កំឡុងពេលដែលនៅផ្ទះ ទៅណាមិនរួច អ្នកស្នេហាវិស័យរឿងភាគ ប្រាកដជាតាមដានដាច់យប់ មិនដេកមិនពួនហើយត្រូវទេ? ចា៎ ខ្ញុំក៏ដូចគ្នា។ រឿងកូរ៉េបានធ្វើឱ្យខ្ញុំឈ្លក់វង្វេងផ្គាប់មុខតែម្ដង សាកអស់ហើយ ទាំងម្ហូប ទាំងស្ទាយធ្វើខ្លួន ថែមទាំង Skincare routine ទៀត។ និយាយទៅដូចទន្សាយជាប់អន្ទាក់អ៊ីចឹង។ ជាមួយគ្នានេះដែរ ខ្ញុំក៏បានរៀន និងយល់ដឹងពីមេរៀនមួយចំនួន មិនថាទាក់ទងនឹងជីវិត ឬក៏ស្នេហាទេ។
១. What’s Wrong with Secretary Kim?
Photo: Netflix | Title: What’s Wrong with Secretary Kim? | Producer: Bon Factory WorldWide
វាជារឿងតូចតាចក្នុងរឿងស្នេហា តែសំខាន់បំផុតសម្រាប់ជីវិតគូ។ នៅពេលដែលយើងមានមនុស្សម្នាក់ ដែលយើងមានអារម្មណ៍ថាគេជាមនុស្សតែម្នាក់គត់ តែងតែឱ្យស្មាយើងផ្អែក ឱ្យភាពសប្បាយរីករាយមកយើង បន្ទាប់ពីការឆ្លងកាត់ថ្ងៃដែលលំបាកបំផុត មកដល់ផ្ទះមានមនុស្សម្នាក់នោះ ជួយសម្រាលអារម្មណ៍តានតឹងរបស់យើង វាពិតជាអារម្មណ៍ដែលល្អខ្លាំងបំផុត។
២. Legends from the Blue Sea
Photo: Netflix | Title: Legends from the Blue Sea | Producer: Studio Dragon
ពេលខ្លះយើងកុំបិទផ្លូវខ្លួនឯងពេក រឿងដែលត្រូវកើត វានឹងកើត មិនថារឿងល្អ ឬរឿងអាក្រក់នោះទេ។ ពេលខ្លះអតីតកាលវាពិតជាឈឺចាប់មែន វាពិតជាគួររាងចាលមែន តែមិនដល់ថ្នាក់បោះបង់ និងបិទផ្លូវយើងទេ។ បើកបេះដូងម្ដងទៀត ទោះឈឺឱ្យដឹងឈឺ តែបើអ្នកជួប Mr. or Ms. Right ហើយ យើងនឹងដឹងថា និស្ស័យពិតជាមានមែន។
៣. Crash Landing on You
Photo: Netflix | Title: Crash Landing on You | Producer: Studio Dragon
ពេលវេលាពិតជាផ្លាស់ប្ដូរមនុស្សពិតមែន ពេលខ្លះអ្វីដែលអ្នកកំពុងតែគិត គឺគ្រាន់តែជាការចងចាំប៉ុណ្ណោះ វាលែងជាការពិតទៀតហើយ។ ការពិតគឺយើងត្រូវសួរបេះដូងយើងម្ដងទៀត ថានេះជាអ្វីដែលយើងត្រូវការដែរឬទេ? ឬគ្រាន់តែជាការចង់ឈ្នះ ការដែលមិនចង់ឃើញខ្លួនឯងចាញ់? បោះបង់អតីតកាល ស្រវ៉ាបច្ចុប្បន្ន ដែលយើងកំពុងតែមាន ហើយមិនទាន់បាត់បង់វានៅឡើយ។
៤. She was Pretty
Photo: KDramaKisses | Title: She was Pretty | Producer: Bon Factory WorldWide
ធ្វើអ្វីដែលយើងស្រឡាញ់ យើងនឹងមិនមានអារម្មណ៍ថាហត់សូម្បីតែបន្តិច ទោះជាមានរឿងអ្វីកើតឡើងក៏ដោយ។ មិនមែនគ្រប់គ្នាសុទ្ធតែធំមកដឹងក្ដី ដឹងថាខ្លួនឯងចូលចិត្តអីទេ តែបើយើងដឹងវាជារឿងជោគជ័យជំហានដំបូងហើយ កុំខ្លាចបរាជ័យ ក្នុងការឱ្យខ្លួនធ្វើអ្វីដែលខ្លួនឯងស្រឡាញ់ បើពិតជាត្រូវបរាជ័យពិតមែន យើងក៏នៅមានពេលច្រើនទៀតសម្រាប់ធ្វើវាម្ដងទៀត សម្រាប់រកវិធីដោះស្រាយវាឡើងវិញ ឬក៏យល់ថាអ្វីជាអ្វី។ មួយជំហានទៅមុខ គឺជាការដើរទៅរកក្ដីសុខរបស់យើង។
៥. My Love From Another Star
Photo: Netflix | Title: My Love From Another Star | Producer: SBS
ការមានអ្នកណាម្នាក់ឈរខាងយើង នោះជាកម្លាំងចិត្តមួយចំណែកហើយ។ ប៉ុន្តែអ្នកដែលឈរខាងយើងមិនប្រាកដថាសុទ្ធតែជាមនុស្សល្អនឹងយើងនោះទេ ហើយអ្នកដែលឈរចាំតែស្ដីថាឱ្យយើង ក៏មិនប្រាកដថាមនុស្សអាក្រក់ដែរ។ ពេលខ្លះអ្នកដែលឈរខាងយើង អាចនឹងកំពុងសម្លឹងមើលផលប្រយោជន៍អ្វីម្យ៉ាង ឬចាំចាក់យើងពីក្រោយខ្នងក៏ថាបាន។ មិនមែនអ្នកជំទាស់យើង សុទ្ធតែមិនល្អទេ សាករៀនយល់ពីពួកគេខ្លះទៅ។
៦. Descendants of the Sun
Photo: Netflix | Title: Descendants of the Sun | Producer: NEW
កុំមើលមនុស្សតែសំបកក្រៅ មនុស្សមានរូបរាង ការនិយាយស្ដី ចរិតឬកពា មិនបញ្ជាក់ថាគេជាមនុស្សអាក្រក់ទាំងអស់ទេ។
៧. Crash Landing on You
Photo: Netflix | Title: Crash Landing on You | Producer: Studio Dragon
ធ្លាប់គិតអត់ថាពេលខ្លះយើងរឹងទទឹងពេក ប្រកែកពេក រហូតដល់យើងមិនអាចទៅរកអ្វីដែលយើងចង់បាន អ្វីដែលយើងស្រឡាញ់។ តែសុខៗបើយើងបណ្ដោយតាមវាសនាខ្លះទៅ បណ្ដោយឱ្យវាកើតឡើងទៅមើល ថាមានអ្វីកើតឡើងបន្តទៀត ថាមិនបានជួបមនុស្សដែលយើងចង់ជួប ដូចតួស្រី Son Ye-jin អ៊ីចឹង។
ប្រភព៖ Bride and Breakfast