(រឿង) នេះ​ហើយ​សន្យារ​បស់​បង​ | ភាគបញ្ចប់​

(រឿង) នេះ​ហើយ​សន្យារ​បស់​បង​ | ភាគបញ្ចប់​

ប្រលោមលោក
RY-LY-avatar-thumbnail

RY LY

21

12

2020-12-15T04:51:14.000Z


(ភាគបញ្ចប់)

និពន្ធដោយ៖ តំណក់ទឹកភ្លៀង​

....................................................................................................
សន្យាអង្គុយសម្លឹងមុខខ្ញុំឥតព្រេចហាក់កំពុងស្លង់អារម្មណ៍យ៉ាងខ្លាំង។ មិនដឹងចូលតួកម្រិតណាហើយទេ។ វាយកដៃចាប់ដៃខ្ញុំរួចឧទានតិចៗ៖
«កម្សត់...!»
ខ្ញុំសើច យកដៃញីក្បាលវា។
«នែ! ឯងគិតដល់ណាហើយ? មិនកម្សត់អីពេកទេវ៉ើយ គ្រាន់តែវ៉ល់តិចៗប៉ុណ្ណឹងតើ...»
«ហេតុអីក៏បងដូចជាអត់ពិបាកចិត្តសោះចឹង?»
«គឺនែ...ឥឡូវចេះវិញ! ចាំបងប្រាប់អាថ៌កំបាំងមួយតែហាមប្រាប់អ្នកនៅសាលាឮអត់?»
«អត់ទេ!»
ខ្ញុំឈ្លក់ក្អកខឹកៗ!
«ហ្អា? ថាម៉េចមិញ?»
ខ្ញុំក្រឡេកមកវាទាំងភ្ញាក់ ដំឡើងសំឡេងចាប់ទាញក្បាលវាមកកៀបក្រោមក្លៀករួចយកម្រាមដៃពីរកៀបច្រមុះវា «យ៉ើស! អាឡូវចេះឌឺផងហ្អេអាល្អិត ហ្អា...?»
«អូយបង...ហាហា...ខ្ញុំព្រមហើយ...បាក់ ក អាឡូវហ៊ើយ ជួយផង...ហាហា!!»
រាល់ដងសុទ្ធតែបាទៗឡើងសុភាព ឥឡូវចេះមិនស្ដាប់បញ្ជាផង!
«ប្រាប់ភ្លាម ឥឡូវព្រមអត់?»
«ព្រមហើយ!!...លែងសិនទៅបង! ព្រមហើយ...ជួយ...»
«អត់ទេ! កាវដៃសិនទើបបាន!»
«Ok Ok!»
ខ្ញុំចាប់វាកាវដៃរួចហើយទើបខ្ញុំព្រមដោះលែងវា។
«បងឯងនេះអាងតែមាឌធំធ្វើបាបគេ?»
«យី នរណាឲ្យឯងមិនស្ដាប់បញ្ជា Senior ធ្វើអីហ្អា?»
«ចឹងមិនដឹងសួរធ្វើអីទេបើប្រកែកមិនបានផង!»
ខ្ញុំសើចខឹកៗទើបយកដៃកៀកស្មាវានិយាយបន្ត៖
«ឥឡូវបកមករឿងយើងវិញ! តាមពិតបងជាសង្សារជួលរបស់លីហ្សាទេ!»
«សង្សារជួល?»
«អឺ! គឺសង្សារជួល! កុំប្រាប់ថាមិនដែលឮហា៎...»
«ធ្លាប់ឮម្ដង!»
«មែន?»
«មែនតា៎ ឮពីបងឯងហ្នឹង!»
ខ្ញុំលើកកណ្ដាប់ដៃ៖
«សន្យាប្អូនសំឡាញ់ ស្គាល់កណ្ដាប់ដៃបងយុទ្ធហេ៎?»
«ហាហា និយាយលេងតើបង! ប្រាប់តិចបានអត់ សង្សារជួលម៉េចទៅ?»
«ឯងពិតជាអត់ដឹងមែន ឬក៏ធ្វើពើទេនៀក?»
«អត់ដឹងមែនទែនហា៎បង! និយាយមុខស្មើ!»
«គឺ...គេជួលបងសម្រាប់កំដរគេហ្នឹងណា៎! ដើម្បីការសប្បាយបែបយុវវ័យស្រីប្រុសអីអស់ហ្នឹង! គេត្រូវការរូបកាយបងមិនមែនបេះដូងទេ! ឯងយល់អត់? ហើយបងក៏ត្រៀមចិត្តសម្រាប់ថ្ងៃនេះដែរ ថ្ងៃដែលគេភ្ជាប់ពាក្យព្រោះបន្ទាប់ពីរៀនចប់គេរៀបការហើយ!»
សន្យាចំហមាត់ធ្លុងហាក់ហួសចិត្ត៖
«មានសង្សាររបៀបហ្នឹងដែរ?»
«អឺមាន! បងដូចជាមិនសូវខ្វល់ខ្វាយច្រើនផងព្រោះគ្រាន់តែជាការសប្បាយ ហើយភារកិច្ចបងក៏ត្រូវបញ្ចប់!»
«ចុះបងអត់មានគិតចង់ស្រលាញ់ស្មោះទេ?»
ខ្ញុំញាក់ស្មាបន្តិច៖
«បងមិនជឿរឿងចឹងៗទេ តែបើមានមែនក៏បងមិនទាន់ដឹងថាត្រូវស្រលាញ់នរណាដែរ!»
«ឧទាហរណ៍ថាថ្ងៃមួយបងជួបនឹងស្នេហ៍ស្មោះ ជួបនឹងមនុស្សដែលហ៊ានលះបង់គ្រប់យ៉ាងដើម្បីបង បងគិតម៉េចវិញ?»
«មិនដឹង! ប្រហែលបោកលុយគេចាយឲ្យច្រើនៗដឹង!»
«បងយុទ្ធហ៎! សួរមែនទែនហា៎!»
«យី ចុះបងនិយាយមែនតា៎!»
«ឈប់និយាយជាមួយបងឯងហើយ!»
គេងរខ្ទើតបែបកូនក្មេងបាត់។ ខ្ញុំបន្ត៖
«ហាហា អឺៗ...គឺបង...ប្រហែល...ស្រលាញ់គេវិញដែរហ្នឹងហា៎!»

សន្យាងាកមកវិញសម្រួលទឹកមុខហើយលេបទឹកមាត់ក្អឹកហាក់ចង់និយាយអ្វីមួយ។
«ចង់និយាយអីហា្អស?»
«ចុះបើខ្ញុំ...បើខ្ញុំ...!»
«យ៉ាងម៉េច....»
ខ្ញុំមិនទាន់បញ្ចប់ប្រយោគផងស្រាប់តែ៖
«ខ្ញុំ...ស្រលាញ់...បង...យុទ្ធ...»
វានិយាយទាំងរដាក់រដុបរួចកញ្ឆក់ស្រាពីដៃខ្ញុំទៅផឹកក្អឹកៗ។ ខ្ញុំហាក់ភាំងហ្នឹងប្រយោគចុងក្រោយនេះមួយសន្ទុះទើបនឹកឃើញស្ទុះទៅខាត់វា៖
«នែ បានហើយ! ឯងមិនចេះផឹកទេ!»
«កុំឃាត់ខ្ញុំបង! ខ្ញុំចង់ភ្លក់ Lifestyle ដូចបងឯងដែរ!»
«កំពុងនិយាយពីស្អីហ្អា៎? Lifestyle ស្អីឯង?»
«គឺ...ចង់យល់ពីការគិតបងឯងឲ្យច្រើនជាងនេះ!»
«មិនបាច់ធ្វើដល់ថ្នាក់ហ្នឹងទេ! បងយល់! ធ្វើកុំភ័យពេកមើល! បងស៊ាំហ្នឹងពាក្យហ្នឹងហើយ!»
វាមើលមុខខ្ញុំយ៉ាងយូរ៖
«ខ្ញុំដឹងថាបងមិនស្រលាញ់ខ្ញុំទេ តែ...»
«តែយ៉ាងម៉េច?»
«តែ...បងអាចធ្វើជា...សង្សារជួល...របស់ខ្ញុំ...ដូចបងលីហ្សាដែលបានអត់?»
សន្យានិយាយរដាក់រដុបទាំងអោនមុខចុះ។ ខ្ញុំលើកចិញ្ចើមហាក់ផាំងមួយសន្ទុះធំ...
----------------------------------------

សំឡេងសើចក្អាកក្អាយរបស់កូនសិស្សក៏លាន់ឡើងបន្ទាប់ពីកណ្ដឹងចេញទៅផ្ទះរោទ៍។ ខ្ញុំនឹងមិត្តភ័ក្ដិ ២-៣ នាក់កំពុងតែប្រលែងគ្នាលេងតាមផ្លូវចេញពីថ្នាក់រៀន ហើយប្រធានបទរបស់ពួកយើងគឺគ្មានអ្វីក្រៅពីរឿងបែកគ្នារបស់ខ្ញុំទេ៖
«នែ អាយុទ្ធ! ឲ្យតែហ្អែង Single ចឹងអញដឹងតែភ័យម៉ងហ្អា! តែប៉ុណ្ណឹងស្រីៗក្នុងថ្នាក់ឈប់មើលមុខអញទៀតហើយវ៉ើយ! អាប្រកាច់យ៍!»
ខ្ញុំសើចលើកចិញ្ចើមម្ខាងជាសញ្ញានៃមោទនភាពដាក់ពួកវាព្រោះថាថ្ងៃនេះខ្ញុំទទួលការសួរសុខទុក្ខពីស្រីៗក្នុងថ្នាក់ច្រើនមែន។ ខ្ញុំតប៖
«នែ មិនបាច់ភ័យទេ! តិចទៀតគ្នាមានវិញហើយ! សុំពេលតែមួយរយៈខ្លីទេ!»
«ឲ្យតែដូចមាត់វ៉ើយ!»
«អឺ ធានា!»
ខ្ញុំវៃក្បាលវាមួយទើបនិយាយ៖
«នែទៅមុនទៅ! ល្ងាចចឹងស្ទះណាស់ គ្នារកកន្លែងអង្គុយលេងបន្តិចសិនចាំទៅផ្ទះ!»
«មិនមែនទៅដើររកមើលសិស្សប្អូនណា៎ហ្អី? អាព្រាន...!»
«យីអើ! បើដឹងហើយសួរធ្វើអីទៀតហ្អា! ទៅៗ! Bye bye!»
«អឺ Bye bye! អាយុទ្ធកំពូលព្រាននារី!»

គិតៗទៅពួកនេះឯងចង់ធ្វើអីក៏វាដឹងដែរ។ ហ៊ើយ! ពេលនេះជើងខ្ញុំកំពុងដើរសំដៅទៅអគារពួក Freshman មែន តែមិនមែនទៅលួចមើលសិស្សប្អូនស្រីៗស្អាតៗអីទេ គឺចង់ទៅអើតមើលសិស្សប្អូនកំពូលតោងបន្តិច មិនដឹងយ៉ាងម៉េចហើយទេ។ ដើរបណ្ដើរនឹកក្នុងចិត្តរឿងយប់មិញបណ្ដើរព្រោះចង់មើលមុខសន្យាពេលនេះ។ មើលទៅបែបអៀនខ្លាំងហើយទើបមិនឃើញមកក្រវែលៗមុខថ្នាក់ខ្ញុំដូចរាល់ដង។ កំពុងនឹកដើមស្រាប់តែឃើញវាបាត់ កំពុងអង្គុយលើស្មៅនិយាយលេងជាមួយមិត្តសំណព្វគេ ២-៣ នាក់សុទ្ធតែស្រីៗ។
«អេ! សន្យា!»
គ្រាន់តែឃើញខ្ញុំវាងើបឡើងស្ទុះភ្លែតរត់វឹងអត់បកក្រោយតែម្ដង។ ខ្ញុំរត់ដេញតាម៖
«អេ ឯងម៉េចហ្នឹង? អេៗ...!»
ស្លន់ចុះឡើងៗ វាចូលក្នុងបន្ទប់ទឹកចាក់សោបាត់។
«សន្យាហ្អា! ចេញមកនិយាយគ្នាសិន!»
«ខ្មាសបងឯងហ្អា...!»
ខ្ញុំឮសំឡេងវារអ៊ូរងូវៗពីក្នុងមក។
«នែ ឥឡូវចេញអត់?...បើមិនចេញ...»
ខ្ញុំនឹកឃើញទាន់ក៏បង្អង់សំឡេង៖
«ល្អ! បើមិនចេញបងទៅហើយចឹង! ខ្ចិលរំខាន!»
មួយស្របក់ធំ មាត់ទ្វាក៏របើកឡើង។ សន្យាដើរមួយៗចេញមកមើលឆ្វេងមើលស្ដាំ តែក៏៖
«ផាំង!»
ក្បាលវាជល់នឹងដើមទ្រូងដ៏មាំរបស់ខ្ញុំ ខ្ញុំអស់សំណើច៖
«ហាហា, ស្ទាយពួនក្រោយទ្វារនៅតែមានប្រសិទ្ធភាព!»
«បងយុទ្ធហ៍...!»
ខ្ញុំចាប់កៀកកវា៖
«នែ! រួចអីក៏អៀនម៉េសហ្អា? លេងរត់ចោលគ្នាចឹង? ដឹងអត់ថារត់តាមហត់ចង់ងាប់!»
«ខ្មាសគេ...!»
«បងអ្នកខាតបងមិនមាត់ផង ចុះឯងហ្នឹងខ្មាសអី? និយាយពីថាយប់មិញនេះពិតជា...»
សន្យាយកដៃខ្ទប់មាត់ខ្ញុំ៖
«បងឯងហាមរំឭក...!»
ខ្ញុំពេបមាត់ដាក់វាព្រោះយប់មិញនេះគឺថា៖
---------------------------------------------------

[កាលពីយប់មិញ]
«បងយុទ្ធម៉េចបងមិនមាត់ចឹង!»
«គឺ...មិនដឹងឆ្លើយថាម៉េច!»
«ខ្ញុំដឹងហើយថាបងគិតម៉េច! វាមិនអាចទៅរួចទេមែនទេ? ពិតហើយ ខ្ញុំជឿថាអញ្ចឹង!»
«ម៉េចក៏ថាទៅមិនរួច?»
«ចុះម៉េចក៏បងអត់និយាយ?»
«អត់និយាយក៏មិនមែនបានន័យថាមិនព្រមដែរ!»
«ហ្អា? ចឹង...ចឹងបងព្រម? យេៗ!»
«អត់ទេ!»
«អូយ! បងឯងធ្វើបាបខ្ញុំម៉េសនៀក? មិនដឹងចម្លើយបងឯងស្អីគេទេ!»
«គឺប្រាប់ថាមិនដឹងហ្នឹងហើយ!»
«ចឹងសុំអោបមួយមកណាបងយុទ្ធ!»
«ហ្អា?»
មើលទៅសន្យាវាស្រវឹងមែនទែនហើយព្រោះវាផឹកនៅក្នុង Pub ផង។ ឥឡូវមកផឹក Beer ដែលខ្ញុំយកមកនេះទៀត។ មុខវាឡើងក្រហមងាំង។ បែបមិនធ្លាប់ផឹកពីមុនមកទេក៏មិនដឹង។ មិនទាន់ទាំងឆ្លើយថាម៉េចផងវាស្ទុះមកអោបខ្ញុំមែន ហើយបបូរមាត់ខ្ញុំក៏ត្រូវគ្របពីលើបាត់។ យី! ខ្ញុំគួរតែដាល់វាមួយដៃទេនៀក? អារម្មណ៍ខ្ញុំយ៉ាងម៉េចអញ្ចេះ? ហេតុអីក៏លើកដៃមិនរួច? ខ្ញុំចាប់ផ្ដើមទទួលអារម្មណ៍កក់ក្ដៅចម្លែកម្យ៉ាងដែលមិនធ្លាប់ប្រទះពីមុនមក។ ទេ! ឯងកំពុងគិតអីអញ្ចេះអាយុទ្ធ? ឯងឆ្កួតទេដឹង នេះប្រុសដូចគ្នាណា៎វ៉ើយ? ខ្ញុំចាប់ស្មាវារុញចេញ៖
«សន្យា ឯង...»
និយាយបានតែប៉ុណ្ណេះ មាត់ខ្ញុំក៏ត្រូវមាត់វាសង្កត់ម្ដងទៀត។ ខុសពីលើកមុន ខ្ញុំគ្មានកម្លាំងនឹងច្រានវាចេញទេ ប៉ុន្តែដៃខ្ញុំបែរជាចាប់ផ្ដើមអោប ក វាទៅវិញ។ ប្រហែល ២ នាទីក្រោយមកទើបខ្ញុំអាចបញ្ចាខួរក្បាលឲ្យបញ្ឈប់សកម្មភាពនេះមុនពេលស៊ីជម្រៅព្រោះកុំភ្លេចថាយើងកំពុងនៅកន្លែងសាធារណៈ។ ទម្រាំលួងសន្យាជូនមកផ្ទះបានជិតភ្លឺល្មម។
----------------------------------------

សន្យានៅឈរបែរខ្នងព្រោះមិនហ៊ានប្រឈមមុខហ្នឹងការពិតនៅឡើយ។ ខ្ញុំលលេង៖
«នែសិស្សប្អូនហា៎ គ្រាន់តែស្រាចូលខ្លួនបន្តិចសោះម៉េចក៏ចេញចរិតពិតម៉្លឹងៗហា៎?»
«គឺ...មិនធ្លាប់ផឹកពីមុនផង ហើយម្យ៉ាងមកពី...បេះដូងវាឡប់ៗចឹង...!»
ដល់ពាក្យថា «បេះដូង» នេះ សន្យាវានិយាយសឹងស្ដាប់មិនឮ។ ខ្ញុំញញឹម៖
«ចង់ទៅញ៉ាំសាច់អាំងជាមួយគ្នាអត់?»
«ទៅ!»
«ហ្អា? ម៉េចក៏ទៅ? ក្រែងប្រឹងគេចហី? បងនិយាយបង្ហើរលេងសោះ!»
«បានហើយបង ឈប់ឌឺខ្ញុំបានហេ? ម៉ិញហ្នឹងត្រៀមចិត្តមិនទាន់បាន!»
«ចុះឥឡូវ?»
«ឥឡូវបានហ៊ើយព្រោះមានប្រុសស្អាតលួង ហិហិ!»
ខ្ញុំអោនទៅខ្សឹបដាក់ក្បែរត្រចៀកវា៖
«នែ ថ្ងៃក្រោយបើចង់ចាប់បងកុំលេងឆៅៗនៅកន្លែងសាធារណៈចឹងហា៎! គួរទៅរកកន្លែងសមគួរបន្តិច...ហាហា!»
«ថាឲ្យឈប់មាត់បងយុទ្ធ..!»
សន្យាវាលោតមកខ្ទប់មាត់ខ្ញុំ តែចាំតែឲ្យវាចាប់ងាយៗឯណា ខ្ញុំរត់ប្រុច។ ពួកយើងរត់ចុះឡើងប្រឡែងគ្នាធ្វើឲ្យសិស្សម្ដុំនោះមើលមកប្រៀត។ គិតទៅសមតែវាមកលួងខ្ញុំ តែហេតុអីខ្ញុំជាអ្នកលួងវិញនៀក? កុំខ្វល់ ដឹងត្រឹមថាបាត់វាដូចអត់សុខម៉េចមិនដឹង។
-------------------------------------

[នៅកន្លែងហាត់ប្រាណ]
ខ្ញុំទម្លាក់ដុំដែកចុះទាំងហត់គឃូស ដើរទៅយកទឹកត្រជាក់មកអង្គុយផឹកក្បែរកូនត្រេនម្នាក់ដែលមកអង្គុយញឹមៗក្បែរនេះ៖
«អ្នកប្រុសសន្យាហា៎ ក្រែងប្រាប់ថាមកហាត់ប្រាណមែនអត់?»
«បាទ!»
«ចឹងគួរផ្ដោតលើការហាត់ មិនមែនផ្ដោតលើបងទេ Ok?»
«បងឯងហាត់ក៏ហាត់ទៅ ខ្ញុំមើលតែខ្ញុំតើ ហិហិ!»
«ចុះចេញពីហ្នឹងទៅចង់តាមបងដល់បន្ទប់គេងទៀតអត់?»
«បងយុទ្ធហ៍ ឌឺគេរហូត!»
«ចុះបើតាមគ្រប់កន្លែងហើយហ្នឹង! កន្លែងរៀន កន្លែងធ្វើការ កន្លែងហាត់ប្រាណ នៅសល់តែកន្លែងគេងមួយទៀតទេ!»
«ឲ្យតែបងឯងឲ្យទៅ ហិហិ!»
«ហា៎? ថាម៉េចមិញរង៉ូវៗ!»
«អត់អីទេ! តែឥឡូវបងឯងពាក់អាវវិញសិនបានអត់?»
«ថីឯង? បងបែកញើសហា៎ ខ្ជិលពាក់!»
«តែខ្ញុំចង់ឲ្យពាក់ លឿនឡើងនេះ!» គេយកអាវមកស៊ក ក ខ្ញុំ រអ៊ូតិចៗ «បើបងឯងមិនពាក់ទេស្រីៗអស់ហ្នឹងទៅណាមិនរួចទេ!»
ខ្ញុំទើបតែចាប់អារម្មណ៍ងាកសម្លឹងជុំវិញ។ គួរឲ្យអស់សំណើចដែរ៖
«ប្រច័ណ្ឌមែន?»
«ណាថា! គ្រាន់តែបារម្ភខ្លាចគេគ្រោះថ្នាក់ បើខ្លួនហាត់បែរទៅត្បូង ភ្នែកសម្លឹងមកលិចយ៉ាងៗហ្នឹង!»
«ចុះចែកគ្នាមើលខ្លះទៅមានអីខុស ហាហា!»
«បងឯងចង់ឲ្យខ្ញុំជូនទៅផ្ទះអត់?»
«មកជាមួយគ្នា បើឯងមិនជូនទេ ចង់ឲ្យបងដើរទៅមែន?»
«ចឹងត្រូវស្ដាប់ខ្ញុំ!»
យីចេះគំរាមទៀត ហាហា។
កំពុងជិះតាមផ្លូវ៖
«បងយុទ្ធ Weekend ហ្នឹងខ្ញុំត្រូវទៅធ្វើ Survey នៅគិរីរម្យ! បងចង់ទៅហេ៎?»
«អត់ទេ! បងរវល់ហើយ! ដានីណាត់បងទៅញ៉ាំអី!»
និយាយហើយខ្ញុំដៀងភ្នែកទៅមើលគេ។ សន្យាធ្វើមុខស្អុយប៉ែ សម្លក់មក៖
«ក្រែងបងឯងប្រាប់ថាមិនស្រលាញ់ម្នាក់សិស្សប្អូនដានីហ្នឹងទេហី?»
ខ្ញុំញាក់ស្មាព្រោះខ្ញុំធ្លាប់និយាយប្រាប់គេពិតមែន៖
«ពេលណុងបងទើបបែកពីលីហ្សា មិនទាន់ធ្វើចិត្តបាន! តែឥឡូវបងអូខេហើយ មានអីខុស!»
គេងាកមុខចេញចាប់ផ្ដើមរអ៊ូរងូវៗម្នាក់ឯង៖
«ហ៍ បងឯងនេះ អត់ចិត្ត មិនដែលគិតពីគេ មិនដែលខ្វល់...»
បានត្រឹមនេះក៏ស្ងាត់វិញ... ខ្ញុំអស់សំណើចដែរព្រោះអាល្អិតនេះពេលខឹងទៅមុខឡើងក្រហមគួរឲ្យស្រលាញ់ណាស់។ ចង់ញុះលេងទុកគ្រាន់មើល ប៉ុន្តែនឹកឃើញទាន់ក៏សួរ៖
«ចុះក្រែងយើងហ្នឹងទើបតែឆ្នាំទីមួយសោះ Survey អីដែរ?»
«ខ្ញុំទៅជួយបងខេមរៈទេ!»
«ខេមរៈណា?»
«ប្រុសស្អាត Junior (និស្សិតឆ្នាំទី៣) ខាង DIS (Department of International Relations)!»
ខ្ញុំជ្រួញចិញ្ចើម៖
«ហើយម៉េចទៅស្គាល់សិស្ស DIS វិញ?»
«ខ្ញុំធ្លាប់រៀនអង់គ្លេស Part Time ជាមួយគ្នា! ឥឡូវគ្នាក្រុមគាត់ពីរនាក់ទៀតរវល់ទើបគាត់ហៅខ្ញុំទៅជួយ!»
«អញ្ចឹងទៅតែពីរនាក់ទេ?»
«បាទ!»
ខ្ញុំជាន់ប្រាំងឡានងក់ សន្យាភ្ញាក់អុកក្បាលទៅហ្នឹងកញ្ចក់ទ្វា។ គេស្រែក យកដៃអង្អែលក្បាល៖
«អូយ៍ បងយុទ្ធ!»
«ហើយគិតម៉េចបានទៅតែពីរនាក់ហា៎!?»
«ហើយចុះមានទាស់ស្អី?» គេឆ្លើយមកវិញ «មិនមែនប្រុសស្រីណា៎! បើបងឯងមិនទៅ មានតែពីរនាក់អញ្ចឹងទៅ!»
ខ្ញុំចាប់ទាញដៃគេប្រុងនិយាយតែក៏... ហេតុអ្វីត្រូវខឹង? ក្រែងខ្ញុំកំពុងទាក់ទងស្រីស្អាតដានីហេ? ទើបណាត់គ្នាមើលកុន ញ៉ាំអីចុងសប្ដាហ៍ហ្នឹងផង។ ខ្ញុំសម្រួលអារម្មណ៍ ដកដង្ហើមធំមួយ៖
«អត់អីទេ!»
សន្យាធ្វើភ្នែកស្លឺរួចរំកិលមកជិតខ្ញុំដៀងភ្នែកសួរ៖
«បងប្រច័ណ្ឌមែន?»
«រឿងអីត្រូវប្រច័ណ្ឌ? គ្រាន់ចង់ថា....ចង់ថា....ទៅទុកចិត្តអីអាប៉ិខេមរៈណាណីហ្នឹង? មិនស្គាល់គេច្បាស់....ហើយគួរតែមានគ្នាច្រើនជាងហ្នឹង...»
ខ្ញុំនិយាយទាំងតតាក់តតុបព្រោះប្រឹងរកនឹកពាក្យ។ គេធ្វើមុខឆ្ងល់៖
«ហើយបើមិនប្រច័ណ្ឌស្ទុះមកចាប់ដៃគេធ្វើអី? យ៉ាប់...»
ខ្ញុំជាន់ហ្គារឡានឲ្យស្ទុះទៅមុខព្រោះកំពុងម៉ូវចិត្ត។ ចង់សប្បាយជាមួយអាមុខងាប់នោះណាស់មែនទេ? សន្យាស្រែកយ៉ៃ៖
«បងយុទ្ធ......!!!!!!!!!!!»
ដល់ផ្ទះគេភ្លាមខ្ញុំបើកទ្វារឡានចុះដោយមិនបានមើលមុខគេទេ។ សន្យាបើកទ្វារចេញមកក្រៅស្រែកសួរ៖
«ហើយបងឯងជូនខ្ញុំមកដាក់នៅផ្ទះចឹងបងឯងបានអីជិះទៅវិញ?»
«ផ្ទះរំលងគ្នាពីរ-បីផ្លូវសោះ! អាយុទ្ធដើរបាន!»
ខ្ញុំស្រែកទាំងមិនមើលក្រោយ ប៉ុន្តែ....!!! ដើរដល់មុខផ្ទះ ខ្ញុំទុចងក់ក្ដាប់ដៃដើរបកក្រោយវិញ។ សន្យាគេឈរភាំងបែបប្រុងសួរភ្លេចអី តែខ្ញុំកាត់គេមុន៖
«ហើយមិញមានត្រូវក្បាលអត់?»
ខ្ញុំចាប់ស្មាគេទាំងសងខាងទាញមកជិត រួចវែកសក់មើល។ សន្យាមុខក្រហម ភ្នែកគេទម្លាក់ចុះមិនមើលមុខខ្ញុំសោះ។ ខឹងមែន តែក៏លាយអៀនដែរព្រោះខ្ញុំទាញគេសឹងតែផ្អឹបនឹងទ្រូងទៅហើយ។ គេតបបែបឌឺ៖
«ចាំបាច់សួរធ្វើអី?»
«បារម្ភ! យល់?» ខ្ញុំតបទាំងឌឺទៅវិញ។
«អត់មានត្រូវអីទេ!» គេព្យាយាមគេចក្រសែភ្នែកខ្ញុំ រួចក៏រុញទ្រូងខ្ញុំចេញ ប៉ុន្តែខ្ញុំទាញដៃគេអូសចូលផ្ទះ៖
«ពកក្បាលប៉ុណ្ណឹងហើយនៅថាអត់អីទៀត!»
លាបប្រេងកូឡាឲ្យគេបណ្ដើរ ខ្ញុំនិយាយបណ្ដើរ៖
«សុំទោស!»
គេមើលមុខខ្ញុំហើយនិយាយស្ទើរឮ ស្ទើរមិនឮ៖
«បងឯងគួរចំណាយពេលមើលថែដានីវិញល្អជាង!»
«ហើយឯងហ្នឹងចង់ឲ្យអាខេមរៈមកលាបឲ្យវិញបានពេញចិត្តមែន?»
គេទាញដៃខ្ញុំចេញ៖
«ខ្ញុំចេះមើលថែខ្លួនឯងហើយ!»
និយាយបានតែប៉ុណ្ណេះស្រាប់តែទឹកភ្នែកគេស្រក់មកតែម្ដង។ ដំបូងខ្ញុំនិយាយបែបមុខមាំសម្លុតគេ តែដល់ពេលអញ្ចឹងខ្ញុំទៅជាទាក់ទើរ ទន់ដៃជើងទន់អស់។
«សន្យា!...»
ខ្ញុំរាងទាក់ទើរមួយស្របក់ទើបអោនចុះចាប់ដៃគេ៖
«ហើយឯងយំធ្វើអី! ខឹងបងរឿងបើកឡានមែន?»
គេគ្រវីក្បាល ហើយយំខ្លាំងៗតែម្ដង។ ស្លាប់ហើយខ្ញុំពេលនេះ។ ខ្ញុំក្រឡេកមើលឆ្វេងស្ដាំក្រែងប៉ា-ម៉ាក់ ឬអ្នកបម្រើគេឃើញ តែក្នុងផ្ទះស្ងាត់ឈឹង។ ហើយម៉េចក៏ខ្ញុំធ្វើមើលតែលួងសង្សារអញ្ចឹងនៀក។
ហេតុអ្វីខ្ញុំទៅជាថប់ៗពិបាកដកដង្ហើមពេលឃើញបែបនេះ។ យ៉ាងម៉េចអញ្ចេះ។ គេដកដៃចេញ៖
«បងទៅផ្ទះចុះ! ខ្ញុំអត់អីទេ!»
ថាហើយគេរត់ឡើងទៅបន្ទប់គេនៅជាន់លើបាត់។ ដឹងច្បាស់ហើយថាកូនត្រេននេះស្រលាញ់ខ្ញុំ ប៉ុន្តែ...ប៉ុន្តែយើងម៉េចហ្នឹងអាចទៅរួច? ត្រូវហើយ ដានីជាអាទិភាព។
------------------------------------------

[ថ្ងៃគេចេញដំណើរ]
«សង្ហាជាងក្នុងរូបថតទៅទៀត! ចឹងតា៎បានជាសន្យាលង់ម្ល៉េះ!»
ខ្ញុំកំពុងរអ៊ូតិចៗម្នាក់ឯងនៅជ្រុងម្ខាងក្បែររបងផ្ទះសន្យាព្រោះឃើញអាប៉ិនោះឈររេរាៗរង់ចាំតាំងពីម៉ោងប្រហែល ៦ កន្លះព្រឹក។ ចំណែកខ្ញុំមែនទេ? មកដល់តាំងពីម៉ោង ៦ ព្រោះបារម្ភអាល្អិតនេះ។ ប្រហែលជាមិនដឹងខ្លួនចាញ់បោកគេទេមើលទៅ។ គ្រាន់តែសន្យាបម្រុងដើរទៅឡានគេនោះ ខ្ញុំស្ទុះវឹងទៅកៀក ក គេ៖
«ហើយខឹងបងប្រុងលេងរត់ចឹងហីហា៎?»
«ហា៎???? បងយុទ្ធ...!»
«ហា៎ស្អី!ក្រែងបងប្រាប់ថាចាំនាំដើរលេងថ្ងៃហ្នឹងហី!»
មិនឲ្យសន្យានិយាយទាន់ ខ្ញុំស្រែកឮៗ៖
«សួស្ដីខេមរៈ!»
មាត់និយាយសួស្ដីតែក្នុងចិត្តនិយាយពីថាជ្រេញ។ ខ្ញុំនឹកឃើញថ្ងៃដែលយើងឈ្លោះគ្នានោះអារម្មណ៍ខ្ញុំវិលវល់ពេញមួយថ្ងៃរហូតដល់ម៉ោងជាង ២ភ្លឺ ចប់ការងារប៉ុន្តែខ្ញុំគេងមិនលក់សោះ។ នឹកឃើញទាន់ខ្ញុំក៏ឆាតទៅអាមិត្តសំឡាញ់ខ្ញុំប៉ុន្មាននាក់ភ្លាមថាមាននរណាស្គាល់អាប៉ិខេមរៈហ្នឹងអត់ព្រោះខ្ញុំចង់ស្គាល់មុខ។ ធម្មតាសិស្ស DIS មិនច្រើនទេ អ៊ីចឹងភាគរយគឺខ្ពស់ណាស់។ ចម្លើយពីគូកនដែលធ្វើឲ្យខ្ញុំ Surprise បំផុតគឺថា៖

[អាមួយហ្នឹងព្រាន ស្រីក៏បាន ប្រុសក៏បាន។ ពិសេសវាចូលចិត្តយកភាពសង្ហាទៅបោកពួកសិស្ស Gayក្មេងៗ អ្នកមានៗឲ្យទិញរបស់ល្អៗឲ្យវា ឬឲ្យលុយវាចាយអីអស់ហ្នឹង...]

បានដៃខ្ញុំតែម្ដងព្រោះចាំតែឲ្យហ្អែងធ្វើស៊ីសន្យាបានតា៎អានាង។ ចាត់ទុកថាធ្វើបុណ្យជួយសិស្សប្អូនទៅចុះ។ ខ្ញុំក៏ពឹងគេឲ្យជួយតាមដានថតរូបខ្លះៗទុកបង្ហាញសន្យាព្រោះកូនត្រេនហ្នឹងក្បាលរឹងណាស់ ប្រាកដជាមិនជឿពាក្យចាស់នេះប្រាប់ទេ។ ឮសន្យាថាពីរសប្ដាហ៍ទៀតទើបទៅគឺសល់ពេលល្មមតែម្ដង ហិហិ។
«អូហ៍ សួស្ដី! ហើយបងត្រូវជា...?» គេតបបែបឆ្ងល់។
«អរ! ដូចឃើញស្រាប់ហើយ!»
«សង្សារគ្នា?» គេសួរ។
ខ្ញុំញញឹមយ៉ាងស្រស់ ទាញសិស្សប្អូន 69 កាន់តែកៀក។ សន្យាមើលមុខខ្ញុំប្រុងនិយាយកាត់ ប៉ុន្តែខ្ញុំខ្ទប់មាត់គេជាប់៖
«ខេមរៈហា៎ គឺថាអញ្ចេះ! គឺយើងឈ្លោះគ្នាទើបគេចង់គេច។ តែថ្ងៃនេះខ្ញុំសុំត្រូវរ៉ូវគ្នាវិញ។ សង្ឃឹមថាឯងយល់! សុំទោសណា!»
និយាយហើយខ្ញុំញញឹមយ៉ាងស្រស់រួចទាញអាល្អិតនោះចូលក្នុងផ្ទះវិញ បិទរបងគ្រឹបទុកឲ្យបងសង្ហាខេមរៈនៅឈរអេះអុញម្នាក់ឯង។ ហាហា ទៅណាក៏ទៅៗវ៉ើយ តែហាមយកកូនក្មេងម្នាក់នេះទៅ!

ដោយសារខ្ជិលបកស្រាយ ដើរបណ្ដើរខ្ញុំក៏ទាញទូរស័ព្ទមកបង្ហាញសន្យាបណ្ដើរ។ មានទាំងរូបភាពគេផ្អែមល្ហែមជាមួយសង្សារ និងសារដែលមិត្តរបស់ខ្ញុំផ្ញើមក។ ពិតជាមិនខកបំណងមែន។ សន្យាគេទុចងក់ អូសមើលហើយធ្វើមុខភ្ញាក់ផ្អើល។ ខ្ញុំនិយាយបែប Confident៖
«ដឹងនៅថាហេតុអីបងមិនចង់ឲ្យឯងទាក់ទងគេ!»
«ប៉ុន្តែបងបានរូបអស់ហ្នឹងមកពីណា?» គេនិយាយទាំងមិនបានក្រឡេកមើលខ្ញុំ។
«មិនបាច់ឆ្ងល់ទេ! ដឹងត្រឹមថាខេមរៈមិនមែនជាមនុស្សល្អទៅបានហើយ! ប្រយ័ត្នបោសគូទខោដោយសារវា! ហើយមិនបាច់អរគុណបងក៏បានដែរ! ហាហា»
ខ្ញុំនិយាយទាំងមានមោទនភាព តែអ្វីដែលខ្ញុំទទួលបានគឺ៖
«មិនបានអរគុណ ហើយក៏មិនចង់អរគុណ!»
គេហុចទូរស័ព្ទឲ្យខ្ញុំវិញបម្រុងដើរចេញ។ ខ្ញុំក្ដៅស្លឹកត្រចៀកឆេវមួយរំពេចទាញដៃគេ៖
«ហេតុអីហា៎? ឯងដឹងអត់ថាបងហត់ប៉ុណ្ណាទម្រាំបានភស្តុតាងទាំងអស់ហ្នឹង!»
គេសម្លឹងមើលមុខខ្ញុំយ៉ាងយូរទើបនិយាយ៖
«គេជាព្រាន ចុះបងជាស្អីដែរ? ស្រីប៉ុន្មាននាក់ហើយដែលធ្លាប់សម្ងំក្រោមទ្រូងបងឯង?»
ខ្ញុំជ្រួញចិញ្ចើម គាំងរកឆ្លើយមិនឃើញព្រោះក្រសែភ្នែកគេហាក់ Serious ខ្លាំង។ គេបន្ត៖
«បងហាមខ្ញុំ តែខ្លួនឯងបែរជា....» គេបង្អាក់បន្តិចទើបបន្តដូចទឹកធ្លាយទំនប់ «ខ្ញុំមិនយល់ថាបងគិតយ៉ាងម៉េចជាមួយខ្ញុំទេ មិនស្រលាញ់ តែក៏មិនឲ្យមានសេរីភាព! អ្វីដែលសំខាន់គឺខ្ញុំមិនបានស្រលាញ់គាត់ ប៉ុន្តែ..........» គេឈប់បន្តិចមុនពេលបន្តទាំងទើសទាល់ «ប៉ុន្តែបែរជាលួចសង្ឃឹមលើមនុស្សម្នាក់ដែលគេមិនខ្វល់ពីខ្ញុំវិញ! ខ្ញុំ...»
បានត្រឹមនេះគេក៏ស្ងាត់មាត់ព្រោះត្រូវកម្លាំងដៃខ្ញុំសង្កត់ថ្មមៗពីលើ។ ខ្ញុំទាញគេមកជិតហើយយកបបូរមាត់ខ្ញុំផ្ដិតតំណក់ទឹកភ្នែកដែលកំពុងជាប់នៅលើថ្ពាល់ទាំងសងខាងនេះ។ ចាត់ទុកជាការសុំទោសទៅចុះ។ ពិតមែនហើយខ្ញុំមិនបានស្រវឹងទេ ហើយអារម្មណ៍ទើសទាល់ក៏មិនបានចូលមករំខានដូចមុនទៀតដែរ។ ខ្ញុំដកបបូរមាត់យឺតៗចេញពីថ្ពាល់គេ រួចញញឹមសួរតិចៗ៖
«លើកនេះដឹងចម្លើយបងហើយនៅហា៎សិស្សប្អូន!»
គេភាំងយ៉ាងយូរមុនពេលឆ្លើយតិចៗ៖
«ចុះដានីរបស់បងនោះ.....?»
«បានហើយ!» ខ្ញុំនិយាយកាត់៖
ខ្ញុំផ្ងើយមុខគេហើយថើបបន្តទៀត។ គេនៅស្ងៀមបិទភ្នែកមិននិយាយអ្វី ប៉ុន្តែខ្ញុំអាចឮសំឡេងបេះដូងរំភើបមួយនេះបាន។ ខ្ញុំអោបគេក្នុងទ្រូង៖
«បងសន្យា! ពីពេលនេះទៅគ្មានដានី ឌីណា អីទេ! រ៉ាយុទ្ធស្រលាញ់សន្យា! យល់?!»

------------------------------------------------------------------------------

ហ៊ើយ!! នឹកទៅដល់រឿងទាំងនេះឡើងវិញខ្ញុំពិតជាមិនដឹងថាខ្លួនឯងគិតយ៉ាងម៉េចពិតមែន។ តែណ្ហើយ! នេះជាជម្រើសខ្ញុំ ហើយខ្ញុំក៏មិនដែលស្ដាយក្រោយដែរ។
សំឡេងក្រោកក្រាកចេញពីគ្រែគេងក៏មកកាត់ការគិតរបស់ខ្ញុំ។ ខ្ញុំក្រឡេកទៅម្ដងទៀតស្រាប់តែឃើញគេញញឹមលួចអើតមើលមក៖
«ហើយបងឯងអង្គុយស្រមើស្រមៃអីហ្នឹងបានសើចម្នាក់ឯងចឹង? អង្គុយមើលគេហើយញឹមៗ!»
មិនដឹងគេភ្ញាក់ទាំងពីអង្កាល់។ ខ្ញុំតប៖
«បងចង់អង្គុយមើលសង្សារខ្លួនឯងតិចហ្នឹងហា៎ព្រោះយប់មិញមើលអត់ទាន់អស់ចិត្ត?»
«មិនដឹងស្អីបងឯងទេ ដឹងកូនគេអៀនអត់! ម៉េចម៉ាចាំយប់ហ្នឹងមើលតទៀតទៅ! ឥឡូវថ្ងៃហើយ ខ្ញុំទៅរៀនសិន!»
គេងើបឡើងរត់វឹងមកថើបមាត់ខ្ញុំមួយមុនពេលចូលងូតទឹកផ្លាស់ខោអាវ។
«សន្យាចង់ញ៉ាំបាយថ្ងៃជាមួយបងសិនអត់?»
«អត់ទេបង! ខ្ញុំប្រញាប់ព្រោះត្រូវឆៀងចូលផ្ទះមួយភ្លែតសិន!»
ប្រហែល២០នាទីក្រោយគេចេញមកវិញ៖
«ទៅហើយណា Bye Bye Honey!»
គេធ្វើមាត់ស្រួចបែបថើបពីចម្ងាយ។ ខ្ញុំញញឹមឈរនៅមាត់ទ្វារស្រែកប្រាប់គេពីក្រោយ៖
«បើកឡានប្រយ័ត្នផង! ទៅដល់សាលាកុំភ្លេចប្រាប់!»
«Yes Sir!»
រត់វឹងទៅបាត់។ ខ្ញុំញញឹមបិទទ្វារបម្រុងដើរមករកអីញ៉ាំ ស្រាប់តែកណ្ដឹងទ្វាររោទ៍ឡើង។ ហ៊ើម! បើស្មានមិនខុសទេកូនត្រេនហ្នឹងភ្លេចអីម៉ង។
«ម៉េចហើយអ្នកប្រុស...ហ្អាក!»
ខ្ញុំភ្ញាក់ព្រើតព្រោះមិនមែនសន្យាទេតែជាស្រីស្អាតម្នាក់ស្លៀកពាក់លេចលើលេចក្រោមបញ្ចេញដើមទ្រូងកណ្ដាលវាលយ៉ាងព្រហើន។ បើស្មានមិនខុសទេទំហំមិនក្រោម ៣៨ ទៅ ៤០ទេ។ អ្ហេ! ដូចជាប្រហែលមុខ។ ឃើញខ្ញុំលើកចិញ្ចើមបែបរកនឹកនាងនិយាយភ្លែត៖
«សួស្ដីប្រុសស្អាត! ចាំខ្ញុំបានអត់?»
មាត់និយាយបណ្ដើរតែភ្នែកគេមិនភ្លេចសម្លឹងមើលខ្លួនខ្ញុំដែលស្លៀកត្រឹមកន្សែងតូចមួយលែងខ្លួនទទេក្នុងទឹកមុខបែបក្នាញ់។ រាងភាំងបន្តិចទើបខ្ញុំនឹកឃើញ។ គេគឺជាភ្ញៀវ VIP នៅក្នុង Pub ដែលហ៊ានជះលុយទាំងខ្ទាស់ឲ្យថៅកែដើម្បីជួលខ្ញុំផឹកកំដរពេញមួយយប់កាលពីប៉ុន្មានថ្ងៃមុននេះ។ ឥឡូវអាចរកកន្លែងខ្ញុំនៅឃើញទៀត ពិតជាមិនធម្មតាមែន! ត្រឹមមួយយប់បែបមិនទាន់អស់ចិត្តទេមើលទៅ!
ខ្ញុំញញឹមយ៉ាងស្រស់យកដៃអង្អែលចង្កាសម្លឹងមើលទ្រូងមូលក្លំដែលបញ្ចេញមកស្ទើរលើគោកទៅហើយ៖
«អូហ៍ រឿងអីថាមិនចាំនោះ! ភ្ញៀវពិសេសរបស់រ៉ាយុទ្ធមួយទាំងមូល! សុខសប្បាយទេស្រីស្អាត? ហើយមានអីឲ្យខ្ញុំជួយដែរ?»
នាងញញឹមបែបសិចស៊ីធ្វើភ្នែកប្រឹមៗបែបក្នាញ់៖
«គឺចង់សុំកន្លែងជ្រកភ្លៀងបន្តិចហ្នឹងណា! រងាណាស់! ចង់រកកន្លែងកក់ក្ដៅ! មិនដឹងថាមានអ្នកចិត្តល្អអត់ទេណ!»
និយាយបែបម្ញ៉ិកម្ញ៉ក់។ ខ្ញុំញញឹមចុងមាត់ក្រឡេកមើលទៅក្រៅអាគារឃើញភ្លៀងនៅរលឹមមិនទាន់ដាច់គ្រាប់មែន។ ហាហា គិតទៅសម័យឥឡូវគ្រាន់តែចង់ជ្រកភ្លៀងគេលេងសុទ្ធតែជិះឡានមកហើយឡើងដល់ Apartmentជាន់ទី៤ទៀត។
«អឹម តាមពិតអញ្ចឹងសោះ! ហាហា មានអី! អញ្ជើញចូលចុះ ធានាកក់ក្ដៅមិនខាន!»
គេញញឹមដើរមកយកដៃអង្អែលដើមទ្រូងខ្ញុំហើយខាំបបូរមាត់បែបក្នាញ់ទើបចូលទៅខាងក្នុង។ ខ្ញុំសម្លឹងមើលនាងពីក្រោយដោយញញឹមចុងមាត់ ទាញទ្វារបិទទាំងគិតក្នុងចិត្ត៖
«សន្យាអើយសន្យា! បងអរគុណសម្រាប់ថ្លៃជួល Apartment មួយនេះឲ្យបង នាឡិកា និងខោអាវថ្លៃៗ ព្រមទាំងលុយចាយវាយផ្សេងៗ! ឯងជាធនធានសម្រាប់លម្អជីវិតរឿងអីបងត្រូវបណ្ដោយឲ្យឯងរបេះងាយៗនោះ ប៉ុន្តែក៏សុំទោសផងចុះព្រោះថាវ័យបងក្មេង ស្នេហ៍បងក៏ក្មេងដែរ! បងសន្យាថាស្រលាញ់ឯង តែមិនបានប្រាប់ថាស្រលាញ់តែម្នាក់ឯណា! នេះហើយពាក្យសន្យារបស់បង! ឥឡូវចំណីមកដល់មាត់ហើយ រឿងអីឲ្យរបូតទៅកើតនោះ! សុំមួយចានសិនហើយណា! »

ចប់

 

ដោយ​៖ Iread Publisher