ជីវិតគឺវាមិនមែនតែស្រស់បំព្រង គ្រប់ពេលវេលានោះទេ មួយនាទីមុនយើងអាចសើចសប្បាយក្អាកក្អាយ មួយនាទីក្រោយយើងប្រហែលអាចយំសស្រាក់សស្រាំក៏ថាបាន។
ពេលខ្លះយើងស្រាប់តែមានអារម្មណ៍ថា ជីវិតនេះស្រស់បំព្រងណាស់ ក្រោយមកយើងក៏ស្រាប់តែមានអារម្មណ៍វង្វេងវង្វាន់ មិនដឹងដើរផ្លូវណាក៏មាន។
តាំងពីកើត និងធំដឹងក្ដីមក យើងត្រូវការរៀន មានចំណេះដឹង ធ្វើឱ្យខ្លួនឯងរឹងមាំ និងស៊ាំបានក្នុងភាពលំបាក។
នេះជាមេរៀនទាំង ១០ ដែលត្រូវដឹង មុនឈានដល់វ័យ៣០។
មេរៀនទី១៖ លុយមិនអាចដោះស្រាយបញ្ហាពិតទេ!
ត្រូវ ថាលុយអាចដោះស្រាយបានបញ្ហារាប់លានមុខ ដូចជាការចំណាយប្រចាំថ្ងៃ ហូបចុក ទិញផ្ទះធំ ទិញឡានទំនើប និងអ្វីៗផ្សេងជាច្រើនទៀត។ ប៉ុន្តែបើគិតឱ្យជ្រៅបន្តិច រឿងមួយចំនួនទៀត ដែលលុយមិនអាចទិញបាន ដូចជា សុខភាព ពេលវេលា វិប្បដិសារី កំហុសឆ្ដង និងសុភមង្គល។
ចុងក្រោយនៃជីវិត លុយគ្រាន់តែជាក្រដាស់មួយ ដែលជាតម្រូវការរស់នៅ។ ន័យនេះ មិនមែនឱ្យមិនចង់បានលុយទេ នៅអាយុមួយដែលយើងត្រូវការវាដើម្បីរស់នៅ យើងត្រូវប្រឹងធ្វើការ។
ក្នុងពេលនោះដែរ យើងត្រូវចាំថា ទោះយើងត្រូវការលុយយ៉ាងក៏ដោយ ក៏ត្រូវខ្វល់ខ្វាយពីវត្ថុដែលលុយទិញមិនបានដូចរៀបរាប់ខាងលើខ្លះផង។
មេរៀនទី២៖ កុំរហន់ ត្រូវធ្វើទៅតាមលទ្ធភាព!
ពេលនៅក្មេង យើងចង់ឱ្យរឿងគ្រប់យ៉ាងធ្វើហើយទាំងអស់ ក្នុងពេលតែមួយ។ ចង់សម្រេចចិត្តគ្រប់យ៉ាងដោយខ្លួនឯង ចង់ដឹងចង់ឮ ចង់រៀបការ ចង់មានកូន និងមានបទពិសោធន៍ និងជោគជ័យក្នុងរយៈពេលខ្លីបំផុត។
អ្វីដែលចង់ប្រាប់គឺ៖ មួយៗ ធ្វើតាមសម្រួល ពេលខ្លះបណ្ដោយឱ្យជីវិតកើតឡើង អ្វីដែលវាគង់នឹងកើតទៅ។ នេះមិនមែនមានន័យថា មិនឱ្យអ្នកប្រឹងទេ តែកុំរហន់។ យ៉ាងណា ត្រូវតែមានគម្រោងការ គោលដៅ និងរៀបចំជំហាន ដើម្បីដើរទៅរកគោលដៅនោះ។ ព្រោះថាបើពេលខ្លះ យើងប្រញាប់ឬរហន់ពេក ខ្លាចក្រែងតែយើងអស់ថាមពលមុនដល់គោលដៅនោះទេ។ រីករាយនឹងពេលវេលា ក្រឡេកមើលរឿងល្អៗ ដែលកំពុងតែកើតឡើងនៅជុំវិញខ្លួន។
មេរៀនទី៣៖ អ្នកមិនអាចទ្រអ្នកដទៃបានគ្រប់គ្នាទេ!
Bill Cosby បាននិយាយ "ខ្ញុំមិនដឹងគន្លឹះនៃភាពជោគជ័យអីនោះទេ តែអ្វីដែលខ្ញុំដឹង គឺរឿងដែលធ្វើឱ្យយើងបរាជ័យនោះ គឺការទ្រគេឯងគ្រប់គ្នា"
អ្នកណាក៏ចង់ឱ្យគេចូលចិត្ត ចង់ឱ្យស្រឡាញ់ ឱ្យគេគោរព ចង់ឱ្យខ្លួនឯងមានតម្លៃក្នុងភ្នែកគេដែរ នេះគឺជាធម្មជាតិរបស់មនុស្ស ប៉ុន្តែក៏មិនគួរលះបង់ភាពត្រឹមត្រូវ ក្ដីសុខខ្លួនឯង ដើម្បីតែឱ្យអ្នកណាម្នាក់ស្រឡាញ់ចូលចិត្តនោះទេ។
រៀនស្ដាប់ខ្លួនឯង ថែទាំផ្លូវចិត្តរបស់យើង គិតពីតម្រូវការខ្លួនឯង មិនមែនអ្នកណាផ្សេងឡើយ។ វាមិនអីទេ បើគ្រាន់តែស្រឡាញ់ខ្លួនឯង និងធ្វើអ្វីមួយដើម្បីខ្លួនឯងនោះ។
មេរៀនទី៤៖ សុខភាព គឺសំខាន់បំផុត!
កាលពីយុវវ័យ ច្បាស់ណាស់ ថាយើងមិនសូវជាយកចិត្តទុកដាក់នឹងសុខភាពយើងប៉ុន្មានទេ យើងចេះតែមិនខ្វល់ខ្វាយរឿងញ៉ាំ ញ៉ាំបាយឱ្យទៀងពេលអីហ្នឹង ដែលជាហេតុ ដែលអាយុមិនទាន់២០ ស្រួលបួលទេ គឺថាកើតជាជំងឺក្រពះសឹងតែគ្រប់គ្នា។
មេរៀនទី៥៖ មិនមែនគ្រប់យ៉ាងដែលយើងចង់បាន គឺសុទ្ធតែបាន!
ធម្មតាទេ ដែលរឿងខ្លះ អាចនឹងប្រែប្រួល ឬក៏ធ្លោះធ្លោយ មិនដូចអ្វីដែលរំពឹងទុក ឬចង់បាន។ ទោះជាយ៉ាងណាក៏ដោយ កុំបោះបង់វាចោល មិនបានលើកនេះ មិនប្រាកដថាលើកក្រោយមិនបានទៀតទេ។
មេរៀនទី៦៖ យើងមិនអាចទទួលខុសត្រូវគ្រប់យ៉ាងនោះទេ!
យើងមិនមែនជាព្រះ ដែលដឹងឮគ្រប់យ៉ាង។ កុំទម្លាក់កំហុសលើខ្លួនឯងគ្រប់រឿងអី កុំគិតច្រើនតែខ្លួនឯង រួចមកអង្គុយពិបាកចិត្ត។
មេរៀនទី៧៖ ពាក្យថា "ខ្ញុំមិនដឹងទេ" មិនមែនមានន័យថាអ្នកល្ងង់ ឬអន់!
យើងគ្រប់គ្នាគឺសុទ្ធតែចេះដឹង នៅមានកម្រិត រឿងខ្លះក៏យើងមិនអាចទៅដឹងបានដែរ។ បើចង់មើលទៅឡូយ គឺស្មោះត្រង់ អត់ដឹងប្រាប់ថាអត់ដឹង ដឹងប្រាប់ថាដឹង ត្រូវតែស្មោះត្រង់នឹងខ្លួនឯង និងអ្នកដទៃ។ បើសិនជាមានអ្នកសើច ឬមើលងាយយើង ពេលនោះហើយដែលយើងដឹងថាអ្នកណាជាមិត្ត អ្នកណាជាមារ។
មេរៀនទី៨៖ ការស្រឡាញ់មិនមែនជាអារម្មណ៍ តែវាជាជម្រើស!
ស្នេហាមិនមែនជារឿងងាយៗនោះទេ។ យើងអាចនឹងឃើញភ្លាមស្រឡាញ់ភ្លែត ទៅលើអ្នកណាម្នាក់ ដែលទើបតែជួបក្នុងរយៈពេលខ្លី ស្នេហានេះប្រហែលជាមិនយូរទេ បើយើងមិនបានជ្រើសរើស អ្វីៗដែលល្អសម្រាប់ភាគីទាំងសងខាង មិនអំពើល្អ ការគោរពគ្នា គាំទ្រគ្នា និងជំនឿលើគ្នាទៅវិញទៅមក។ ទាំងនេះគឺជាជម្រើសរបស់យើង។
មេរៀនទី៩៖ គិតគ្រប់ជ្រុងជ្រោយ ជាគ្រឿងលំអរការរស់នៅ!
ពេលយើងមានសមត្ថភាពអាចគិតបានគ្រប់ជ្រុងគ្រប់ជ្រោយនោះ យល់គ្រប់ស្ថានការណ៍ ដឹងថាអ្វីដែលត្រូវកើតឡើង ពេលនោះហើយ ដែលយើងចេះអន់ឱន មិនថាឱ្យខ្លួន ឬក៏អ្នកដទៃ។
មេរៀនទី១០៖ កុំមើលស្រាលគ្រប់យ៉ាងដែលនៅជុំវិញខ្លួន!
ពេលខ្លះយើងមិនសូវគិត ឬមើលស្រាលរឿងខ្លះៗ ដូចជា វេលា គ្រួសារ ស្នេហា សុខភាព មិត្តភក្តិ ការងារ យើងអាចគិតថាទាំងអស់នេះ នឹងនៅជាមួយយើងរហូត ដល់ថ្នាក់យើងលែងយកចិត្តទុកលើរឿងទាំងនេះទៀតហើយ។ ចុងក្រោយពេលដែលយើងបាត់បង់ម្ដងមួយៗ ទើបស្ដាយក្រោយ។ យើងត្រូវបែងចែកឱ្យច្បាស់ ថារឿងណាសំខាន់នៅពេលណា រួចត្រូវថែរក្សារ អ្វីដែលយើងកំពុងតែមានឱ្យបានល្អបំផុត តាមលទ្ធភាពដែលអាចធ្វើបាន។
ប្រភព៖ goodymy