ដើរលេងម្នាក់ឯងអី ញ៉ាំអីម្នាក់ឯង ទៅមើលកុនម្នាក់ឯង អ្នកប្រាកដជាត្រូវគេមើលលើមើលក្រោមហើយមែនទេ? គេច្បាស់ជាគិតថា អ្នកគឺជាមនុស្សឯការ និងគ្មានមិត្តភក្តិ។
ប៉ុន្តែផ្ទុយទៅវិញ មនុស្សដែលហ៊ានទៅណាមកណាម្នាក់ឯង គឺជាមនុស្សដែលក្លាហាន ឯករាជ្យ និងស្គាល់ពីខ្លួនឯងច្បាស់បំផុត។
ចំណាយវេលានៅម្នាក់ឯងខ្លះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះយូរៗម្ដង យើងមានពេលយកចិត្តទុកដាក់ ទៅលើអារម្មណ៍ខ្លួនឯង ការគិត ជីវិតរស់នៅកន្លងមក យ៉ាងម៉េចហើយ អីបែបហ្នឹង។
សកម្មភាពទាំង៦នេះ សម្រាប់ Dating ជាមួយនឹងខ្លួនឯង៖
១. ញ៉ាំអីម្នាក់ឯង
ធ្លាប់អត់ ចង់ទៅញ៉ាំអី នៅហាងដែលយើងចូលចិត្ត តែសួរអ្នកណាក៏គេរវល់? មោះ នេះជាឱកាសល្អហើយ ដែលអាចឱ្យអ្នកអាចមានពេលវេលាជាមួយនឹងខ្លួនឯង ចង់ញ៉ាំអីញ៉ាំហ្នឹង មិនបាច់ខ្វល់ថាគេចូលចិត្ត ឬគេក៏ចង់ញ៉ាំវាដែរឬក៏អត់។
២. ផាត់មុខឱ្យខ្ញង់
មិនមែនទាល់តែទៅដើរលេង ជប់លៀង ឬមានពិធីសំខាន់ៗបានត្រូវផាត់មុខទេ។ ថ្ងៃធម្មតាក៏ផាត់មុខបានដែរ ទៅផ្សារទិញម្ហូបក៏ផាត់មុខបាន នៅផ្ទះមើលរឿងកូរ៉េក៏ផាត់មុខបាន ព្រោះយើងស្អាតដើម្បីខ្លួនឯង មិនមែនដើម្បីអ្នកផ្សេងទេ។ ហើយកុំភ្លេចស្លៀកពាក់ឱ្យស្អាតៗផង ព្រោះវាកាន់តែធ្វើឱ្យយើងជឿជាក់មួយកម្រិតទៀត។
៣. អានសៀវភៅ
សៀវភៅអីក៏បានដែរ មិនថាសៀវភៅរឿងប្រលោមលោក រឿងកំប្លែង ឬសៀវភៅអប់រំចិត្ត គំនិតអីផ្សេងៗនោះទេ។ សៀវភៅអីក៏បាន ឱ្យតែអ្នកចូលចិត្ត អានហើយអាចធ្វើឱ្យយើងបំភ្លេចរឿងបច្ចុប្បន្នបានមួយរយៈពេលខ្លី។ ការអានធ្វើឱ្យយើងបាត់ស្ត្រេស ទទួលបានចំណេះដឹងថ្មី និងធ្វើឱ្យការច្នៃប្រឌិតល្អជាងមុន។
៤. ធ្វើម្ហូប
ធ្វើម្ហូបដែលអ្នកចូលចិត្តញ៉ាំ ធ្វើម្ហូបដែលចង់ធ្វើយូរហើយ តែគ្មានពេល ធ្វើម្ហូបដែលអ្នកឃើញតាមអ៊ីនធើណេត មិនធ្លាប់បានញ៉ាំសោះ ហើយចង់សាកធ្វើវាញ៉ាំ។ ធ្វើម្ហូបតាមពិតទៅ គឺជារឿងសប្បាយមួយដែរ អ្នកអាចទៅទិញគ្រឿងផ្សំ គ្រឿងបន្លែដោយខ្លួនឯង ញ៉ាំហើយទទួលបានសុខភាពល្អទៀត។
៥. ទៅទិញទំនិញ
គ្រាន់តែលីពាក្យទិញក៏រំភើបបាត់ហើយត្រូវទេ? ទៅរើសគ្រឿងMakeupដែលអ្នកចូលចិត្ត ខោអាវឡូយៗទាន់សម័យ តុបតែងខ្លួនឱ្យខ្លួនឯង ទាំងនេះគឺសុទ្ធតែរឿងល្អ ធ្វើឱ្យអ្នកបន្ធូរបន្ថយអារម្មណ៍ស្មុគស្មាញកន្លងមកបានយ៉ាងល្អ។
ដើរទិញហត់ ចូលផឹកកាហ្វេ ឬភេសជ្ជៈ អង្គុយមួយភ្លែត ចាំចេញមកផ្ទះក៏បាន។ ដើរយូរដើរលឿន គ្មានអ្នកណាមករំខាន គ្មានអ្នកណាមកតឿន។
៦. ដើរលេងតាមខេត្ត ឬក្រៅប្រទេសម្នាក់ឯង
ការដើរលេងម្នាក់ឯងឆ្ងាយៗ មិនត្រឹមតែធ្វើឱ្យអ្នកបានសប្បាយ និងបន្ធូរអារម្មណ៍ប៉ុណ្ណោះទេ ថែមទាំងធ្វើឱ្យអ្នកស្គាល់ពីអ្វីថ្មីៗ ពិភពលោកខាងក្រៅ ថាតើរាល់ថ្ងៃនេះមានអ្វីកើត និងជួបមនុស្សថ្មីៗទៀតផង។ ធ្វើឱ្យអ្នកមានឱកាសឈានជើងចេញពី Comfort zone របស់ខ្លួនឯង។ តែក៏ត្រូវប្រយ័ត្នប្រយែងខ្លួនដែរ ធ្វើយ៉ាងម៉េចធ្វើឱ្យខ្លួនឯងមានសុវត្ថិភាព។
ចុងបញ្ចាប់ កុំភ្លេចឱ្យសោះណា ខំប្រឹងធ្វើការ សន្សំលុយ និងធ្វើដំណើរកម្សាន្តនៅកន្លែងដែលយើងប្រាថ្នាម្នាក់ឯង ដោយខ្លួនឯង។
ប្រភព៖ Goodymy