ាហើយ»

ច្បាស់​ហើយ​!!

បូរ៉ា​គ្មាន​កូន​អ្នក​ណា​ក្រៅ​ពី​កូន​​ខ្ញុំ​ទេ ថ្វីត្បិត​តែ​នៅ​ពី​ក្រៅ​មិន​ច្បាស់​ តែ​ក្នុង​ចិត្ត​ខ្ញុំ​ច្បាស់​១០០% គេ​ជាកូន​របស់​ខ្ញុំ​ និង​នីតា​ កាល​ពី​​៨​ឆ្នាំ​មុន​!

បន្ទាប់​ពី​នីតា​ជូន​បូរ៉ា​ទៅ​ដាក់​សាលា​ ខ្ញុំ​តាម​នា​ង​ពី​ក្រោយជាប់​រហូត​​​ ដើម្បី​បាន​ស្គាល់​ផ្ទះ​ថែម​ទៀត​។ បន្ទាប់​​មក ខ្ញុំ​​បាន​ត្រឡប់​មក​វិញ​ ខ្ញុំ​មិន​ទាន់​ចង់​ឱ្យ​នាង​បាន​ឃើញ​ខ្ញុំ​ភ្លាម​ៗ​ទេ កំហុស​ខ្ញុំ​ធំ​ណាស់​ ខ្ញុំ​ត្រូវ​តែ​​ទៅ​រៀប​ចំ​ខ្លួន​ឱ្យ​ច្បាស់​ ថា​នាង​នឹង​ព្រម​លើកលែង​ទោស​ ហើយ​​មក​កសាង​គ្រួសារ​ជាមួយ​ខ្ញុំ​វិញ​ តែ​ទោះ​ជា​នាង​មិន​ព្រម​ ក៏​ខ្ញុំ​មិន​បោះបង់​ទៀត​ដែរ។ មុន​នេះ​ និង​ពេល​នេះ​ ជីវិត​ខ្ញុំ​គ្មាន​ស្រាប់​ទៅ​ហើយ​ អ៊ីចឹង​ទោះ​ជា​ពេល​ទៅ​ជួប​ នាង​សម្លាប់​ខ្ញុំ ​ក៏​មិន​អី​ដែរ​។ ខ្ញុំ​បាន​ឱ្យ​គេ​​ទៅ​ស៊ើប​ពី​ស្ថានការណ៍​នីតា​​ កាល​ពី​​៨​ឆ្នាំ​មុន​ និង​ពេល​នេះ​ តើ​មាន​អ្វី​កើត​ឡើង​​ លើ​ជីវិ​ត​នាង​ខ្លះ​?

 

អ្វី​ដែលខ្ញុំ​ដឹង​​ ធ្វើ​​ឱ្យ​​ទឹក​ភ្នែក​ជា​កូន​ប្រុស​ក៏​ស្រក់​ចុះ​ បេះដូង​ដែល​រឹង​មាំ​ពេល​នេះ​ ដូច​បាន​ត្រូវ​គេ​ច្របាច់​។ បន្ទាប់​ពី​មាន​ផ្ទៃ​ពោះ​ នាង​ត្រូវ​មក​នៅ​ម្នាក់​ឯង​ជាមួយ​អ៊ំ​ ហើយ​ក្រោយ​មក​ ម៉ាក់​ស្លាប់​ ប៉ា​ស្លាប់​មួយ​ចំហៀង​ខ្លួន​ ​អង្គុយ​លើរទេះ​រុញ​។ សូម្បី​ខ្ញុំ​ខ្លួន​ឯង​ក៏​មិន​ចង់​អត់ឱន​ឱ្យ​ខ្លួន​ឯង​ដែរ ចុះ​ទម្រាំ​នាង​? ខ្ញុំ​កាន់​តែ​ស្ដាប់​ កាន់​តែ​គ្មាន​​សង្ឃឹម​ ថា​នាង​នឹង​លើក​​ទោស​ឱ្យ​ខ្ញុំ​។

 

ថ្ងៃ​នេះ​ខ្ញុំ​បាន​មក​សាលា​របស់​បូរ៉ា​។ ចៃដន្យ​មែនទែន​ នាយក​សាលា​ទើប​មក​កាន់​តំណែង​បន្ត​ពី​ប៉ា​របស់​គេ​ គឺ​ជា​មិត្ត​ភក្តិ​របស់​ខ្ញុំ​កាល​ពី​នៅ​រៀន​នៅ​សិង្ហបុរី​។ ទើប​ធ្វើ​ឱ្យ​ខ្ញុំ​ងាយ​ស្រួល​មក​ជួប និង​លេ​ង​ជាមួយ​បូរ៉ា​ រហូត​ខ្ញុំ​ក្លាយ​ជា​​គ្រូ​កីឡា​នៅ​ថ្នាក់​របស់​បូរ៉ា​។ កាន់តែ​ជិត​បូរ៉ា​ខ្ញុំ​កាន់​តែ​មាន​សុភមង្គល​ ចង់​ឮ​គេ​ហៅ​ខ្ញុំ​ប៉ា​​។

------------------

នីតា

«នីតា​ ប្រញាប់​ទៅ​ណា?»

អ៊ំផាន់​សួរ​នៅ​ពេល​ឃើញ​ក្មួយ​ប្រញិបប្រញាប់​ បន្ទីបន្ទា​ខុស​ពី​ធម្មតា។

«ថ្ងៃ​នេះ​នាយក​សាលា​ដែល​បូរ៉ា​រៀន​ ហៅ​អាណាព្យាបាល​បូរ៉ា ​ថា​ចង់​និយាយ​ពី​រឿង​បូរ៉ា​ ខ្ញុំ​ភ័យ​ណាស់​អ៊ំ​ខ្លាច​កូន​ទៅ​ធ្វើ​អី​ដែល​មិន​ល្អ​ ដល់​​ថ្នាក់​នាយ​ក​សាលា​ហៅ​ទៅ​ជួប​បែបនេះ​»

«អ៊ំ​ថា​មិន​អី​ទេ បូរ៉ា​ក្មេង​ល្អ​សឹង​អី​ ប្រហែល​រឿង​អី​ផ្សេង​ទេ ក្មួយ​កុំ​ប្រញាប់​ពេក​ ជិះ​ឱ្យ​តែ​ស្រួល​បួល​ទៅ​ ផ្លូវ​ឥឡូវ​គ្រោះថ្នាក់​ច្រើន​ណាស់»

«ចា​អ៊ំ​ ខ្ញុំ​ទៅ​ហើយ​ ផ្ញើ​មើល​ប៉ា​ផង​»

និយាយ​ហើយ​ខ្ញុំ​ក៏​បើក​ម៉ូតូ​ សំដៅមក​សាលា​របស់​បូរ៉ា​​។ ខ្ញុំ​មិន​ដឹង​ថា​មាន​រឿង​អី​ទេ តែ​ក្នុង​អារម្មណ៍​ខ្ញុំ​ប្លែក​មែន​ទែន​ ខ្ញុំ​បន់​ស្រន់​ឱ្យ​តែ​គ្មាន​រឿង​អី​ធំដុំ​ទាក់ទង​នឹង​កូន​ទៅ​បាន​ហើយ​។

«ម៉ាក់​របស់​បូរ៉ា?»

គ្រាន់​ទៅ​ដល់​សាលា​ភ្លាម​ អ្នក​គ្រូ​ម្នាក់​ក៏​ចេញ​មក​សួរខ្ញុំ​។

«ចាស៎ ខ្ញុំ​ម៉ាក់​បូរ៉ា​»

«សូម​បងស្រី​ទៅ​បន្ទប់​ធ្វើ​ការ​របស់​លោក​នាយ​ក​ គាត់​កំពុង​រង់​ចាំ​»

ខ្ញុំ​ដើរ​តាម​អ្នក​គ្រូ​ ទៅ​បន្ទប់​ធ្វើការ​នោះ​។

«សូមអញ្ជើញ​ចូល​ក្នុង​បង​ស្រី»

«ចា អរគុណ!»

ចូល​ទៅ​ដល់​ខ្ញុំ​ឃើញ​ខ្នង​ធំ​ៗ​របស់​លោក​នាយ​ក​ ដែល​បែរ​មក​រក​ខ្ញុំ​។

«សួស្ដី​ ខ្ញុំ​ម៉ាក់​បូរ៉ា»

ខ្ញុំ​​និយាយ​​ចប់​ភ្លាម​ គាត់​​បែរ​មក​រក​ខ្ញុំ​សន្សឹម​ៗ មើល​ពី​ចំហៀង​​មុខ​ មាន​អារម្មណ៍​ថា ​ខ្ញុំ​ដូច​ធ្លាប់​ស្គាល់​គេ​?

......

​សូមរង់ចាំតាមដានភាគ៣​!

 

My Instagram: www.instagram.com/rylyly22/