(រឿង) ដាមដៅស្នេហ៍​អតីត​ | ភាគ១

(រឿង) ដាមដៅស្នេហ៍​អតីត​ | ភាគ១

ប្រលោមលោក
RY-LY-avatar-thumbnail

RY LY

409

410

2021-03-18T11:59:16.000Z


(ភាគ១)

និពន្ធដោយ៖ Ry Ly

....................................................................................................

«កើត​មក​ជា​មនុស្ស​ស្រី​​ អ្វី​ដែល​ត្រូវ​​ថែរក្សា​ឱ្យ​ស្អាត​​ល្អ​​មុន​ពេល​រៀប​ការ គឺ​ព្រហ្មចារី​ បើ​​យើង​អាច​​ថែរក្សា​វា​​ដល់​​ថ្ងៃ​ចុងក្រោយ​នៃ​ភាព​នៅ​លីវ យើង​នឹង​មាន​តម្លៃ​ក្នុង​ភ្នែក​របស់​​មនុស្ស​ដែល​យើង​ស្រឡាញ់​​»

ពាក្យមួយឃ្លាខាងលើនេះ ម៉ាក់ខ្ញុំនិយាយតាំងពីខ្ញុំនៅតូចមិនទាន់ដឹងថាអ្វីជាអ្វី រហូតដល់ថ្ងៃ​នេះ​ ថ្ងៃ​​កំណើត​ខ្ញុំអាយុ១៦ឆ្នាំ។ ខ្ញុំ​មិន​ដែល​ធុញ​នឹង​ពាក្យ​សម្ដី​ទាំង​អស់​នេះ​ទេ។ “កាល​នោះ” ​​ខ្ញុំ​តែងតែ​ញញឹម​ ងក់​ក្បាល​​ ឆ្លើយ​ចាស៎ ជាមួយ​​​ម៉ាក់​គ្រប់​ពេល​ ថ្វីត្បិត​​តែ​ពាក្យទាំង​នេះ​​ ស្ដាប់​ទៅ​អាច​នឹង​ចាស់​កំរឹល សម្រាប់​សម័យ​​​បច្ចុប្បន្ន​ ប៉ុន្តែ​ពាក្យ​ទាំង​នេះ​​សុទ្ធ​តែ​ចង់​ឱ្យ​​កូន​​ល្អ​ គ្មាន​​ពិសពុល​​ មានតែក្ដីស្រឡាញ់ និងបារម្ភចេញពីចិត្តបរិសុទ្ធរបស់ម៉ាក់។

 

ប៉ុន្តែ​នេះ​ជា​​ការ​អនុវត្តន៍​អតីតកាល​​របស់​ខ្ញុំ។ “ពេល​នេះ” ​ក្មេង​ស្រី​អាយុទើប​តែ​​​១៧​ឆ្នាំបាន​ក្លាយ​ទៅ​ជា​​ម្ដាយ​គេ ពពោះ​កូន​នៅ​ក្នុង​ពោះ​៥​ខែ​ទៅ​ហើយ​។ វា​ជា​រឿង​ចម្លែក​របស់​អ្នក​គ្រប់​គ្នា ជាពិសេស​ឪពុក​ម្ដាយ​របស់​ខ្ញុំ​។ ខ្ញុំ​ធ្លាប់​តែ​ជា​ក្មេង​ស្រី​ដ៏​ល្អ​ រស់​នៅ​ស្ដាប់​បង្គាប់​ប៉ាម៉ាក់​ តែ​ពេល​នេះ​បែរ​ជ្រុល​ខ្លួន​ធ្វើ​ឱ្យ​ខ្លួន​ឯង​មាន​ផ្ទៃ​ពោះ​ ទាំងនៅ​ក្មេង និង​​មិន​ទាន់​មាន​ប្ដី​។

«ឈប់យំ​ទៅ​ នីតា​»

ខ្ញុំ​ប្រញាប់​ជូត​ទឹក​ភ្នែក​ចេញ​។ អ៊ំ​ស្រី​​​​ផាន់​អង្អែល​ស្មា​ខ្ញុំ​ថ្នម​ៗរួច​លួងលោម​៖

«​អ្វី​ដែល​ហួស អ៊ំ​ចង់​ឱ្យ​ក្មួយ​បំភ្លេច​​ បើ​នៅ​តែ​យក​​វា​មក​គិត ​ក្មួយ​នឹង​​រស់​នៅ​ជាមួយ​ទុក្ខ​អស់​មួយ​ជីវិត​​​​»

ខ្ញុំ​ងក់​ក្បាល​ ប៉ុន្តែ​ទឹក​ភ្នែក​នៅ​តែ​ហូរ​ស្រក់​មិន​ឈប់​។ ខ្ញុំ​រស់​នៅ​ជាមួយ​អ៊ំ​ស្រី​ផាន់​ តាំង​ពី​ប៉ា​ដឹង​ថា​ខ្ញុំ​មាន​ផ្ទៃ​ពោះ​។ ប៉ា​ខ្ញុំ​គឺ​ជា​ចៅ​សង្កាត់​នៅ​ទី​ក្រុង​ភ្នំពេញ​ និង​ជា​មនុស្ស​ម្នាក់​ដែល​ប្រកាន់​រឿង​ប្រពៃណីណាស់​ តែ​ចុងក្រោយ​ ខ្ញុំ​ដែល​ជា​កូន​ស្រី​បែរ​ជា​ធ្វើ​ឱ្យគាត់​​អាម៉ាស់​​ជា​ខ្លាំង។

កាល​នោះ...

«កូន​ចង្រៃ​!!! ម៉េច​ក៏​ឯង​ធ្វើ​ឱ្យ​គ្រួសារ​អាម៉ាស់​ដល់​ថ្នាក់​នេះ? ប្រាប់​មក​!! អាម្នាក់​នោះ​ជាអ្នក​ណា​??»

ប៉ាស្រែក​ខ្លាំង​ៗ​ តាម​កំហឹង​ដែល​កំពុង​ពុះកញ្ជ្រោល​ មុខ​ប៉ា​​ក្រហម​ឡើង​​ឃើញ​សរសៃ​​ ម៉ាក់​គិត​តែ​ពី​ឱប​ប៉ា​កុំ​ឱ្យ​​វៃ​ខ្ញុំ​ ឯ​ខ្ញុំ​គិត​តែ​ពី​យំ​ ដោយ​មិន​និយាយ​ស្ដី​អ្វី​ទាំង​អស់​។

«ឮ​អញ​សួរ​ទេ? ម៉េច​​មិន​ឆ្លើយ​!!!»

ផាច់​!

ប៉ា​ស្ទុះ​មក​ទះ​ខ្ញុំ​មួយ​កំផ្លៀង​ ពេល​នោះ​ម៉ាក់​ក៏​ចាប់​ផ្ដើម​យំ​ ទាញ​ប៉ា​ចេញ​មក​។ ខ្ញុំ​នៅ​តែ​ហា​មាត់​មិន​ចេញ​។

«ចេញ​ពី​ផ្ទះ​អញ​ភ្លាម​ទៅ​ អញ​គ្មាន​កូន​ស្រី​ម៉ាក​ដូច​ឯង​ចឹងទេ កុំ​ត្រឡប់​មក​ឱ្យ​យើង​ឃើញ​មុខ​ទៀត​!!!»

ថា​ហើយ​ប៉ា​ក៏​ចូល​ទៅ​ក្នុង​បន្ទប់​បិទ​ទ្វារ​ឮ​សូរ​ក្រាំង​។ ម៉ាក់​ស្ទុះ​មក​ឱប​ខ្ញុំ​ រួច​អង្អែល​មុខ​ខ្ញុំ​ដែល​ត្រូវ​ប៉ា​ទះ​។

«យ៉ាង​ម៉េច​ហើយ​កូន​...»

«ម៉ាក់... ហ៊ឺៗៗៗ សុំ​ទោស​»

មុខរបស់ខ្ញុំដាមដោយទឹកភ្នែក ភ្នែកហើមស្ពុរព្រោះតែថ្ងៃនេះខ្ញុំយំសឹងតែពីព្រឹកទល់ល្ងាច។

 

មុន​មក​ជួប​ប៉ាម៉ាក់​ ខ្ញុំ​បាន​​ទៅ​​ជួប​​មនុស្ស​ម្នាក់​ ដែលមាន​នាទី​ទទួល​ត្រូវ​រឿង​នេះ​ តែ​គេ​បែរ​ជាគេច​ រួច​ឱ្យ​ម្ដាយ​គេមក​​ស្ដី​ថា​​និង​មើល​ងាយ​ខ្ញុំ​គ្រប់​បែប​យ៉ាង​។ អស់​ផ្លូវ ខ្ញុំ​ក៏​សម្រេច​ចិត្ត​​សារភាព​ប្រាប់​ពី​កំហុស​ខ្ញុំ​ដល់​ប៉ាម៉ាក់​ ហើយ​ក៏​ដឹង​ដែរ ថា​លទ្ធ​ផល​គឺ​បែបនេះ​។

«ចាំ​ម៉ាក់​ទៅ​និយាយ​ជាមួយ​ប៉ា​ឱ្យ​ណា…»

និយាយ​ហើយ​ម៉ាក់​ក៏​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​​។ ខ្ញុំ​មើល​ក្រោយ​ខ្នង​ម៉ាក់​ដើរ​ចេញ​ទៅ​ ហេតុ​អី​មួយ​ម៉ាត់​ ក៏​ម៉ាក់​មិន​បន្ទោស​ខ្ញុំ​អ៊ីចឹង​? ម៉ាក់​កាន់​តែ​ដូច្នេះ​ ខ្ញុំ​កាន់​តែ​មាន​អារម្មណ៍​ខុស​ខ្លាំង​។

 

«បង...»

«មិនឱ្យ​​អូន​និយាយ​ឱ្យ​វា​ទេ!»

«បង តែ​នីតា​ជា​កូន​ស្រី​តែ​ម្នាក់​របស់​យើង​ ហើយ​កូន​ក៏​ធ្លាប់​ជាកូន​ដែល​ស្ដាប់​បង្គាប់​ណាស់​ដែរ ប្រហែល​អ្នក​ណា​ចិត្ត​អាក្រក់​ធ្វើ​បាប​កូន​យើង​ បង​កុំ​ដេញ​កូន​ចេញ​ពី​ផ្ទះ​បាន​ទេ​​?»

«កុំ​ថា​ឡើយ​កូន​ស្រី​តែ​មួយ​ ទោះ​ជា​កូន​ស្រី​មួយ​ចំហៀង​ ​ក៏​​ខ្ញុំ​មិន​ខ្វល់​ដែរ ប្រដៅ​ហើយ​ ប្រដៅ​ទៀត​ ចុង​ក្រោយ​នៅ​តែ​​ធ្វើ​ឱ្យ​គ្រួសារ​អាម៉ាស់​មុខ​ ខ្ញុំ​មិន​ត្រូវ​ការ​កូន​ស្រី​បែប​នេះ​ទេ»

ប៉ា​ជា​មនុស្ស​ដែល​ប្រកាន់​ប្រពៃណី​ណាស់​ ហើយ​​ក៏​ចិត្ត​ដាច់​ណាស់​ដែរ។ ទោះ​ម៉ាក់​យំ​អង្វរ​ទន់​ខ្លួន​យ៉ាង​ណា​ ក៏​ប៉ា​មិន​ព្រម​​។ ខ្ញុំ​ដឹង​ថា​នេះ​មិន​មែន​កំហុស​ប៉ា​ទេ គឺ​កំហុស​​ខ្ញុំ​ ព្រោះ​​ប៉ា​ធ្លាប់​និយាយ​រួច​ហើយ​ បើ​ថ្ងៃ​ណា​មួយ​ខ្ញុំ​មិន​ស្ដាប់​សម្ដី​ប៉ា​ ប៉ា​មិន​ស្រណោះ​នឹង​កូន​​ស្រី​​មិន​ស្ដាប់​គាត់​ទេ។ ប៉ា​មិន​មែន​ចិត្ត​អាក្រក់​ តែ​ប៉ា​ជា​មនុស្ស​ប្រកាន់​ពាក្យ​សម្ដី​ ខ្ញុំ​ជា​អ្នក​មិន​ស្ដាប់​ប៉ា​​តាំង​ពី​ដំបូង​។ ខ្ញុំ​ក៏​សុខ​ចិត្ត​ចាកចេញ​ពី​ផ្ទះ​​។

.................

អ៊ំ​ផាន់​គឺ​ជា​សាច់ញាតិ​របស់​ម៉ាក់​ ហើយ​គាត់​គ្មាន​កូន​គ្មាន​ចៅ​ទេ រស់​នៅ​ខេត្ត​ព្រះសីហនុ​នេះ​ម្នាក់​ឯង​ ដូច្នេះ​​ហើយ​ គាត់​ជា​អ្នក​មើល​ថែ​ខ្ញុំ​មក​រហូត​។

«​ហេតុ​អី​មិន​ប្រាប់​ថា​ ម្នាក់​នោះ​ជា​អ្នក​ណា​? ហេតុ​អី​ក្មួយ​សុខ​ចិត្ត​ ស្ពាយ​ទុក្ខ​តែ​ម្នាក់​ឯង​ដូច្នេះ?»

អ៊ំ​ផាន់​សួរ​ដោយ​មិន​ភ្លេច​ យក​ដៃ​មក​ជូត​ទឹក​ភ្នែក​ឱ្យ​ខ្ញុំ​ ទាំង​ទឹក​មុខ​អាណិត​អាសូរ​។

«គេ​មិន​ស្រឡាញ់​ខ្ញុំ​ទេ... គេ​បោក​ប្រាស់​ខ្ញុំ​...»

ខ្ញុំ​និយាយ​ទាំង​យំ​ខ្សឹកខ្សួល​ ខ្ញុំ​ទប់​ទឹក​ភ្នែក​មិន​ជាប់​ទេ រយៈពេល​៥​ខែ​នេះ​ ខ្ញុំ​យំ​រាល់​យប់​រាល់​ថ្ងៃ​ នឹក​ឃើញ​ដល់​ទឹក​មុខ​ប៉ា​ម៉ាក់​​ នឹក​ឃើញ​ដល់​មនុស្ស​ប្រុស​មិន​ទទួល​ខុស​ត្រូវ​នោះ​ ខ្ញុំ​យំ​មក​រហូត​។

«​ឱ្យ​គេ​មក​រួច​ខ្លួន​ស្រួល​ៗ​​អ៊ីចឹង?»

«​កំហុស​របស់​ខ្ញុំ​ទេ​អ៊ំ​ ខ្ញុំ​ល្ងង់​ជឿ​គេ​ខ្លួន​ឯង​ ខ្ញុំ​មិន​ចង់​ចងកម្មពៀ​នឹង​ប្រុស​ម្នាក់​នោះ​ទេ បើ​ជាតិ​មុន​ខ្ញុំ​ជំពាក់​គេ​ អ៊ីចឹងចាត់ទុក​​ថា​ខ្ញុំ​សង​គេ​វិញ​ចុះ »

តាម​ពិត​តាំង​ពី​ដើម​មក​ រហូត​ដល់​ពេល​នេះ​ខ្ញុំ​មិន​ទាន់​បាន​ស្អប់​គេ​ដូច​ដែល​​ខ្ញុំ​និយា​​យ​​ ខ្ញុំ​នៅ​តែ​រំពឹង​ថា​ ថ្ងៃ​ណាមួយ​គេ​នឹង​ដឹង​ខុស​ ហើយ​ត្រឡប់​មក​រក​ខ្ញុំ​វិញ​។ តែ​... ប្រហែល​មិន​អាច​ទៅ​រួច​ទេ…

................................

សល់​ត្រឹម​មួយ​អាទិត្យ​ទៀត​ ខ្ញុំដល់​ថ្ងៃ​សម្រាល​ហើយ​ រយៈពេល​៩ ខែ​ជាង​​នេះ​ ខ្ញុំ​រស់​នៅ​ដូច​ក្នុង​នរ​ក​អ៊ីចឹង គ្មាន​ថ្ងៃ​ណា​ដែល​ខ្ញុំ​មិន​យំ​នោះ​ទេ​។ ម៉ាក់​តែ​ង​តែ​ទូរសព្ទ​មក​ខ្ញុំ​រាល់​ថ្ងៃ​ គ្រប់​ពេលដែល​ខ្ញុំ​យំ​ ម៉ាក់​ក៏​យំ​ជាមួយ​ខ្ញុំ​​ដែរ ម៉ាក់​តែង​តែ​លើក​ទឹក​ចិត្ត​ខ្ញុំ​ ពន្យល់​ខ្ញុំ​ ហើយ​តែង​តែ​ផ្ញើ​របស់​របរ​ចាំបាច់​មួយ​ចំនួនមក។ ខ្ញុំ​អាណិត​ម៉ាក់​ណាស់​ ម៉ាក់​ល្អ​យ៉ាង​នេះ​មិន​គួរ​បាន​កូន​ចោលម្សៀត​ដូច​ខ្ញុំ​ទេ។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ ​ខ្ញុំ​ក៏​ខំ​ប្រឹង​ធ្វើ​ការងារ​ខ្លះ​ៗ​ ដើម្បី​បំភ្លេច​អតី​ត​កាល​ដ៏​ខ្មៅ​ងងឹត​របស់​ខ្ញុំ​។ ខ្ញុំ​ជួយ​អ៊ំ​ដេរ​ខោអាវ​បោះ​ឱ្យ​គេ​នៅ​ផ្ទះ​ តែ​ដោយ​សារ​ពោះ​ខ្ញុំ​ពេល​នេះ​ធំ​មិន​អាច​អង្គុយ​បាន​ ដូច្នេះ​​មាន​តែ​ជួយ​​រៀប​​ចំ​របស់​របរបន្តិច​បន្តួច​​​ប៉ុណ្ណោះ​។

ចំពោះ​លុយ​កាក់​ចាយ​វាយ ​ម៉ាក់​តែង​តែ​ផ្ញើ​មក​ជា​រឿយៗ។ ខ្ញុំ​មិន​ចង់​យក​លុយ​ពី​ម៉ាក់​ទេ ព្រោះ​ខ្ញុំ​ជា​កូន​ម្នាក់​ដែល​ធ្វើ​ឱ្យ​គ្រួសារ​អាម៉ាស់ ងើបមុខ​​មិន​រួច​ ហើយ​ណា​មួយ​ខ្ញុំ​ជា​កូន​ស្រី​ទោល​ បែរ​ជា​មក​ធ្វើ​រឿង​នេះឱ្យ​កើត​ឡើង​។ ម៉ាក់​ស្រឡាញ់​ខ្ញុំ​ខ្លាំង​ណាស់​ ខ្ញុំ​ដឹង​ថា​ម៉ាក់​ក៏​ពិបាក​ចិត្ត​រាល់​ថ្ងៃ​ មិន​ចាញ់​ខ្ញុំ​នោះ​ទេ។ គិត​ទៅ​ខ្ញុំ​មិន​គួរ​មាន​មុខ​រស់​នៅ​លើ​លោក​នេះ​ទេ។

«នីតា​!!»

អ៊ំ​ផាន់​មក​ហៅ​ខ្ញុំ​ដោយ​ទឹក​មុខ​ញញឹម​ញញែម ដូច​មាន​រឿង​សប្បាយ​ចិត្ត​ណាស់អ៊ី​ចឹង​។

«មាន​រឿង​អី​អ៊ំ?»

«ប៉ា​ម៉ាក់​ក្មួយ​និយាយ​ថា​ ស្អែក​គាត់​នឹងមក​មើល​ក្មួយ​ ហើយ​ម៉ាក់​ឯង​និយាយ​ថា​ ប៉ា​របស់​ក្មួយ​ឈប់​ខឹង​ហើយ​ ពួក​គាត់​នឹង​មក​មើល​ក្មួយ​សម្រាល​កូន​ ហើយ​នឹង​នាំ​​ក្មួយ​​ត្រឡប់ទៅ​ផ្ទះ​វិញ​ អ៊ំ​អបអរ​ណា តាម​ពិត​ទឹក​ចិត្តឪពុក​ម្ដាយ​ គឺ​ចឹង​ហើយ​ វាយ​ទៅ​ហៅ​មក​»

«ពិត​មែន​ទេ?»

ខ្ញុំ​​សួរ​​ដោយ​​​ទឹក​ភ្នែក​​រលីងរលោង​​រំភើប​​​។

«ពិត ម៉ាក់​ឯង​ខំពន្យល់​ប៉ា​ឯង​រាល់​ថ្ងៃ គាត់​ប្រាប់​អ៊ំ​ ថា​គាត់​នឹង​ធ្វើ​ឱ្យ​បាន​ ថ្ងៃ​នេះ​ពិត​ជា​បាន​​មែន​​​»

ម៉ាក់​នៅ​តែ​ជា​អ្វី​ៗ​សម្រាប់​ខ្ញុំ​ ខ្ញុំ​មិន​ដឹង​ថា​ ខ្ញុំ​ធ្វើ​បុណ្យ​អី​ខ្លះ​ទេ ទើប​បាន​ធ្វើ​ជា​កូន​គាត់​។

................

ថ្ងៃ​នេះ​ខ្ញុំ​ងើប​តាំង​ពី​ព្រលឹម​​ដើម្បី​ទៅ​ផ្សារ​នៅ​ជិត​ផ្ទះ​ ហើយ​ធ្វើ​ម្ហូបដើម្បី​ទទួល​​​ប៉ា​ហើយ​និង​ម៉ាក់​។ ខ្ញុំ​សប្បាយ​ចិត្ត​ខ្លាំង​ណាស់​ ខ្ញុំ​មិន​បាច់​ភ័យ​ថា​ ពេល​ខ្ញុំ​សម្រាល​​គ្មាន​អ្នក​ណា​នៅ​ជិត​ខ្ញុំ​ទៀត​ឡើយ​។ កំពុង​តែ​រៀប​នឹង​ដាក់​ស្លកកូរ​ ព្រោះ​ម្ហូប​នេះ​​ម៉ាក់​ប៉ា​​ចូល​ចិត្ត​ខ្លាំង​ណាស់​ តែ​ស្លមិន​ទាន់​ឆ្អិន​ផង​ ស្រាប់​តែ​បាន​ឮ​ដំណឹង​ដ៏​រន្ធត់​មួយ​ ធ្វើ​ឱ្យបេះដូង​ខ្ញុំ​ធ្លាក់​ក្ដុក​ ​ខ្លួន​ខ្ញុំ​ស្រាល​ស្ងើង ជ្រុះ​វែក​សម្លចេញ​ពី​ដៃ​។

នៅ​មន្ទីរ​ពេទ្យ...

«ម៉ាក់ ប៉ា​!!!!»

ខ្ញុំ​ស្រែក​ហៅ​​ពេល​ទៅ​ដល់​មន្ទីរ​ពេទ្យ​ ពេល​នេះ​ខ្ញុំ​​លែង​ខ្វល់​ទៀត​​ហើយ ថា​ខ្ញុំ​កំពុង​​មាន​ផ្ទៃ​ពោះ​ឬ ក៏​អ្វី​ទៀត​ ខ្ញុំ​ដើរ​ផង​ រត់​ផង​ ស្រែក​ផង​ យំ​ផង​ពេញ​មន្ទីរ​ពេទ្យ​។

ម៉ាក់​ ប៉ា​បាន​គ្រោះថ្នាក់​ចរាចរណ៍តាម​ផ្លូវ​ នៅ​ពេល​​គាត់​មក​​រក​ខ្ញុំ​។ ពេល​នេះ​ប៉ា​កំពុង​តែ​សង្គ្រោះ​បន្ទាន់​ ឯម៉ាក់...

«ម៉ាក់​!! ហ៊ឺៗៗ ម៉ាក់!!!​ ម៉ាក់​ក្រោក​ ម៉ាក់​កុំ​ទៅ​ចោល​ខ្ញុំ​បាន​ទេ​ម៉ាក់​!!»

ម៉ាក់​បាន​ស្លាប់​ភ្លាម​ៗ នៅ​កន្លែងកើត​ហេតុ​។

ខ្ញុំ​ឱប​សព​ម៉ាក់​​ ស្រែក​ហៅ​ម៉ាក់​ខ្លាំង​ៗ​ តែ​ម៉ាក់នៅ​តែ​មិនភ្ញាក់​ ម៉ាក់​នៅតែ​គេង​ទៅ​យ៉ាង​ស្ងប់ស្ងៀម​។ ម៉ាក់​ខ្ញុំ​ទៅ​ចោល​ខ្ញុំ​ហើយ​ មនុស្ស​ស្រី​ល្អ​ចំពោះ​ខ្ញុំ​ជាង​គេ​ ខ្ញុំ​ដាស់​យ៉ាង​ណា​ ក៏​មិនភ្ញាក់​ដែរ​។ ខ្ញុំ​ដក​ដង្ហើម​មិន​ចេញ​ទេ ឱ្យ​ខ្ញុំ​រស់​នៅ​ក្នុង​ពិភព​លោក​នេះ​​ ដោយ​គ្មាន​ម៉ាក់​យ៉ាង​ម៉េច​?? ម៉ាក់​ដែល​តែងតែ​មើល​ថែ​ពេល​ខ្ញុំ​ឈឺ​ ម៉ាក់​តែ​ង​តែ​ជូន​ខ្ញុំ​ទៅ​រៀន​ពេល​នៅ​តូច​ ម៉ាក់​តែង​តែ​ផ្ដល់់ក្ដី​ស្រឡាញ់​ ទោះ​បី​ខ្ញុំ​ខុស​ ក៏​ម៉ាក់​មិន​ដែល​បន្ទោស​មួយ​ម៉ាត់​ដែរ​។

«ម៉ាក់...!!! អូយ!!»

ខ្ញុំ​ស្រាប់​តែ​ឈឺ​ពោះ​ភ្លាម​ៗ ទឹក​ថ្លា​ៗ​បានចេញ​មក​ពី​ក្នុង​រ៉ូប​ពោះធំ​របស់​ខ្ញុំ​។

បន្ទប់​សម្រាល​...

ដោយ​សារ​តែ​ពេល​នេះ​ខ្ញុំ​ខ្សោយ​ខ្លាំង​ណាស់​ មិន​អាច​សម្រាល​តាម​សម្រួល​ទេ គ្រូ​ពេទ្យក៏​សម្រេចចិត្ត​វះ​ដើម្បីសុវត្តិភាព​ម្ដាយ​និង​កូន​ខ្ញុំ​។ ខ្ញុំ​អាចដឹង​រឿង​គ្រប់​យ៉ាង​ខ្លះ​ៗ ឥទ្ធិពល​ថ្នាំបាន​ធ្វើ​ឱ្យ​ខ្ញុំ​​ស្ទើរ​សន្លប់​ ស្ទើរ​​ភ្ញាក់​ អាម្មណ៍​ខ្ញុំ​ពេល​នេះ​ស្ទើ​រតែ​លែង​ចង់​រស់​ ​រស់​នៅ​ដើម្បី​អី​ទៅ​? រឿង​អាក្រក់​ទាំង​នេះ​ កើត​ឡើង​ដោយ​សារ​តែ​ខ្ញុំ​ បើ​ខ្ញុំ​មិន​ស្គាល់ និង​ស្រឡាញ់​ប្រុស​ម្នាក់​នោះ​ទេ ខ្ញុំ​ក៏មិនជ្រុល​ខ្លួន​មាន​ផ្ទៃ​ពោះ​ ​ក៏​មិន​ធ្វើ​ឱ្យ​ប៉ា​ម៉ាក់​មក​​រក​ខ្ញុំ​ ពេល​នេះ​ក៏​មិន​ឱ្យ​ម៉ាក់​ស្លាប់​ ប៉ា​មិន​ដឹង​ជា​យ៉ាង​ម៉េ​ច​ទៅ​ហើយ​ ខ្ញុំ​ជា​កូន​ប្រភេទ​ណា​ ខ្ញុំ​រស់​នៅ​​នាំ​ខ្មាស​ផែន​ដី​ មាន​​វិប្បដិសារី​ បែប​នេះ​រហូត​ទៅ​???

 

ក្នុង​មួយ​ប៉ប្រិច​​សោះ​ ជីវិត​​ក្មេង​ស្រី​​​ដូច​ខ្ញុំ​ បាន​​បាត់បង់ទៅ​​គ្រប់​យ៉ាង។ ផ្ទះ​ត្រូវលក់​យក​មក​ព្យាបាល​ប៉ា ដែល​​ប៉ា​មាន​ជំងឺ​ស្លាប់​មួយ​ចំហៀង​ខ្លួន​ ហើយ​ត្រូវ​​ធ្វើ​បុណ្យ​សព​ម៉ាក់​ ​​ភារកិច្ច​ដ៏​ធ្ងន់​មួយ​ទៀត​ គឺ​ខ្ញុំ​ត្រូវ​ចិញ្ចឹម​កូន​​ប្រុស​ម្នាក់​។ សាច់​ញ្ញាតិ​ខ្ញុំ​ពេល​នេះ​មា​ន​តែ​អ៊ំ​ផាន់​ម្នាក់​ បើ​គ្មាន​គាត់​ខ្ញុំ​ប្រហែល​ដោះស្រាយ​រឿង​ទាំង​អស់​នេះ​មិន​ចេញ​ទេ ខណៈនេះ​គាត់​ និង​កូន​ប្រុស និង​លោក​ប៉ា​ ដែល​សំណាង​នៅ​មាន​ជីវិត​ ពួក​គាត់​ជា​កម្លាំង​ចិត្ត​​របស់​ខ្ញុំ​។ ខ្ញុំ​ត្រូវ​តស៊ូ​ដើម្បី​ពួក​គាត់​។

 

៨ឆ្នាំ​ក្រោយ​មក​…

ខ្ញុំ​ទិញ​បាន​ផ្ទះ​តូច​មួយ​ នៅ​ផ្ដុំ​ជាយ​ក្រុង​ភ្នំ​ពេញ​ ខ្ញុំ​កាត់​ដេរ​ខោអាវ​នៅ​ផ្ទះ ​ដើម្បី​​បាន​ជួយ​មើល​ថែប៉ា​លើ​រទេះ ហើយ​អ៊ំ​ផាន់​ធ្វើ​នំ​អន្សម នំល្ពៅ​បោះដុំ​ មាន​អ្នកមក​​យក​ទៅ​លក់​បន្ត​ នំ​​អ៊ំ​ផាន់​លក់​ដាច់​ណាស់​ មាន​អ្នក​​ទិញ​យក​​ទៅ​លក់​បន្ត​ច្រើន​ទៅៗ​ រហូត​ពួក​យើង​ត្រូវ​រក​អ្នក​មក​ជួយ​ធ្វើ​នំ​ ដើម្បី​បោះ​ម៉ូយ​ឱ្យ​ទាន់​។ ចំណូល​ដែល​រក​បាន​ ទោះ​មិន​សល់​ តែ​ក៏​អាច​ផ្គត់ផ្គង់​ ជីវភាព​ក្នុង​គ្រួសារ​មិន​ឱ្យ​ខ្វះ​ខាត​ដែរ។ ខ្ញុំ​អាច​បញ្ជូន​កូន​ប្រុស​ខ្ញុំ​ទៅ​រៀ​ន​ នៅ​សាលា​ឯកជន​មួយ​។ ​​

«ម៉ាក់​!! កូន​មក​ពី​សាលា​ហើយ​»

កូន​ប្រុស​ខ្ញុំ​រត់​មក​តាំង​ពី​ចម្ងាយ​​ មក​ឱប​ខ្ញុំ​។

«ធ្វើ​ដូច​នឹក​ម៉ាក់​ខ្លាំង​ណាស់​ចឹង​កូន​សម្លាញ់​ ថ្ងៃ​នេះ​យ៉ាង​ម៉េច​ដែរ​?»

«មិន​អី​ទេ បូរ៉ា​ថ្ងៃ​នេះ​ត្រូវ​អ្នក​គ្រូសរសើរ​ថា​ពូកែ​ទៀត​ផង​»

«ហឹមម កូនម៉ាក់​ពូកែ​មែន​ ទៅ​ផ្លាស់​ខោអាវ​ទៅ​កូន​ រួច​ចាំ​មក​ញ៉ាំ​បាយ​ ថ្ងៃ​នេះ​ម៉ាក់​ត្រូវ​ធ្វើ​ការ​ច្រើន​ទៀត​»

«មិន​អី​ទេម៉ាក់​ ចាំ​បូរ៉ា​ដួស​បាយ​ញ៉ាំ​ខ្លួន​ឯង ម៉ាក់​​ធ្វើ​ការ​ម៉ាក់​ទៅ​ ចំណែក​លោក​តា​ ចាំ​កូនអ្នក​​​បញ្ចុក​បាយ​​»

និយាយ​ហើយ​បូរ៉ា​ក៏​រត់​ទៅ​ផ្លាស់​ខោអាវ​បាត់​។ ជាតិ​នេះ​ខ្ញុំ​អភ័ព្វ​គ្រប់​យ៉ាង​ តែ​ខ្ញុំ​បែរ​ជា​​បាន​កូន​ប្រុស​ម្នាក់់​ ដែល​ទើប​តែ​អាយុ​​៨​ឆ្នាំ​សោះ​ គេ​អាច​ធ្វើ​បាន​​គ្រប់​យ៉ាង​ជំនួស​ដៃ​ជើង​របស់​ខ្ញុំ​។ បូរ៉ា​ជា​កម្លាំង​ចិត្ត​​របស់​ខ្ញុំ​ ខ្ញុំ​មិន​​ដឹង​ទេ ថា​​បើ​​គ្មាន​​គេ​​ ខ្ញុំ​នឹង​​រស់​​នៅ​​ដោយ​​របៀប​ណា​​​​។

...............

«ថ្ងៃ​នេះ​ជា​ថ្ងៃ​ ទិវា​គុណ​ឪពុក​ អ៊ីចឹង​អ្នក​គ្រូ​ចង់​ឱ្យ​កូន​ៗ​មក​ពី​និយាយ​ពី​ប៉ា​របស់​កូន​ រៀងៗខ្លួន​ មោះ​ ចាប់​ផ្ដើម​!»

បន្ទាប់​អ្នក​គ្រូ​ប្រាប់​ហើយ​ ម្នាក់​ៗ​ក៏​មក​និយាយ​​អួត​ពី​ប៉ា​របស់​គេ​។

«ប៉ា​ខ្ញុំ​អស្ចារ្យ​ណាស់ ប៉ា​តែ​ង​តែ​ទៅ​ធ្វើ​ការ​ ហើយ​ពេល​ថ្ងៃ​អាទិត្យ​ប៉ា​នាំ​ខ្ញុំ​និង​ម៉ាក់​ទៅ​ដើរ​លេង​ទៀត​»

«ប៉ា​ខ្ញុំ​ សង្ហាណាស់ ហើយ​ប៉ា​តែង​តែ​កំដរ​ខ្ញុំ​លេង​បាល់​»

«ប៉ា​តែង​តែ​ជួយ​ចង​សក់​ឱ្យ​​ធីតា​ ហើយ​ជូន​ធីតា​មក​សាលាទៀត​​»

ក្មេង​ៗ​ទាំង​ប្រុស​ ទាំង​ស្រី​ឡើង​មក​​និយាយ​ពី​ប៉ា​របស់​គេ​ ចាប់​ពី​តុមុខ​រហូត​ដល់​តុ​បូរ៉ា​។ ដោយ​សារ​តែ​បូរ៉ា​នៅ​រេរ មិន​ព្រម​ឡើង​ អ្នក​គ្រូ​ក៏​តឿន​៖

«បូរ៉ា​កូន​ឡើង​មក​ មក​! លឿន​!»

បូរ៉ា​ក៏​សម្រេច​ចិត្ត​ឡើង​ទៅ​ ដោយ​អេះអុញ​។

«និយាយ​ទៅ​កូន​ និយាយ​ពី​ប៉ា ប៉ា​កូន​ជា​មនុស្ស​របៀប​ណា​ ​តែង​តែ​ជួយ​កូន​អ្វី​ខ្លះ ហើយ​​កូន​ស្រឡាញ់​ប៉ា​ខ្លាំង​ទេ?»

អ្នក​គ្រូ​ស្មាន​ថា​បូរ៉ា​មិន​យល់​ ទើប​ជួយ​សួរ​​ដើម្បី​ឱ្យ​គេ​ឆ្លើយ​។

«ខ្ញុំ​... ខ្ញុំ​ស្រឡាញ់​ប៉ា​ណាស់​ តែ​... ខ្ញុំ​… ខ្ញុំ​អត់​មាន​ប៉ា​ទេ»

គ្រាន់​តែ​ឮ​បែប​នេះ​ភ្លាម​ មិត្ត​រួម​ថ្នាក់​របស់​បូរ៉ា​ទាំង​អស់​ ក៏​នាំ​គ្នា​សើច​គឹល​។

«ហាស ហាសៗៗ កូន​អី​អត់​មាន​ប៉ា​ចឹង​»

«បាន​ហើយ ៗ ឈប់​សើច​!»

អ្នក​គ្រូ​ប្រាប់​ទៅ​សិស្ស​ទាំង​អស់​ ព្រោះ​មើល​ទៅ​ទឹក​មុខ​បូរ៉ា​ដូច​ជា​មិន​សូវ​ស្រួល​។

«​មិន​អី​ទេកូន​ មិនអី​ទេណា​...»

អ្នក​គ្រូ​ខំ​លួង​លោម​ តែ​បូរ៉ា​យំ​រត់​​ចេញ​​ពី​​ថ្នាក់​​។ អ្នក​គ្រូ​ខំ​​តាម​ដែរ​ តែ​ស្រាប់​តែ​​បាត់​​គេ​ភ្លាម​ៗ។

​ក្មេងប្រុស​អាយុ​​៨​ឆ្នាំ​​ គេ​រឹង​មាំ​ គេ​មិន​ចេះ​​ធ្វើ​ឫក​ទន់​ជ្រាយ​ ដើម្បី​ត្រូវ​ការ​ភាព​លួងលោម​ពី​អ្នក​ណា​ តែ​ឱ្យ​តែ​ពេល​និយាយ​ឬ​គិត​ដល់​ប៉ា​ គេ​ទ្រាំ​មិន​បាន​ទេ។ បូរ៉ា​តែង​តែ​សួរ​រក​ប៉ា​ជា​ញឹកញាប់​ ចង់​ដឹង​ថា​ប៉ា​គេ​ជា​អ្នក​ណា​ ហើយ​ពេល​នេះ​នៅ​ទី​ណា​ មុខ​យ៉ាង​ម៉េច​ តែ​ម៉ាក់​គេ​ឱ្យ​តែ​គេ​រំលឹក​ដល់​ប៉ា​ គាត់​នៅ​ស្ងៀម​ ហើយ​មិន​និយាយ​អ្វី​ទាំង​អស់​​។

«ហ៊ឺៗ... ប៉ា​ខ្ញុំ​នៅ​​ឯណា​?»

បូរ៉ា​ខ្ទប់​មុខ​យំ​អង្គុយ​លើ​បង់​ម្នាក់​​​​ឯង​​។​

«ហេតុអី​យំ​?»

បូរ៉ា​ងើយ​មើល​ ម្ចាស់​សំឡេង​។

«ពូណាគេ?»

«​ពូឃើញ​ឯង អង្គុយ​យំ​ម្នាក់​ឯង​ក៏​មក​សួរទៅ​ មា​ន​អី​ឱ្យ​​ពូ​ជួយ​ទេ»

ពូ​ប្លែក​មុខ​សួរ​គួរ​សម​ទាំង​ញញឹម​ ហើយ​ដាក់​​បង្គុយ​ជិត​បូរ៉ា​។

«ពូ​ជួយ​រក​ប៉ា​ឱ្យ​ខ្ញុំ​បន្តិច​បាន​ទេ ខ្ញុំ​ចង់​ជួប​ប៉ា​»

ប៉ូរ៉ា​និយាយ​​ហើយ​ ក៏​ឱនមុខ​ចុះ​។

«ក្មួយ​វង្វេង​ប៉ា?»

«តាំងពី​កើត​មក​ ខ្ញុំ​មិន​ដែល​ឃើញ​មុខ​ប៉ា​ទេ»

ពូ​ប្លែក​មុខ​នៅ​ស្ងៀម​​ មិន​និយាយ​ស្ដី​ ហាក់​ដូច​ជា​កំពុង​គិត​ដល់​រឿង​​កាល​​ពី​៨​ឆ្នាំ​មុន​…

បន្ទាប់​បាន​និយាយ​គ្នា​មួយ​សន្ទុះ​​ហើយ​ បូរ៉ា​និង​ពូប្លែក​មុខ​ក៏​បាន​ស្គាល់​គ្នា​ ជិត​ស្និទ្ធ​ដូច​ស្គាល់​​គ្នា​តាំង​ពី​អង្កាល់​អ៊ីចឹង​។

«ពូ​ចេះ​លេង​បាល់​ទេ?»

«ពូ​ចេះ​ កាល​ពូ​នៅ​រៀន​ ពូ​ពូកែ​លេង​ណាស់​ ជើង​ឯក​ប្រចាំ​ថ្នាក់​ណា​»

«អូ​មែន​ បង្រៀន​ខ្ញុំ​ផង​»

«បាន​តើ​!»

បន្ទាប់​ពី​លេង​ជាមួយ​គ្នា​បាន​មួយ​សន្ទុះ​ហើយ​ ក៏​មើល​ទៅ​ល្ងាច​ បូរ៉ា​ដល់​ម៉ោង​ទៅ​ផ្ទះ​ហើយ​ តួនាទី​គេ​ត្រូវ​មើល​ថែ​លោក​តា​ផង​។

«ពូ​ខ្ញុំ​ទៅ​ផ្ទះ​ហើយ​!»

«ពូ​ជូន​ទៅ​»

«បូរ៉ា!»

បូរ៉ា​ងាក​ទៅ​រក​សំឡេង​នោះ​ ​ឃើញ​មុខ​អ្នក​គ្រូ គាត់​កំពុង​តែ​​រត់​មក​យ៉ាង​ត្រហេបត្រហប តាម​ពិត​ទៅ​អ្នក​គ្រូ​ដើរ​​រក​បូរ៉ា​យូរ​ហើយ​ ព្រោះ​បូរ៉ា​ស្ថិត​នៅ​លើ​ការ​ទទួល​ខុស​ត្រូវ​របស់​សាលា​ អ៊ីចឹង​ហើយ​ទើប​អ្នក​គ្រូ​​បូរ៉ា​ស្វែង​រក​គេ​កន្លះ​ថ្ងៃ​ហើយ​ ចៃដន្យ​អ្នក​គ្រូ​ដឹង​ថា​បូរ៉ា​ចូល​ចិត្ត​​លេង​បាល់​ ក៏​មក​តារាង​បាល់​នៅ​ក្បែរ​ម្ដុំ​សាលា។

«អ្នក​គ្រូ​»

«​ម៉េច​ក៏​កូន​រត់​មក​ទីនេះ​ មក​ម្នាក់​ឯង​ចឹង​គ្រោះថ្នាក់​ណាស់​ណា»

និយាយ​ហើយ​អ្នក​គ្រូ​ក៏​ក្រឡេក​មើល​បុរស​ម្នាក់​ដែល​នៅ​ជិត​​បូរ៉ា​។ អ្នក​គ្រូ​មើល​បុរស​នោះ​ និង​បូរ៉ា​ឆ្លាស់​ទៅ​ឆ្លាស់​មក​ដោយ​ទឹក​មុខ​ងឿង​ឆ្ងល់​។ ឃើញ​អ៊ីចឹង​​បុរស​ក៏​និយាយ​ឡើង​៖

«អឺ​ ​អ្នក​គ្រូ​មាន​រឿង​អី​សង្ស័យ​ហេ?»

«លោក​និង​បូរ៉ា​ត្រូវ​ជា​អី​នឹង​គ្នា​?»

«អូ អត់​ទេ ចៃដន្យ​ខ្ញុំ​ឆ្លង​កាត់​ទី​នេះ​ ​ឃើញ​បូរ៉ា​​អង្គុយ​យំ​ម្នាក់​ឯង​ ក៏​ចូល​មក​សួរ​នាំ​ទៅ​ ខ្ញុំ​មិន​មែន​ជា​មនុស្ស​អាក្រក់​ទេ​អ្នក​គ្រូ»

«ខ្ញុំ​មិន​មែន​ថា​លោក​ជា​មនុស្ស​អាក្រក់​ទេ តែ​ម៉េច​លោក​និង​បូរ៉ា​មុខ​ដូច​គ្នា​ម្ល៉េះ​ បើ​មិន​ប្រាប់​ទេ ខ្ញុំ​ថា​លោក​ជា​ប៉ា​​បូរ៉ា​ហើយ​»

អ្នក​គ្រូ​និយាយ​ដោយ​ញញឹម​គួរ​សម​ ពិត​មែន​ហើយ​អ្នក​គ្រូ​ក៏​ឆ្ងល់​ដែរ មនុស្ស​មិន​ត្រូវ​ជា​អីនឹង​គ្នា​ផង​ ម៉េច​ក៏​មុខ​ដូច​គ្នា​យ៉ាង​នេះ​​?

ឮ​បែប​នេះ​បូរ៉ា​ញញឹម​ងាក​ទៅ​មើល​​ពូ​ដែល​គេ​ទើប​នឹង​ស្គាល់​អម្បាញ់មិញ​​​​។ ខុស​ប្លែក​ពី​នរាជ​បែរ​ជា​មើល​មក​ក្មេង​ម្នាក់​នេះ​​ដូច​ភ្ញាក់​ផ្អើល​។

«ប៉ា? បើ​ពូ​ជា​ប៉ា​ខ្ញុំ​ល្អ​ណាស់​»

នរាជ​ងាក​មក​អង្អែល​ក្មេង​ប្រុស​ដែល​មាន​ស្នាម​ញញឹម​ទន់​ភ្លន់​គួរ​ឱ្យ​ស្រឡាញ់​។

«ចឹង​ខ្ញុំ​សុំ​នាំ​បូរ៉ា​​​ទៅ​វិញ​ហើយ​​»

«បាទ»

នរាជ​ញញឹម​ងក់​ក្បាល​ទៅ​រក​អ្នក​គ្រូ​។

«​ពូ​ ថ្ងៃ​ណា​យើង​ជួប​គ្នា​ទៀត​?»

«ចាំ​ពូ​ទំនេរ​ ពូ​ទៅ​លេង​ក្មួយ​ដល់​សាលា»

..............

ថ្ងៃ​នេះ​ត្រឡប់​មក​ផ្ទះ​វិញ​ បូរ៉ា​កូន​ប្រុស​ខ្ញុំ​មុខ​មិន​សូវ​ស្រស់​សោះ​ និយាយ​ស្ដី​តិច​ជា​ង​ធម្មតា​។

ញ៉ាំ​បាយ​ល្ងាច​ហើយ ខ្ញុំ​​ចូល​មក​បន្ទប់​កូន​ប្រុស​របស់​ខ្ញុំ​ ឃើញ​កូន​ប្រុស​កំពុង​គូ​រ​វៀសៗ ខ្ញុំ​ក៏​ដើរ​ទៅ​អង្គុយ​ជិត​អង្អែល​ក្បាល​​គេ​តិច​ៗ៖

«ធ្វើ​អី​កូន?»

«គូរ​រូប​ប៉ា»

ឮ​សម្ដី​កូន​ហើយ​ ខ្ញុំ​ឈប់​ឆ្ងង់​មិន​និយាយ​អី​ អារម្មណ៍ក្ដុកក្ដួល​ ក្មេង​ប្រុស ដែល​តាំង​ពី​កើត​មក​ មិន​ដែល​ស្គាល់​មុខ​ឪពុក​ មិន​ដឹង​ថា​ប៉ា​ខ្លួន​មុខ​យ៉ាង​ម៉េច គេ​ចាប់ផ្ដើម​​គូរ​រូប​ប៉ា​ដោយ​គ្មាន​មុខ​ តាំង​ពី​មាន​អាយុ​​​៥​ឆ្នាំ​​។

«ម៉ាក់​ ម៉េច​ក៏​ប៉ា​ទៅ​ចោល​ពួក​យើង ប៉ា​មិន​ស្រឡាញ់​ពួក​យើង​ទេ?»

«កូន​ម៉ាក់​ មាន​ម៉ាក់​ហើយ​តើ​​ ម៉ាក់​នឹង​ស្រឡាញ់​កូន​ឱ្យ​ច្រើនៗ គ្មាន​ប៉ា​ក៏​មិន​អី​ដែរ​ ត្រូវ​ទេ?»

«តែ​កូន​ចង់​បាន​ប៉ា​ កូន​ចង់​បាន​ប៉ា​ដូច​គេ ប៉ា​អាច​លេង​បាល់​ជាមួយ​កូន​ ជូន​កូន​ទៅ​រៀន​ កូន​ចង់​ឱប​ប៉ា!​»

ទឹក​ភ្នែក​ក្មេង​ប្រុស​​ទាររក​​ឪពុក​ កែវ​ភ្នែក​ទាមទារ​ដែល​គេ​សម្លឹង​មក​រក​ខ្ញុំ​ ធ្វើ​ឱ្យ​ខ្ញុំ​​អាណិត​កូន​ណាស់ ឃើញ​កូន​ឈឺចាប់​ ខ្ញុំ​ឈឺចាប់​ជាង​កូន​ទ្វេដង​​។

បូ​រ៉ា​ឡើង​ទៅ​លើ​គ្រែ​គេង​ ក្រឡុំ​ភួយ​យំ ខ្ញុំ​ជា​ម្ដាយ​អត់​បានការ​ មិនបាន​ធ្វើ​អី​ បាន​ត្រឹម​តែ​​អង្គុយ​នៅ​ជិត​កូន​ មើល​កូន​​យំ​ទាំង​ឈឺក្នុង​ចិត្ត​។

បូរ៉ា​ សុំ​ទោស​ដែល​បង្កើត​កូន​មក​ ធ្វើ​ឱ្យ​កូន​ស្ថិត​ក្នុង​ស្ថានភាព​អាក្រក់​ខុស​ពី​ក្មេង​គេ​ដទៃ​ ម៉ាក់​សុំ​ទោស​ណា!

ខ្ញុំ​អង្គុយ​មើល​រូប​ថត​ខ្ញុំ​និង​កូន​ប្រុស​ ទឹក​ថ្លា​ៗ​ស្រក់​ជា​ច្រើន​ទៅ​​លើ​​ស៊ុម​រូប​ថត​។ រឿង​រ៉ាវ​៨​ឆ្នាំ​មុន​ កើត​ឡើង​ម្ដង​ទៀត​ ក្នុង​ខួរ​ក្បាល​របស់​ខ្ញុំ​....

 

......

​សូមរង់ចាំតាមដានភាគ២​!

 

My Instagram: www.instagram.com/rylyly22/