(មួយភាគចប់)
និពន្ធដោយ៖ តំណក់ភ្លៀង
……………………………………………………………….
ថ្ងៃសុក្រ ម៉ោង ១៦: ១៧ នាទី បរិវេណវត្តសំពៅប្រាំ កំពូលភ្នំបូកគោ!
អាកាសធាតុនៅទីនេះមិនដែលធ្វើឲ្យខ្ញុំខកបំណងម្ដងណាឡើង។ ខ្យល់ត្រជាក់ រួមជាមួយទេសភាពផ្ទៃសមុទ្រ និងកោះនានាដាច់កន្ទុយភ្នែក គឺពិតជាកន្លែងដ៏ឥតខ្ចោះសម្រាប់សម្រួលផ្លូវអារម្មណ៍ដ៏ស្មុគស្មាញ និងពុះកញ្ជ្រោលក្នុងភាពជាយុវវ័យមួយនេះ។ ទីនេះនៅតែស្ងប់ស្ងាត់បើប្រៀបធៀបនឹងកន្លែងផ្សេងៗទៀត។ ក្រៅពីលោកសង្ឃ និងតាជី យាយជីមួយចំនួនតូចស្នាក់នៅក្នុងកុដិនាជ្រុងម្ខាងឆ្ងាយឯណោះ គឺគ្មាននរណាចាប់អារម្មណ៍ទីដែលដូចជាឋានសួគ៌មួយនេះទេ។ ខ្ញុំអង្គុយលើរបងថ្មដែលសង់មួយជួរក្បែរជម្រាលភ្នំ សណ្ដូកជើងចុះទៅក្រោម ដកដង្ហើមវែងៗ ស្រង់ក្លិនដ៏ស្រស់ស្រាយរបស់សមុទ្រ និងព្រៃឈើនៅទីនេះ។ អស់មួយសន្ទុះធំ ភ្នែកខ្ញុំបើកសន្សឹមៗ សម្លឹងមើលទៅឆ្ងាយជាមួយសំនួរដែលតែងចាក់ស្រេះក្នុងខួរក្បាលជាប់ជានិច្ច៖
«តើខ្ញុំកំពុងខ្ជះខ្ជាយពេលវេលាមែនទេ? តើខ្ញុំប្រឹងដើម្បីអ្វី?»
ខ្ញុំមិនដែលមានចម្លើយឲ្យសក្ដិសមជាមួយសំណួរនេះសោះ ក្រៅពីដកដង្ហើមធំ ហើយក៏ព្យាយាមឈប់គិតពីវា។ លើកនេះក៏នៅតែដដែល។
ខ្ញុំងាកមកខាងស្ដាំ រួចញញឹមចុងមាត់ហួសចិត្តព្រោះនារីដែលអង្គុយក្បែរខ្ញុំនេះប្រហែលគេងលក់បាត់ហើយដឹង! គេដាក់កាសនឹងត្រចៀក រួចបិទភ្នែកអង្គុយផ្អែកក្បាលលើស្មាខាងស្ដាំរបស់ខ្ញុំយ៉ាងមានក្ដីសុខ ហាក់មិនខ្វល់សោះថាអ្នកអង្គុយទប់នេះវាចុកស្មាកម្រិតណា។ មិនចម្លែកទេសម្រាប់នារីម្នាក់នេះ ព្រោះក្រៅពីញ៉ាំ គឺគេងនេះតែម្ដងដែលគេចូលចិត្តបំផុត។
គេស្អាតណាស់ សូម្បីតែពេលបិទភ្នែកគេង! ស្ទាយដែលគេមិនដែលចោលនោះគឺចូលចិត្តបួងសក់ទៅលើគ្រប់ពេល។ ពេលដែលខ្ញុំសួរពីមូលហេតុ ចម្លើយរបស់គេគឺ «ស្អុះ!»។ ខ្ញុំតែងបង្អាប់គេលេងថាបួងសក់ដូចក្រមុំលាវ។ គេគ្រាន់តែសើចហើយមិនដែលតបអ្វីទេ។ ទើបតែថ្មីៗនេះប៉ុណ្ណោះដែលខ្ញុំដឹងថាគេជាកូនកាត់លាវមែន។ គេមានតាជាជនជាតិលាវ និងយាយជាខ្មែរ។ ពិតជាគួរឲ្យអស់សំណើចមែនព្រោះមិនដែលប្រាប់គ្នាសោះ ស្គាល់ជាងបីឆ្នាំទៅហើយ។ ជានារីដែលចូលចិត្តនិយាយអ្វី ធ្វើហ្នឹង រួសរាយ និងកំប្លែងគ្រប់ពេល។ គឺភាពសាមញ្ញនេះហើយដែលធ្វើឲ្យខ្ញុំធ្លាក់ក្នុងអន្លង់កាន់តែជ្រៅពីមួយថ្ងៃទៅមួយថ្ងៃ រកតែរើខ្លួនមិនរួច។ ខ្យល់បក់ត្រសៀកៗកំពុងផាត់សក់ដែលធ្លាក់មករ៉ុយៗឲ្យរមៀលលើច្រមុះដ៏ស្រួច និងថ្ពាល់ដ៏រលោងទាំងគូរបស់គេ។ មើលយូរៗទៅគួរឲ្យចង់អង្អែលលេង។ បើអាច ទោះឲ្យខ្ញុំអង្គុយមើលគេមួយថ្ងៃទល់ល្ងាចក៏បានដែរ។
«មើលអីក៏យូរម្ល៉េះអែង? គ្នាអៀនវើយ!»
នាងនិយាយរួចញញឹមសម្លក់មកខ្ញុំ។ ខ្ញុំសើចគ្រវីក្បាលព្រោះស្មានតែគេគេងលក់បាត់ហើយ តែក៏គ្មានអ្វីត្រូវអៀនដែរព្រោះនាងដឹងហើយថាខ្ញុំកំពុងគិតអ្វី។ ខ្ញុំតបបង្វែរប្រធានបទ៖
«ហើយពាក់អាវដៃខ្លីហ្នឹងមិនរងាទេអីហា៎?»
«បើដឹងខ្លួនហើយក៏ឆាប់ឲ្យមក រងាហើយ!»
នាងលាដៃមករកខ្ញុំ។ មានអ្វីទៀត គឺប្រាកដជាយកអាវក្រៅខ្ញុំហ្នឹងហើយ។ ដឹងតាំងពីទើបចេញពីឡានម្ល៉េះថាប្រាកដជាអញ្ចឹងទើបខ្ញុំស៊កអាវក្រៅមួយទៀតមកឲ្យហើយ ឥឡូវដូចការគិតមែន។ គេយកអាវក្រៅខ្ញុំទៅគ្របពីលើខ្លួន រួចក៏បិទភ្នែកបន្តទៀត។ ខ្ញុំញញឹមជួយទាញអាវគ្របឲ្យជិតព្រោះគេទើបស៊កបានដៃតែម្ខាងក៏គេងបាត់។ គ្មានខុសអីពីមើលថែកូនក្មេងទេ។ ខ្ញុំបែរមកវិញរួចទាញទូរស័ព្ទមកចុច។ បានតែបន្តិច គេក៏ទាញកាសចេញពីត្រចៀក ហៅឈ្មោះខ្ញុំជាមួយទឹកមុខគួរឲ្យអស់សំណើច៖
«មង្គល ហា៎!»
«អីគេទៀតហើយ!» ខ្ញុំតបទាំងសើចព្រោះមុខបែបនេះប្រាកដជាចង់ប្រើហើយ។
«ស្រេកទឹក!»
«អូហ៍ អញ្ចឹងហ៎!» ខ្ញុំធ្វើជាភ្ញាក់ផ្អើល។
«ចា៎!!» នាងឆ្លើយយ៉ាងវែង ហើយញញឹមខ្ជឹប។ ខ្ញុំចង្អុលទៅឡាន៖
«នោះ! ទឹកនៅក្នុងឡាន ហើយនេះសោ ផ្ញើមួយផងណា៎!» ខ្ញុំញញឹមឌឺគេ។ នាងវាយខ្ញុំមួយដៃធ្វើឲ្យខ្ញុំទប់សំណើចមិនបាន ទើបនិយាយ៖
«ឌឺហា៎យើងហ្នឹង! ហើយចេះមកប្រើមនុស្សកំពុង Sad កើត! ទៅបន្តិចទៅណាប្រុសស្អាត ណា ណា! Ok?»
«អើយ! Sad បេះដូង តែជើងនៅដើរបានតើហី!»
«Sad ហ្នឹងវារាលដាលឲ្យខ្ជិលគ្រប់កន្លែងអស់ហើយ ហាហា! ទៅណ៎!» នាងសើចដៀងមុខឲ្យខ្ញុំទៅ។
ខ្ញុំតបវិញទាំងក្នាញ់៖
«Sad ស្អីទេ ថារកលេសដើរលេងត្រូវជាងមើលទៅ!»
«លើកនេះ Sad មែនហា៎!»
«ចឹងហ៎!?»
«ចា៎!»
«ហាហា!» ខ្ញុំសើចហួសចិត្ត តែក៏នឹកឃើញសួរគេបែបបារម្ភ៖
«ម៉េចហើយ ធូរអារម្មណ៍តិចទៅ? ឃើញសម្ងំមួយល្ងាចហើយ!»
«គ្មានអីទេ បានគ្នានៅកំដរហើយ!» នាងតបបែបហី។
«អើ ឲ្យតែដូចមាត់!» ស្ងាត់បន្តិចទើបខ្ញុំបន្តសំនួរទាំងដាច់ៗរបៀបទើសទាល់ «ហើយឧត្តមមាន Call មកអត់?»
គ្រាន់តែឮពីឧត្តម គេទម្លាក់ទឹកមុខ រួចងើបក្បាលពីស្មាខ្ញុំ លើកទូរស័ព្ទមកឲ្យមើល គឺ Missed Calls ៣៦ ឯណោះ។
ខ្ញុំនិយាយ៖
«ងាប់ហើយ! ម៉េចមិនលើក? គេបារម្ភងាប់ហើយ!»
«ខ្ជិលលើកណាស់!» នាងតបបែបខ្លី។ ខ្ញុំបន្ត៖
«អើ! ចង់ឲ្យគេបារម្ភណាស់មែន?»
នាងសម្លក់មក៖
«ម៉េចក៏បារម្ភពីឧត្តមម្ល៉េះហា៎? មិត្តខ្លួនឯង Sad នេះមិនគិតទេ!»
«គឺកំពុងបារម្ភហ្នឹងហើយ....ម្យ៉ាងក្រែងគេជាសង្សារទេវីឯងហី...! គ្នាមិនចង់ឃើញពីរនាក់ឯងមានរឿងអីទេវើយ!»
ខ្ញុំនិយាយទាំងតតាក់តតុបព្រោះមាត់មិនដូចចិត្ត។ នាងស្ដាប់បន្តិចក៏បន្ត៖
«គ្នាដឹងហើយ តែគ្រាន់ចង់ឲ្យមេរៀនគេខ្លះ! កុំស្មានតែខ្លួនឯងសង្ហា ចង់ធ្វើអ្វីបានស្រេចចិត្តនោះ!»
«គ្រាន់តែទៅបាយជាមួយដាលីនមួយពេលហ្នឹង? ឯងខឹងគេដែរ!» ខ្ញុំសួរបែបឆ្ងល់។ នាងតបរបៀបហួសចិត្ត៖
«អើយ! មង្គលមិត្តសម្លាញ់ហ៎ា! ឯងស្គាល់ដាលីនហ្នឹងតិចពេកហើយ។ ថ្ងៃណាក៏គេស្រមៃចង់បេះឧត្តមពីយើងទៅដែរ។ ហើយឧត្តមក៏អញ្ចឹងទៀត មិនដែលស្ដាប់គ្នាសោះ។ បើមិនធ្លាប់ប្រាប់មិនថាទេ តែនេះប្រាប់ច្រើនដងហើយ ថែមទាំងសន្យាទៀត នៅតែបំពាន។ សំណាងហើយគ្នាទៅឃើញ។ ឯងដឹងទេថាពេលហ្នុងដាលីនហ្នឹងប្រុងនឹងថើបឧត្តមទៅហើយ។ ថាមិនត្រូវ តពីនោះក៏បបួលចូលសណ្ឋាគារបាត់ហើយ។ ត្រូវតែឲ្យមេរៀនគេអញ្ចឹងខ្លះហើយ!»
«មេរៀនស្អីឯង?» ខ្ញុំសួរ។
«គឺ...មិននិយាយជាមួយពីរបីថ្ងៃហើយ បន្ទាប់មកក៏មកដើរលេងចោលគេអ៊ីចឹងទៅ...។»
«បន្ទាប់មកពេលគេលួងហើយក៏ទន់ចិត្តវិញទៅ!» ខ្ញុំបន្ថែមទាំងហួសចិត្តព្រោះវាបែបនេះរាល់តែដង។ នាងសើចរួចតបមកខ្ញុំវិញ៖
«ក្រែងឯងបារម្ភពីគេហី?!»
«អើ ខុសឯងនេះវិញឆ្កុយ!»
«ហាហា!!!!» នាងសើចយ៉ាងស្រស់ហាក់ភ្លេចនូវអារម្ភតានតឹងមុននេះអស់។ នេះហើយជាតួនាទីរបស់ខ្ញុំ។ ខ្ញុំបន្ត៖
«អើ បើប្រៀបធៀប យើងបារម្ភពីកូនលាវម្នាក់នេះច្រើនជាងវើយ!... នៅហ្នឹងហើយចាំគ្នាទៅយកទឹកឲ្យ។»
ឮបែបនេះនាងញញឹមយ៉ាងស្រស់៖
«Thank you ពួកម៉ាក!»
ខ្ញុំក៏ស្ទុះងើបដើរមកឡានទាំងសើចគ្រវីក្បាល។ ពេលត្រឡប់មកវិញបាត់គេពីកន្លែងអង្គុយបាត់។
«ទេវី!... ទេវី!...»
ខ្ញុំហៅបណ្ដើរ ដើររកមើលគេបណ្ដើរ។ ដើរបានបន្តិចក៏ភ្ញាក់ព្រើតស្ទុះទៅឈរនៅកៀនជញ្ជាំងមួយភ្លាមព្រោះពេលនេះកំពុងមានបុរសម្នាក់ឈរនិយាយជាមួយទេវី។ គេនោះគ្មាននរណាក្រៅពីឧត្តមនោះទេ។ ដោយឃើញទេវីច្រានគេចេញហើយយំ ខ្ញុំក្ដាប់ដបទឹកសុទ្ធស្ទើរផ្ទុះ បម្រុងនឹងចូលទៅហើយ តែក៏ត្រូវទុចងក់វិញព្រោះឧត្តមស្ទុះទៅឱបទេវីបាត់ទៅហើយ។ ខ្ញុំដកដង្ហើមធំគិតក្នុងចិត្ត គួរតែកុំចេះដឹងរឿងគេល្អជាង។ តាមពិតខ្ញុំក៏មិនសូវដឹងស៊ីជម្រៅពីហេតុផលដែលទេវីខឹងខ្លាំងបែបនេះដែរ ដឹងតែត្រឹមថាម្សិលមិញនេះគ្រាន់តែចប់ការងារ មិនទាន់បានផ្លាស់ខោអាវផង នាងអូសខ្ញុំឲ្យជូនមកកំពតនេះទាំងយប់ ព្រោះដឹងថាថ្ងៃនេះខ្ញុំ Day off។
ខ្ញុំក៏មិនចង់ជីកឫសជីកគល់សួរនាំអ្វីដែរ ព្រោះដឹងថានាងកំពុងពិបាកចិត្ត។ តែឥឡូវនេះក៏ល្មមដល់ពេលខ្ញុំដកខ្លួនហើយ។ ខ្ញុំថយជំហានមកអង្គុយកន្លែងដើមវិញ ទាំងចិត្តមិនស្ងប់ ដកដង្ហើមធំព្រោះមិនដឹងតួនាទីខ្លួនឯងជាអ្វីឲ្យពិតប្រាកដ។ ជាមិត្តភក្ដិ? ជាសង្សារ? ឬជាមនុស្សកំដរ?
សំឡេងទេវីស្រែកហៅខ្ញុំ៖
«មង្គល!.... មង្គល!....»
ខ្ញុំក្រឡេកទៅឃើញគេកំពុងដើរមក ខ្ញុំញញឹមធ្វើដូចមិនភ្ញាក់ផ្អើល។ គេយកដៃវាយទ្រូងខ្ញុំ៖
«អូយ!!!» ខ្ញុំស្រែកទាំងហួសចិត្ត។ គេសម្លក់ខ្ញុំ៖
«ម៉េចក៏ទៅយកទឹកយូរម្ល៉េះហា៎?»
«យកមកយូរហើយ តែក៏មិនចង់រំខាន...!»
ខ្ញុំនិយាយបន្ថយសំឡេងស្ទើរស្ដាប់មិនឮពេលដល់ចុងឃ្លា រួចញញឹមបន្តិចទៅឧត្តមជាការគួរសម។
«រំខានមិនរំខានស្អី តស់! ទៅភ្នំពេញវិញ!»
និយាយហើយនាងចាប់ទាញដៃខ្ញុំ។
«ហា៎?!» ខ្ញុំភាំងបន្តិច រួចទាញគេឲ្យឈប់ទើបសួរ៖
«ក្រែងមានមនុស្សមកទទួលហើយហី? ម៉េចមិនទៅជាមួយគេ?»
«មិនចង់!» នាងតបមកវិញទាំងសម្លក់ទៅឧត្តម។ ឧត្តមនិយាយកាត់៖
«បងពិតជាគ្មានអីជាមួយដាលីនពិតមែន! ឲ្យបងស្បថក៏បានដែរ! គឺដាលីនទេ នាង.......!!»
ទេវីបែរមុខចេញ។ ខ្ញុំនិយាយកាត់ដើម្បីបន្ធូរស្ថានការណ៍៖
«អត់ទោសឧត្តម ខ្ញុំសុំនិយាយជាមួយទេវីបន្តិចបានទេ?»
ឧត្តមគេងក់ក្បាលរួចក៏ដើរទៅចាំនៅឡានគេមុនទាំងទើសទាល់។ ខ្ញុំចាប់ផ្ដើមនិយាយ៖
«ទេវី ទៅជាមួយឧត្តមទៅ!»
«ប៉ុន្តែគេ.....!» នាងហាក់ស្ទាក់ស្ទើរតែក៏នឹកឃើញរឿងអ្វីមួយទើប៖
«ឈប់សិន! ហេតុអ្វីបានជាឧត្តមដឹងថាយើងនៅទីនេះ? មង្គលឯងមែនអត់?»
«អើ! កុំខ្វល់រឿងហ្នឹង! ឥឡូវទៅជាមួយគេទៅ!»
«តែគ្នាមិនចង់ទៅ! យល់?... ម្យ៉ាងទៅចោលឯងម៉េចកើត?»
«គ្មានតែគ្មានស្ករអីទេ! យើងស្គាល់ផ្លូវហើយ កំពត-ភ្នំពេញ នោះ មិនបាច់មានឯងក៏យើងបើកដល់ដែរ! នៅសាំនៅហ្នឹងហើយ!»
នាងទម្លាក់មុខចុះព្រោះមិនចង់ទៅជាមួយឧត្តម។ ខ្ញុំបន្ត៖
«គ្នាដឹងវើយ ឯងស្រលាញ់ឧត្តមខ្លាំង!» ខ្ញុំឈប់បន្តិច សម្លឹងមើលមុខនាងដែលហាក់ភាំងនឹងឃ្លានេះទើបបន្ត៖
«ត្រឹមឃើញទឹកមុខពេលគេឱបឯងអម្បាញ់មិញនេះគឺគ្រប់គ្រាន់ហើយ!»
«ប៉ុន្តែគេ....!» នាងងាកមុខចេញ។
ខ្ញុំដើរទៅចាប់ស្មានាងទាំងពីរទើបនិយាយបន្ត៖
«ជួនកាលមកពីឯងប្រច័ណ្ឌគេពេកហ្នឹង! រូបរាងគេសង្ហាយ៉ាងនេះ ស្រីណាក៏លង់ដែរ ប៉ុន្តែគេមានឯងតែម្នាក់ប៉ុណ្ណោះ។ ជាសង្សារគ្នា ៤ ឆ្នាំហើយមែនទេ!? កុំបណ្ដោយឲ្យរឿងប៉ុណ្ណឹងមកបំផ្លាញក្ដីសុខពួកឯងអី។»
នាងសម្រួលអារម្មណ៍ ដកដង្ហើមធំទើបនិយាយ៖
«ប៉ុន្តែគ្នាមិនចង់ចោលមង្គលឯងឲ្យទៅម្នាក់ឯង!»
«អើយទៅ! គ្នាមិនអីទេ! ទៅចុះ! ហើយចំណាយពេលជិះឡានហ្នឹងសួរនាំរឿងឲ្យច្បាស់សិន។ គ្នាថាឯងគិតច្រើនតែខ្លួនឯងហ្នឹង។ កុំប៉ិនងរពេកព្រះនាង គ្មាននរណាមានពេលចេះតែមកតាមលួងយើងនោះទេ។ គេត្រូវធ្វើការងារគេដែរ! បើឯងនៅងរចុះងរឡើងម៉ាកៗហ្នឹង គ្នានេះមិនបាច់រកសង្សារបានទេ។ នៅតាមលួងអត់ឈប់ចឹង! អាណិតមិត្តភក្ដិនេះខ្លះផងហា៎!»
ខ្ញុំនិយាយបណ្ដើរ ចាប់ផ្ដើមអូសដៃគេទៅបណ្ដើរ។ ទេវីប្រែទឹកមុខពីស្រពោនមកសើចនឹងឃ្លាចុងក្រោយរបស់ខ្ញុំទៅវិញ។ ពេលដើរចេញដល់បរិវេណខាងក្រៅ ខ្ញុំក៏លែងដៃនាងវិញព្រោះយើងមិនមែននៅតែពីរនាក់ទៀតទេ។ ខ្ញុំស៊ីញ៉ូដៃទៅឧត្តម៖
«រួចរាល់ហើយ!»
ឧត្តមញញឹម ហើយប្រញាប់រត់ទៅបើកទ្វារឡានឲ្យទេវីភ្លាម។ ខ្ញុំលើកដៃខោកក្បាលទេវីមួយទុកជាសញ្ញាគំរាម មុនពេលហុចសូកូឡាទៅនាង ប៉ុន្តែមិនឲ្យឧត្តមឃើញនោះទេ។ ទេវីយកដៃអង្អែលក្បាល រួចទទួលយកសូកូឡាធ្វើមុខជូរដាក់ខ្ញុំមុនចូលទៅក្នុងឡាន។
ខ្ញុំខំឈរសម្ដែងជាញញឹមមើលគេបើកឡានចេញទៅរួចរាល់ ទើបបណ្ដោយទឹកមុខទៅតាមទំហំចិត្តដែលសែនខកបំណងមួយនេះ។ បីឆ្នាំហើយដែលខ្ញុំស្ថិតក្នុងសភាពបែបនេះ គឺសភាពជាអ្នកកំដរ។ មើលកុន ញ៉ាំអី ដើរលេងដល់យប់ប៉ុណ្ណា ឲ្យតែនាងត្រូវការ គឺខ្ញុំត្រូវតែឆ្លៀតពេលមិនដែលតវ៉ាឡើយព្រោះខ្ញុំដឹងថានាងទុកចិត្តខ្ញុំខ្លាំង គឺខ្លាំងរហូតដល់ដើរតែពីរនាក់ស្ទើរគ្រប់ពេលទៅហើយ។ ចំពោះនាង ខ្ញុំគឺជាមិត្តល្អម្នាក់ តែចំពោះខ្ញុំ អ្វីៗលើសពីនេះ។ ពេលគេធុញម្ដងៗគឺតែងមានមុខខ្ញុំ ពេលឧត្តមរវល់ក៏មានមុខខ្ញុំ ហើយបើពេល Sad វិញគឺកាន់តែមិនបាច់និយាយ។ ជាក់ស្ដែងដូចជាពេលនេះអ៊ីចឹង៖
«ឆ្កួតមែនហើយ! ពិតជាឆ្កួតមែនហើយអាមង្គលអើយ! ក្រែងឱកាសឯងមែនទេ? ហេតុអ្វីក៏ផ្ញើសារប្រាប់ទីតាំងទៅឧត្តម? ហេតុអ្វីក៏ជួយនិយាយគេ? ហេតុអ្វីក៏ជួយសម្រុះសម្រួលគេ? តើនេះគេមិនហៅថាឆ្កួតទេអី? ប្រឹងដើម្បីអ្វី?»
ពេលខ្លះខ្ញុំក៏លួចគិតថាបើខ្ញុំស្គាល់ទេវីឲ្យលឿនជាងនេះ អ្វីៗប្រហែលមិនដូចថ្ងៃនេះទេ។ ប៉ុន្តែគួរឲ្យស្ដាយ!។
--------------------------------------------------
ថ្ងៃសៅរ៍ ម៉ោង ១៧: ៣៥ នាទី ស្ថានីយចេញដំណើរ អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ!
ស្នូរជើងដើរជាជួរហាក់កំពុងទាក់ទាញក្រសែភ្នែកអ្នកដំណើរទាំងឡាយឲ្យនាំគ្នាសម្លឹងមកមិនដាក់ភ្នែក។ ទិដ្ឋភាពរបស់ពួកយើងក្នុងឯកសណ្ឋាន Cabin Crew (អូតែស) កំពុងដើរជាមួយវ៉ាលិសតូចម្នាក់មួយអូសពីខាងក្រោយហាក់ក្លាយជាទិដ្ឋភាពដ៏លេចធ្លោមួយក្នុងកន្លែងដែលមានមនុស្សកកកុញនេះ។ ខ្ញុំមិនបានចាប់អារម្មណ៍អ្វីច្រើនទេព្រោះម្យ៉ាងវាជាទម្លាប់ទៅហើយ តែម្យ៉ាងទៀតគឺភ្នែកខ្ញុំរវល់តែសម្លឹងមើលដួងតារារបស់ខ្ញុំដែលហាក់នៅតែរះលេចធ្លោដាច់គេក្នុងចំណោមក្រុមរបស់យើង។ ទេវីនាងស្អាតជានិច្ច មិនថាក្នុងឈុតអ្វីនោះទេ។ ថ្ងៃនេះយើងធ្វើការត្រូវវេនគ្នា ប៉ុន្តែនាងកំពុងអូសវ៉ាលិសដើរនៅខាងមុខបំផុតជិត Pilot ឯណោះ ខណៈខ្ញុំដើរខាងក្រោយបំផុតដែរ។ ក្នុងភាពស្និទ្ធស្នាល ញញឹមញញែមយ៉ាងមានសុភមង្គល ពិតណាស់ថាពួកគេពិតជាសក្ដិសមគ្នាឥតខ្ចោះ។
ឧត្តម បុរសសង្ហាក្នុងឯកសណ្ឋានអ្នកបើកយន្តហោះ ប្រៀបដូចជាដួងចន្ទរះក្នុងហ្វូងតារា។ ទាំងសង្ហា ទាំងមានចំណេះដឹងខ្ពង់ខ្ពស់ ទាំងមានទ្រព្យសម្បត្តិ ខ្ញុំដឹងខ្លួនច្បាស់ណាស់ថាគ្មានកន្លែងណាអាចប្រៀបជាមួយគេបានឡើយ។
បើមើលទៅកាយវិការរីករាយរបស់អ្នកទាំងពីរ ពួកគេប្រហែលត្រូវគ្នាវិញហើយកាលពីម្សិលមិញនេះ។ ខ្ញុំបានត្រឹមលួចញញឹមស្ងួត អបអរពីចម្ងាយតែប៉ុណ្ណោះ។
ប្រហែល ៤៥ នាទីទៀត ជើងហោះហើរ ភ្នំពេញ-សិង្ហបុរី នឹងត្រូវចេញដំណើរហើយ។ គ្រាន់តែចូលដល់យន្តហោះភ្លាម ពួកយើងម្នាក់ៗក៏ចាប់ផ្ដើមធ្វើការងាររៀងៗខ្លួនតាមតួនាទីដែលបានកំណត់។ ថ្ងៃនេះខ្ញុំមានភារកិច្ចចាំទទួលភ្ញៀវនៅមាត់ទ្វារ ខណៈទេវីឈរនៅផ្នែកកណ្ដាលយន្តហោះចាំជួយសម្រួលអ្នកដំណើរឲ្យចូលតាមលេខកៅអី និងជួយឲ្យភ្ញៀវដាក់អីវ៉ាន់ឲ្យបានត្រឹមត្រូវ។
បន្ទាប់ពីត្រៀមខ្លួនរួចរាល់អស់ហើយ គឺយើងនៅចាំតែម៉ោង និងបញ្ជារបស់ បងប្រធានអូតែសឲ្យ Board ភ្ញៀវឡើងប៉ុណ្ណោះ។ ពួកយើងឈរត្រៀមខ្លួននៅតាមកន្លែងរួចជាស្រេច លើកលែងតែទេវីម្នាក់ដែលឈរបណ្ដើរ ធ្វើមុខក្រមិចក្រមើមដាក់ខ្ញុំបណ្ដើរ គឺមិនចោលចរិតកូនក្មេងសោះតែម្ដង។ ម្សិលមិញក៏រអ៊ូថា Sad តែមើលថ្ងៃនេះចុះ រីកស្គុយដូចគ្រាប់ជីបាត់។ ខ្ញុំលើកក្រញ៉ជាសញ្ញាឲ្យនាង រួចសើចមុននឹងទម្លាក់មុខចុះមកវិញជៀសវាងនាងមើលដឹងទាន់។
នៅតាមផ្លូវមកវិញម្សិលមិញនេះខ្ញុំគិតយ៉ាងច្បាស់ ហើយនេះគឺជាចម្លើយរបស់ខ្ញុំ៖
«ខ្ញុំមិនស្ដាយក្រោយទេ។ ខ្ញុំមិនស្ដាយចំពោះការចំណាយពេលវេលា កម្លាំងកាយចិត្តកន្លងមកទេព្រោះនាងជាមនុស្សដែលខ្ញុំស្រលាញ់។ ត្រឹមឃើញនាងរីករាយប៉ុណ្ណេះក៏ជាក្ដីសុខរបស់ខ្ញុំណាស់ទៅហើយ។ រយៈពេល៣ឆ្នាំ វាល្មមគ្រប់គ្រាន់ហើយ គឺល្មមដែលធ្វើឲ្យបេះដូងបុរសម្នាក់នេះត្រូវសំបុកពីងពាងរុំជិតអស់ ព្រោះមិនដែលបើកឱកាសមើលនារីណាផ្សេងសោះ។ វាមិនខុសពីឃ្លាដែលថា 'Sometimes people will stay only in your heart, but not in your life'។ ទេវីនាងមិនខុសទេ អ្នកដែលគួរបន្ទោសគឺខ្ញុំដែលតែងបណ្ដោយចិត្តឲ្យទោរទន់ទៅតាមមនោសញ្ចេតនា។ គឺខ្ញុំដែលមិនអាចមិនទៅអង្អែលក្បាល មិនទៅនិយាយលួងពេលនាងយំម្ដងៗ។ គឺខ្ញុំដែលមិនអាចទ្រាំមិនទិញសូកូឡាឲ្យរាល់ពេលដែលនាងពិបាកចិត្ត។ គឺខ្ញុំដែលដឹងថានាងចូលចិត្តញ៉ាំស្រាក្រឡុកនៅហាងរបៀបស្ងប់ស្ងាត់ ហើយនិយាយរឿងក្នុងចិត្ត ជាមនុស្សដែលស្រលាញ់សត្វឆ្មា សត្វសេក ចូលចិត្តលេងវាយសី រត់ហាត់ប្រាណ ជាអ្នកញៀននឹងម្ហូបមានបន្លែច្រើន ចូលចិត្តការ៉េម និងចូលចិត្តម្ហូបបែបកូរ៉េ។ គឺខ្ញុំដែលមិនអាចឆ្លើយថាទេពេលនាងបបួលទៅហាងបើកថ្មីៗដើម្បីសាកម្ហូបនៅទីនោះ។ គឺខ្ញុំដែលដឹងយ៉ាងច្បាស់ថានាងស្រលាញ់ក្លិនរបស់សមុទ្រ និងចូលចិត្តកន្លែងដើរលេងដែលមានអាកាសធាតុត្រជាក់។ គឺខ្ញុំដែលតែងធ្វើអ្វីៗតាមនាងគ្រប់យ៉ាង។
ទោះយ៉ាងណា ការក្លាយខ្លួនជាជនទីបីគឺជាអ្វីដែលមិនគួរកើតឡើងឡើយ។ ដល់ពេលហើយដែលត្រូវហាមខ្លួនឯងឲ្យឈប់លង់ជាមួយពន្លឺដ៏ស្រទន់នៃដួងតារាមួយនេះ ហើយប្រឈមជាមួយការពិត ការពិតដែលថាបេះដូងនាងមានម្ចាស់ហើយ។ លាហើយដួងតារារបស់ខ្ញុំអើយ! បុរសកម្សត់ម្នាក់នេះសូមជូនពរពីចម្ងាយ។ ដល់ពេលហើយដែល មង្គល ត្រូវដុសលាងបេះដូងចេញម្ដងដើម្បីទទួលអ្នកដែលសក្ដិសម.......!! រាល់ការចង់ចាំទាំងនេះនឹងក្លាយទៅជាអនុស្សាវរីយ៍ដ៏ផ្អែមល្ហែមមួយសម្រាប់ជីវិតយុវវ័យរបស់ខ្ញុំ។ លាហើយ!! »
សំឡេងពីបងប្រធានអូតែស បានមកកាត់ការគិតរបស់ខ្ញុំព្រោះយើងដល់ពេល Board ភ្ញៀវហើយ។ បន្ទាប់ពីទទួលហើយ ខ្ញុំក៏លើកមេដៃឲ្យគ្រប់គ្នាក្នុងយន្តហោះ និងបុគ្គលិកអាកាសយានដ្ឋានជាសញ្ញាអាចនាំភ្ញៀវចូលបាន។
បន្តិចក្រោយមក ស្នូរស្បែងជើងកែងនៃអ្នកដំណើរទីមួយក៏មកដល់។ ខ្ញុំស្រូបដង្ហើមចូលយ៉ាងវែង មុនពេលងើបមុខឡើងញញឹមយ៉ាងស្រស់ បន្ទន់ខ្លួនបន្តិច លើកដៃជម្រាបសួរជាមួយនឹងពាក្យ៖
«Good evening Miss! Welcome on board!»
ចប់
ដោយ៖ Iread Publisher