និពន្ធដោយ៖ Ry Ly
....................................................................................................
រឿងពីរដែលមនុស្សហាមចិត្តខ្លួនឯងមិនបានគឺ សើច និង ស្រឡាញ់។ តែសម្រាប់ខ្ញុំ ប្រាក់ ចន្ទធីតា រឿងមួយទៀតដែលខ្ញុំហាមចិត្តខ្លួនឯងមិនបាននោះ គឺញ៉ាំ គេគ្រប់គ្នាពេលខូចចិត្តបាយទឹកមិនបានទេ តែខ្ញុំពេលខូចចិត្តដឹងតែឃ្លាន ញ៉ាំច្រើនឬតិចក៏អាស្រ័យលើថាទំហំនៃការខូចចិត្តខ្លាំងឬខ្សោយ។
មូលហេតុដែលខ្ញុំអាយុ២២ឆ្នាំ កម្ពស់១៦០សម តែទម្ងន់៥៥គីឡូទៅហើយ (មិនមែនកាម៉ាប់ទេ គ្រាន់តែមានសាច់) ក៏ព្រោះតែខ្ញុំលួចស្រឡាញ់ប្រុសម្នាក់ ៦ខែហើយ ខ្ញុំមិនដឹងថាលួចស្រឡាញ់គេបានយ៉ាងម៉េចទេ ដោយសារតែគេគ្រាន់តែជាសិស្សច្បងរៀនសាលាជាមួយគ្នា មិនដែលនិយាយរកគ្នា ត្រឹមលួចមើលគេមួយភ្លែតៗ ពេលទៅញ៉ាំបាយនៅកង់ទីន ឬបើមិនអ៊ីចឹងទេ ចៃដន្យក៏ជួបគេម្ដងៗ អរចង់ស្លាប់!
វិធីតែមួយគត់ ធ្វើឱ្យខ្ញុំអាចជួបមុខគេបានរាល់ថ្ងៃនោះ គឺឆែក Profile Facebook របស់គេមួយថ្ងៃបីដង ព្រឹកភ្ញាក់ពីគេងម្ដង ថ្ងៃពេលចេញពីរៀនម្ដង និងយប់មុនចូលគេងម្ដង ព្រោះគឺជាតម្រូវការរបស់បេះដូងនោះអី!
សិស្សច្បងម្នាក់នោះឈ្មោះតុង មានភ្នែកតូចៗ ច្រមុះស្រួច ស្បែកស កម្ពស់១៨០សម។ មនុស្សក្នុងសកលវិទ្យាល័យ ចាត់ទុកគេជាប្រុសស្អាតប្រចាំសកលវិទ្យាល័យគ្រប់គ្នា មានតែម្នាក់ប៉ុណ្ណោះ ដែលនិយាយថាតុង គឺជាចេក...
ភូស! នឹកដើមដង្ហើមដល់ អាម្នាក់នេះ។
បីឆ្នាំហើយ ខ្ញុំទើបតែចាប់អារម្មណ៍ថាក្បាលខ្ញុំពេលត្រូវមួយសៀវភៅឮពីរោះដែរតើ...
ទេ! ឈឺណាស់វ៉ើយ!!
ខ្សែភ្នែកពិឃាតរបស់ខ្ញុំងាកទៅរកមេដើមហេតុ ចង់សួរថាបើគេមិនបានវៃក្បាលខ្ញុំមួយថ្ងៃនឹងស្លាប់បិទភ្នែកមិនជិតមែនទេ?
មុខភ្លើ! គេធ្វើមុខដូចគ្មានរឿងអីកើតឡើង! តែមិនបាច់ឆ្ងល់ទេ ព្រោះវាកើតឡើងបីឆ្នាំហើយ តាំងពីខ្ញុំស្គាល់គេជាមិត្តភក្តិ។
«អាប៉ិខ្និត!! ឯងដឹងថាហេតុអីយើងធ្លាក់មុខវិជ្ជាគណនេយ្យទេ?» ខ្ញុំសួរគេ។
«ហេតុអី?»
«គឺមកពីឯងវៃក្បាលយើងឡើងប៉ល់អស់នឹងហើយ»
«ល្ងង់ខ្លួនឯងមកបន្ទោសគេ»
ខ្ញុំងាកមុខចេញ ព្រោះដឹងថាទោះប្រកែកក៏មិនឈ្នះអាមនុស្សឆ្លាតខុសរឿង ឆ្លាតអាខាងរំខានអារម្មណ៍។
«យើងគ្មានកម្លាំងឈ្លោះគ្នាជាមួយឯង ថ្ងៃនេះយើងSad»
«វាថីទៀតហើយ មកទៅផ្ទះ ថ្ងៃនេះយើងរវល់ ជូនឯងទៅផ្ទះហើយ យើងត្រូវមានកិច្ចការបន្ត»
ខ្ញុំដកដង្ហើមធំរួចនិយាយទៅគេទាំងមុខស្អុយ៖
«យើងខូចចិត្តមែនណា»
«ទៀតហ្អាស?»
ទៀតហ្អាស ដែលគេផ្អើលហ្នឹង ព្រោះថាតាំងពីលួចស្រឡាញ់គេមក ខ្ញុំជួនសប្បាយចិត្ត ជួនខូចចិត្ត អារម្មណ៍ប្រែប្រួលដូចមនុស្សមានទម្ងន់។ ខ្ញុំជឿជាក់ណាមិនមែនតែខ្ញុំទេ អ្នកណាក៏ដោយឱ្យតែលួចស្រឡាញ់គេ គឺអាការៈមិនខុសខ្ញុំប៉ុន្មានទេ។
«យើងឃ្លាន ជូនទៅបន្តិចទៅ ណា បើឯងមិនជូនទៅ យប់នេះយើងដេកមិនលក់ ស្អែកក្រោកមករៀនមិនរួចទេ»
«អត់! ប្រាប់ហើយថារវល់»
«រវល់ស្អី ដល់ម៉ោងចេញទៅផ្ទះហើយហ្នឹង?»
«ណែ ក្រៅពីរៀននិងទៅផ្ទះយើងគួរតែមានពេលខ្លួនឯងដែរ»
គេយកដៃមកចង្អុលថ្ងាសខ្ញុំ រាល់ថ្ងៃគេចាត់ទុកខ្ញុំជាកូនឆ្កែមែនទេ ប៉ះពាល់ក្បាលខ្ញុំបានតាមចិត្តបែបនេះ?
«អត់មានទេណា! យើងហាមផ្ដាច់ មិនឱ្យឯងមានសង្សារមុនយើងដាច់ខាត!!»
បើគេមានសង្សារមែន ខ្ញុំមិននៅម្នាក់ឯងទៅហើយ ព្រោះថារាល់ថ្ងៃនេះខ្ញុំមានតែគេជាមិត្ត ទោះគេចរិតពិបាកបន្តិច តែបើគ្មានគេ ខ្ញុំមិនចង់គិតទេ ថាខ្ញុំពិបាកយ៉ាងណា?
«មិនសន្យាទេ យើងសង្ហា ស្រីញ៉ែច្រើន ឥឡូវឆាប់ទៅផ្ទះ»
«ស្រីឬប្រុស មិនដឹងទេ? Cancel ជាមួយគេទៅ ហើយទៅជាមួយយើង បើឯងទុកយើងជាមិត្តភក្តិទៀត»
ខ្ញុំនៅតែរឹង ឱបបង់អង្គុយជាប់មិនព្រមទៅ ចង់យកខ្ញុំទៅទម្លាក់នៅផ្ទះ ហើយទៅណាត់ជាមួយអ្នកផ្សេងផង? មិនបានទេវ៉ើយ!
«អ៊ីចឹងយើងទៅហើយ នៅអង្គុយឱបបង់ហ្នឹងទៅ ដើរទៅផ្ទះដោយរីករាយណា!»
ឆ្លៀតស្ញេញដាក់មុខស្អុយយើងទៀត គួរឱ្យស្អប់ណាស់ ទុកអ្នកដទៃសំខាន់ជាងយើង!
១៥នាទីក្រោយមក ខ្ញុំនៅអង្គុយឱ្យមូសស៊ីនៅឡើយទេ ព្រោះគិតថាអាប៉ិនោះនឹងត្រឡប់មកវិញ ដឹងអី គេពិតជាទុកឱ្យខ្ញុំដើរទៅផ្ទះពិតមែន។ បន្ទោសខ្លួនឯងទើបសមមិនគួរណា ខ្ជិលជិះម៉ូតូមកខ្លួនឯង ហើយចាំឱ្យគេឌុប ព្រោះតែគិតថាផ្លូវទៅផ្ទះជាមួយគ្នា ហើយផ្ទះគេឆ្ងាយជាងផ្ទះខ្ញុំ ទើបឱ្យគេឌុបវាស្រួលហើយមិនអស់លុយចាក់សាំងទៀត។ តែឥឡូវកម្ម! ដើរទៅផ្ទះ។
«អាមិត្តបំបង់បាយ ណាត់ជាមួយស្រីមិនខុសទេ ទើបទុកយើងចោលដូច្នេះ»
ពេលមេឃចាប់ផ្ដើមងងឹតហើយ បើនៅចាំទៀត ខ្ញុំអាចត្រូវគេរំលោភមិនខាន។
វិនាទីនេះពិតជាកម្សត់ណាស់ កំពុងតែខូចចិត្តហើយ ត្រូវមិត្តបោះបង់ចោល មកអង្គុយឱ្យមូសស៊ី ចុងក្រោយដើរទៅផ្ទះទាំងងងឹត។ រៀបនឹងក្រោកឈរ ដើរទៅផ្ទះ ស្រាប់តែ…
ភូស!
ទៀត... តែលើកនេះមិនខឹងទេ បែរជាមានអារម្មណ៍សប្បាយចិត្តទៅវិញ។
«កំពុងអង្គុយដាក់ទំនាយយើងក្នុងចិត្តមែនទេ?»
ខ្ញុំមិនតប តែធ្វើជាងរដើរកាត់មុខគេ ចេញទៅ។
«តោះ យើងជូនទៅញ៉ាំប្រហិតអាំង»
ខ្ញុំញញឹមងាកទៅរកគេ តាមពិតទៅមនុស្សដូចខ្ញុំស្រួលនិយាយគ្នាខ្លាំងណាស់ ឱ្យតែបានញ៉ាំ។
ទីបំផុតខ្ញុំក៏បានមកជិះពីក្រោយខ្នងរបស់ផានិត ទៅកន្លែងប្រហិតអាំងម៉ូយរបស់ខ្ញុំនិងគេពេលខ្ញុំខូចចិត្ត។
ខ្ញុំនិងផានិតស្គាល់គ្នាបីឆ្នាំហើយតាំងពីរៀនឆ្នាំទី១ រហូតដល់ពេលនេះរៀនឆ្នាំទីបីទៅហើយ។ ថ្វីត្បិតតែគេរៀងតឹងរឹងបន្តិច ឌឺបន្តិច តែគេមិនដែលទៅណាចោលខ្ញុំពេលខ្ញុំត្រូវការជំនួយ ពេលមានគេជាមិត្តភក្តិ ខ្ញុំមានអារម្មណ៍ ដូចមានបងប្រុស និងមិត្តក្នុងពេលតែមួយ ដោយសារតែខ្ញុំជាកូនទោល ទើបខ្ញុំមិនដែលមានអារម្មណ៍កក់ក្ដៅ រហូតដល់មកបានជួបនិងស្គាល់ផានិត។
«សុំឱបចង្កេះបន្តិចបានទេ?» ខ្ញុំសួរដោយសុភាព។
«រាល់ដងឱប មិនឃើញសុំផង ថ្ងៃនេះខ្មោចស្អីចូល?»
និយាយស្រួលបួលម្ដងក៏មិនបាន។
«យើងគ្រាន់ចង់កែប្រែខ្លួនជាស្រីរម្យទម មិនបាន?»
«គ្មានស្រីរម្យទមណា សុំឱបចង្កេះមនុស្សប្រុសអ៊ីចឹងទេនាង»
គេនិយាយត្រូវ តែខ្ញុំមិនមែនជាស្រីដើរឱបចង្កេះមនុស្សប្រុសទាំងអស់ឯណា? គ្រាន់តែខ្ញុំស្និទ្ធស្នាលនឹងផានិតពេក រហូតដល់ភ្លេចថាគេជាប្រុស ហើយខ្ញុំជាស្រី។
ដោយសារតែភាពមិនខ្វល់របស់ខ្ញុំនិងគេនឹងហើយ ទើបមានពាក្យជាច្រើននិយាយមកឱ្យពួកយើង៖
-អ្នកខ្លះថាយើងទាំងពីរជាសង្សារ! រឿងនេះមិនអាចទៅរួចទេ ព្រោះម្ចាស់បេះដូងខ្ញុំមានតែបងតុងតែម្នាក់គត់ ជាអនាគតប៉ាកូនខ្ញុំ។
-អ្នកខ្លះថាផានិតជាចេក! និយាយតាមត្រង់ ខ្ញុំក៏ធ្លាប់គិតអ៊ីចឹងដែរ ហេហេ។
-អ្នកខ្លះក៏ថាខ្ញុំជា Lesbian ! ក្ដៅៗៗៗ ចង់តែចាប់ហែកមាត់អ្នកថាទេ។
មានតែពូសន្តិសុខ ដែលយាមកន្លែងផ្ញើម៉ូតូទេ គាត់តែងតែលួចប្រាប់ខ្ញុំថា ផានិតលួចស្រឡាញ់ខ្ញុំ! ខ្ញុំខំប្រឹងប្រកែក តែគាត់និយាយថា គាត់ជាមនុស្សប្រុស គាត់មើលដឹង។ ខ្ញុំក៏ខ្ជិលប្រកែក ព្រោះគិតថាគាត់ចេះតែនិយាយៗទៅ ដោយសារតែឃើញយើងស្និទ្ធស្នាលនឹងគ្នាពេក។
មកដល់កន្លែង…
«ខូចចិត្តរឿងអី?»
ផានិតទាញប្រហិតចេញពីមាត់ខ្ញុំ ហៀបនឹងចូលមាត់ទៅហើយ។
«មានរឿងអីទៀត រឿងចាស់ហ្នឹង»
ខ្ញុំក៏ទាញយកមកដាក់ចូលមាត់វិញ។
«យ៉ាងម៉េចទៀតហើយ?»
«Add friend យូរហើយ តែមិន Confirm សោះ ហើយឥឡូវស្រាប់តែឃើញគេផុសរូបជាមួយស្រីម្នាក់ ដើមទ្រូងប៉ុនដូងទុំ ពាក់អាវឡើងវាល ចុះម៉េចក៏មិនដោះអាវថតតែម្ដងទៅ ស្រីស្អីទេ»
ខ្ញុំរអ៊ូទាំងប្រហិតនៅពេញមាត់។
«គេប្រហែលចូលចិត្តអ៊ីចឹង ជាងស្រីកាម៉ាប់ដូចឯង»
«អាប៉ិខ្និត! មិនជួយចូកជួយចែវ កុំនោមពន្លិចទូក!»
គេធ្វើហី រួចនិយាយ៖
«យើងថាឯងឈប់ទៅស្រឡាញ់អាប៉ិភ្នែកលឹបនឹងទៅ គ្មានចំណេញអីក្រៅពីមកអង្គុយខូចចិត្ត អន់ចិត្ត ទាំងដែលគេមិនទាំងស្គាល់ថាឯងជាអ្នកណាផង ថាមិនបានអាប៉ិហ្នឹងស្រឡាញ់ប្រុសក៏ថាបាន?»
«យើងប្រាប់ឯងជាលើកទី ៧៥៤ដងហើយ ថាគេមិនមែនចេក!»
មិនដឹងថាខ្ញុំគិតត្រូវឬខុសទេ កំពុងត្រូវការទឹកត្រជាក់ៗមកចាក់ស្រោចបេះដូងកុំឱ្យក្ដៅ តែបែរមកជួបសាំងស៊ុបពែ កាន់តែក្ដៅខ្លាំង។
..........................
ព្រឹកនេះស្រស់បំព្រងជាម្សិលមិញផ្ទុយស្រឡះ ដូចមេឃនិងដី ខ្ញុំដើរបណ្ដើរលោតហក់បណ្ដើរ តាមកិរិយាអ្នកកំពុងតែសប្បាយចិត្ត ឃើញពិភពលោកនេះពណ៌ស៊ីជម្ពូគ្រប់កន្លែង។
មកដល់ថ្នាក់ភ្លាម ខ្ញុំក្រឡេករកមនុស្សសំខាន់ម្នាក់ជាងគេ។ ឃើញហើយ! កំពុងតែនិយាយជាមួយរីយ៉ាតើ។
«ផានិត... សំណព្វចិត្តថ្លើមថ្លៃ...»
រីយ៉ានិងផានិតងាកមករកខ្ញុំព្រមគ្នា។ តែខ្ញុំឃើញផានិតនិយាយអ្វីជាមួយរីយ៉ាបន្តិច នាងក៏ដើរចេញទៅតុរបស់នាង រួចគេងាកមកនិយាយជាមួយខ្ញុំ៖
«ថី? ស៊ីស្ករប៉ុន្មានពាង បានផ្អែមឡើងខោះកបែបនេះ?»
«យើង.. យើងមានរឿងចង់ប្រាប់ឯង?»
ខ្ញុំសប្បាយចិត្តរហូតដល់និយាយមិនចង់ចេញ។
«មានរឿងអី ដកដង្ហើមមួយៗសិនទៅ ចាំនិយាយ ប្រយ័ត្នគាំងបេះដូងស្លាប់»
«តុង... គឺគេ... គេ»
«យ៉ាងម៉េច គេស្លាប់ដោយសារអី ហើយពេលនេះនៅវត្តណា?»
ដុត! អារម្មណ៍ល្អខ្ញុំត្រូវគេដុតដោយសាំងស៊ុបពែរបស់គេទៀតហើយ ឆ្ងល់ណាស់ រាល់ថ្ងៃគេចិញ្ចឹមឆ្កែក្នុងមាត់មែនទេ?
«យកឆ្កែចេញពីមាត់ឯងភ្លាម! ហើយសំពះទេវតាបីដង ដើម្បីសុំខមាទោស»
រកតែផ្អែមល្ហែមដាក់ជួយថ្ងៃមិនបានពិតមែន អាប៉ិខ្និតមាត់អត់គម្របនេះ។
«ចុះគេយ៉ាងម៉េច បើឃើញឯងនិយាយស្លន់ៗបែបនេះ»
«គេ Confirm យើងហើយ ថែមទាំង Like រូបយើងទៀត»
ខ្ញុំហុចទូរសព្ទឱ្យផានិតមើល រួចនិយាយទៅកាន់គេ ដោយមោទនភាព
«អ៊ីចឹងមានន័យថាក្ដីស្រមៃធ្វើជាសង្សាររបស់គេ ជិតបានសម្រេចហើយ»
«គ្រាន់តែ Confirm ហើយ Like រូបហ្នឹង?»
ផានិតចំហរមាត់ងាកមកមើលមុខខ្ញុំថ្លែ។
ខ្ញុំក៏ងក់ក្បាល យ៉ាងរំភើយ គេមិនដឹងទេ ថាវិញ្ញាណទី៧ខ្ញុំសក្តិសិទ្ធណាស់។
«យើងសុំទោស» ផានិតនិយាយហើយហុចទូរសព្ទមកឱ្យខ្ញុំវិញ។
«សុំទោសធ្វើអី?»
«អាចមកពីយើង ទើបឯងពីល្ងង់ ទៅមហាល្ងង់បែបនេះ ចាំយើងកាត់បន្ថយ វៃក្បាលឯងតិចជាងរាល់ដងវិញណា»
«បើឯងមិនជឿ កុំប្រមាថ អារម្មណ៍យើងប្រាប់មិនដែលខុសទេ ណ្ហើយ!! ថ្ងៃនេះយើងសប្បាយចិត្តមិនប្រកាន់ឯងទេ»
និយាយចប់ គ្រូក៏មកដល់ល្មម ពួកយើងក៏ទៅអង្គុយរៀនធម្មតា។
.......................
រំលងបានពីរថ្ងៃ គេស្រាប់តែឆាតមក hello គ្រាន់ឃើញភ្លាម ស្ទើហោះពីដី។ ប្រាប់ហើយថាវិញ្ញាណទី៧របស់ខ្ញុំវាឆុត។
អស់រយៈពេលមួយសប្ដាហ៍ហើយ ដែលខ្ញុំនិងតុងលេងឆាតជាមួយគ្នារាល់ថ្ងៃ។ គិតទៅ ដូចជាចម្លែកបន្តិច ដែលសុខៗតុងស្រាប់តែចាប់អារម្មណ៍លើខ្ញុំ។ តែមិនសំខាន់ទេ សំខាន់ក្ដីស្រមៃខ្ញុំកំពុងតែដំណើរការទៅមុខហើយ។ ពួកយើងក៏បានណាត់ជួបគ្នា មួយអាទិត្យក្រោយមកទៀត ខ្ញុំនិងតុងក៏បានក្លាយជាសង្សារនឹងគ្នា។ គិតៗទៅលឿនខ្លាំងណាស់ ខ្ញុំក៏ស្មានមិនដល់ដូចគ្នា ខ្ញុំមានអារម្មណ៍ថាខ្លួនឯងសំណាងណាស់ ដែលមានតុងធ្វើសង្សារ ទាំងស្រីស្អាតៗមួយគំនរត្រូវខកបំណង។ រយៈពេលដែលយើងក្លាយជាសង្សារនឹងគ្នាគេតែងតែយកឡានទំនើបរបស់គេ មកយកខ្ញុំដល់ផ្ទះ ជូនទៅជូនមក មិនខ្លាចហត់ទេ គួរឱ្យស្រឡាញ់ដល់ហើយ។
តែក៏ជាហេតុដែលខ្ញុំនិងផានិតលែងសូវបាននិយាយគ្នា ព្រោះតែមកដល់ក្នុងថ្នាក់ក៏រៀន ហើយចេញលេងខ្ញុំក៏ទៅញ៉ាំបាយនៅកង់ទីនជាមួយតុង។ អ៊ីចឹងហើយពួកយើងនិយាយគ្នាបានមួយម៉ាត់ៗប៉ុណ្ណោះ។
ថ្ងៃនេះជាថ្ងៃអាទិត្យ ខ្ញុំនិងតុង ក៏បាន Date ថារកទៅដើរលេងនិងញ៉ាំអី។ ខ្ញុំតែងខ្លួនមកឈរចាំតុងនៅក្រៅផ្ទះ។
«ចាំអ្នកណា?»
សុខៗផានិតក៏បង្ហាញខ្លួនចំពោះមុខខ្ញុំ ជាមួយសម្ដីរឹងៗខុសពីធម្មតារបស់គេ។
«ចាំតុង ថ្ងៃនេះយើងណាត់គ្នាញ៉ាំអី ឯងមានការអីទេ?»
«កុំទៅបានទេ?»
ខ្ញុំជ្រួញចិញ្ចើមសម្លឹងមុខគេ៖
«ថីឯង?»
«យើងសុំឱ្យឯងទៅកន្លែងមួយជាមួយយើង»
«ចាំស្អែក ចេញពីរៀនបានទេ ថ្ងៃនេះយើងណាត់គេហើយ មិនចង់ខកទេ ណាមួយគេប្រហែលជាជិតមកដល់ហើយ»
«បីឆ្នាំ មិនសំខាន់ដល់ ៦ខែទេ?»
មើលនិយាយទៅប្រៀបធៀបមិត្តភក្តិ និងមនុស្សជាទីស្រឡាញ់ ប្រាកដជាគេសំខាន់ជាងហើយ តែកុំនិយាយខ្លាចគេអន់ចិត្ត។
«ផានិត...»
ខ្ញុំមើលមុខគេចង់ឱ្យគេយល់។
«មិនអីទេ…»
ខ្ញុំដឹងថាមិនមែនមិនអីទេ តាមរយៈទឹកមុខមិនស្រួលរបស់គេហ្នឹងឯង។ និយាយហើយ គេក៏ដើរចេញទៅរកម៉ូតូរបស់គេ។
«យើងទៅក៏បាន!»
ក្នុងចិត្តនិយាយថា មនុស្សដែលស្រឡាញ់សំខាន់ តែខ្ញុំបែរជាព្រមទៅជាមួយផានិត លុបចោលការណាត់ជួបជាមួយតុងភ្លាមៗ។
សួនច្បារមុខវត្តបុទម ជាកន្លែងកម្សាន្ត ប្រចាំរបស់ខ្ញុំនិងផានិត ព្រោះទីនេះខ្យល់អាកាសល្អ។
អង្គុយមួយសន្ទុះហើយ ផានិតមិនព្រមនិយាយអីសោះ។ ថ្ងៃនេះគេប្លែកជាលក្ខណៈប្រវត្តិសាស្ត្រ។ ទ្រាំមិនបាន ខ្ញុំក៏ចាប់ផ្ដើមសួរ៖
«កើតអី? ក្ដឿន ជុះមិនចេញ?!»
គេមិនតប ហើយក៏មិនព្រមមើលមុខខ្ញុំដែរ។
«បើមិនចង់និយាយជាមួយយើង យើងទៅវិញហើយ»
រៀបនឹងក្រោកចេញ គេក៏ចាប់ដៃខ្ញុំជាប់ កែវភ្នែកគេ ប្រែជាក្រហមតិចៗ៖
«ធីតា ឈប់ទាក់ទងនឹងតុងទៅ»
សំឡេងអង្វរកររបស់គេ ធ្វើឱ្យខ្ញុំប្លែកខ្លាំងណាស់ ឬក៏អផ្សុក ព្រោះពេលនេះខ្ញុំមិនសូវជាបាននៅក្បែរគេ? តែក៏មិនគួរព្រោះតែបែបនេះឱ្យខ្ញុំបែកគ្នាជាមួយនឹងតុងដែរ មិនសមហេតុផលសោះប៉ិនេះ។
«ហេតុផល? ឯងក៏ដឹងថាទម្រាំមានថ្ងៃនេះ យើងឆ្លងកាត់អ្វីមកខ្លះ»
ផានិតក្រោកមកប្រឈមមុខជាមួយខ្ញុំ សម្ដីមួយម៉ាត់ៗក៏ចេញមកពីប្រអប់មាត់គេ៖
«បីហេតុផល…»
ខ្ញុំមិននិយាយ តែចាំស្ដាប់។
«ទីមួយ គេមិនស្រឡាញ់ឯងពិតទេ គេបោកប្រាស់... ទីពីរគេស្រឡាញ់មនុស្សប្រុសដូចគ្នា...»
ផាច់!
គេនិយាយមិនទាន់ផុតពីមាត់ផង បាតដៃរបស់ខ្ញុំក៏ទៅប៉ះថ្ពាល់គេខ្លាំងៗ។
«ខ្ញុំមិនដឹងថាហេតុផលអីដែលឯងមកប្រឌិតរឿងដល់ថ្នាក់នេះទេ ហេតុផលអីគេស្រឡាញ់ប្រុស ហើយមកធ្វើសង្សារជាមួយយើង គេបោកប្រាស់យើងធ្វើអី?»
ខ្ញុំក៏ដើរចេញមកវឹង។
«ធីតា!!! ស្ដាប់ហេតុផលទីបីសិនទៅបានទ!!»
គេប្រឹងស្រែកហៅខ្ញុំពីក្រោយ។
«ទោះ១០០ហេតុផលទៀត ក៏ជាហេតុផលប្រឌិតរបស់ឯងដែរ យើងមិនចង់ស្ដាប់!»
ខ្ញុំដើរចេញលែងងាកក្រោយ លែងចង់ស្ដាប់អ្វីទៀតហើយ។ អារម្មណ៍ខ្ញុំពេលនេះខឹង សុខៗស្រាប់តែថាតុងស្រឡាញ់ប្រុសដូចគ្នា គេមានភស្តុតាងអី។ មួយវិញទៀតសុខៗក៏មកប្រាប់ឱ្យខ្ញុំឈប់ទាក់ទងតុង ទាំងដែលតុងជាបុរសក្នុងក្ដីប្រាថ្នាខ្ញុំ។ ទោះមិត្តភក្តិគ្នាជិតស្និទ្ធក៏មិនគួរមកប្រឌិតរឿងមិនសមហេតុផលអ៊ីចឹងដែរ។ គេផ្លាស់ប្ដូរ!
មួយអាទិត្យហើយ ខ្ញុំមិនបាននិយាយរកផានិត សូម្បីកន្លះពាក្យ សូម្បីមុខគេក៏ខ្ញុំមិនមើលផង មិនមែនថារឿងប៉ុននឹងខ្ញុំឈប់រាប់អានគេទេ តែចង់ឱ្យគេភ្ញាក់ខ្លួនខ្លះ។
ខ្ញុំទទួលស្គាល់ថា មិននិយាយជាមួយគេ ខ្ញុំមិនស្ងប់ក្នុងចិត្ត ព្រោះពួកយើងមិនដែលឈ្លោះគ្នាអីដល់ថ្នាក់ហ្នឹងទេ។
«ខ្ញុំទ្រាំលែងបានហើយរីយ៉ា!! ធ្វើអ៊ីចឹងដល់ពេលណា យើងធុញថប់ខ្លាំងណាស់!»
សំឡេងចេញពីរានហាលដែលស្ងាត់របស់សាលា ទីនោះមិនសូវមានអ្នកដើរចេញចូលទេ ព្រោះនៅជាន់ខាងលើគេ ដោយសារចៃដន្យមិនសប្បាយចិត្ត ចង់ដើរទៅរកន្លែងស្ងាត់ តែក៏មកជួបសំឡេង ដែលខ្ញុំស្គាល់យ៉ាងច្បាស់ នោះជាសំឡេង តុង។
«ទ្រាំបន្តិចទៀតទៅមិត្ត ខ្ញុំគិតថាជិតបានសម្រេចហើយ ព្រោះថាពេលនេះពីរនាក់គេមិននិយាយរកគ្នាទេ»
សំឡេងរីយ៉ាលាន់មកបន្ទរ បន្ទាប់ពីតុង។ ម៉េចក៏ពីរនាក់នេះស្គាល់គ្នា? ហើយគេមកនិយាយគ្នារឿងអី? មិនមែនថាខ្ញុំចង់ដឹងរឿងដទៃទេ តែតុងជាសង្សារខ្ញុំ ខ្ញុំក៏គួរតែដឹងថាគេកំពុងនិយាយពីអីជាមួយរីយ៉ា ម៉េចក៏សំឡេងដូចធុញថប់ម្ល៉េះ?
ខ្ញុំក៏ចូលទៅពួននៅជិតនោះ ដើម្បីស្ដាប់។
«ឯងចង់ឱ្យយើងទ្រាំនឹងស្រីនោះដល់ពេលណា ដឹងទេថាយើងនៅក្បែរនាងនោះ យើងរអើមប៉ុនណា យើងចង់តែស្លាប់ទេ សុខៗមកឱ្យយើងមានសង្សារជាស្រី ទាំងដែលយើងស្រឡាញ់ប្រុស!»
ក្ដុក! បេះដូងខ្ញុំធ្លាក់ក្ដុក ពួកគេនិយាយពីអី ភ្នែកខ្ញុំចាប់ផ្ដើមមានទឹកថ្លាៗណែនពេញភ្នែក។
«យើងសន្យាថាមិនយូរទៀតទេ ចាំយើងចូលទៅជិតផានិតជាងនេះទៀតសិន ពេលនេះធីតានិងផានិត ឈ្លោះគ្នា អ៊ីចឹងឱកាសយកផានិត មកជារបស់យើងក៏ងាយស្រួលដែរ»
«បានហើយ!! ល្មមឈប់!!»
ខ្ញុំទ្រាំលែងបាន ក៏បង្ហាញខ្លួនទាំងស្រក់ទឹកភ្នែកដែលរកកលចង់ធ្លាក់នោះចុះមក។
ពួកគេស្រឡាំងកាំងទាំងពីរ មិននិយាយអ្វី បានត្រឹមចំហរមាត់ ព្រោះមិនគិតថាមកត្រូវបែកការនៅពេលនេះ។
«ពួកឯងហួសហេតុពេកហើយ ឯងបោកប្រាស់យើងដោយគ្មានអារម្មណ៍ខុសអីសូម្បីបន្តិច យើងជឿលើកម្មផលអ្វីដែលពួកឯងធ្វើ ពួកឯងទទួលយកទៅ»
ខ្ញុំក៏ដើរចេញមកមិនងាកក្រោយទៅមើលមនុស្សថោកទាបអស់នោះទៀតទេ នេះឬមនុស្សប្រុសក្នុងក្ដីប្រាថ្នាខ្ញុំ? នេះឬមិត្តរួមថ្នាក់ខ្ញុំ? ពួកគេកំពុងរួមគ្នាបោកប្រាស់ខ្ញុំ ព្រោះតែហេតុផលមិនទំនងមួយ។
......................
ចាប់តាំងពីនោះមកខ្ញុំមិនទៅរៀនបីថ្ងៃហើយ ដោយសុំច្បាប់ ហើយប្រាប់គ្រូថាឈឺ។
ខ្ញុំខូចចិត្តទៀតហើយ តែខ្ញុំមិនបានឃ្លានដូចរាល់ដងទេ ម្ដងនេះញ៉ាំមិនបាន ដេកមិនលក់ កុហកគ្រូថាឈឺ តែក៏ចង់ឈឺមែនទែនទៅហើយ។ ខ្ញុំមកអង្គុយស្រូបយកខ្យល់អាកាសនៅមុខសួនច្បារវត្តបុទ្យមដដែល។ បើពេលនេះមានម្នាក់នៅជិតខ្ញុំ វៃក្បាលខ្ញុំ ជូនខ្ញុំញ៉ាំអី ខ្ញុំប្រហែលប្រសើរជាងនេះ។ និយាយតាមត្រង់ខ្ញុំខ្មាស ផានិតណាស់ មិនហ៊ានហាមាត់ទៅរកគេដូចរាល់ដងទេ បានត្រឹមតែនឹក លួចស្រមៃម្នាក់ឯង។
«ឈឺអី?»
គេ! ខ្ញុំនឹកគេឡើងស្រមើស្រមៃមែនទេ?
ខ្ញុំងើយមើលមនុស្សដែលឈរទល់មុខខ្ញុំយឺតៗ ក្នុងចិត្តបន់ថា កុំឱ្យគេរលាយទៅវិញអី សូមឱ្យគេជាមនុស្សពិត ជាមនុស្សដែលអាចឱ្យខ្ញុំខ្ចីស្មាគេយំសិន។
«ឮសួរទេ?»
«ផានិត...»
ខ្ញុំក៏ងើបទៅឱបកគេ ទាំងយំសស្រាក់។
«កើតអី?»
គេសួរ តែក៏មិនភ្លេចអង្អែលខ្នងខ្ញុំថ្នមៗ ដើម្បីលួងលោម។
ខ្ញុំក៏ប្រាប់រឿងរ៉ាវដែលកើតឡើង ឱ្យគេស្ដាប់។ គេមិនបាននិយាយត្បកអ្វីឱ្យខ្ញុំ ក្នុងការដែលមិនស្ដាប់សម្ដីគេតាំងពីដំបូងទេ។ ផ្ទុយទៅវិញ ប្រុសម្នាក់នេះមកដើរតួជាអ្នកស្ដាប់យ៉ាងស្ងៀមស្ងាត់។
«ចង់ញ៉ាំប្រហិតអាំងទេ?»
ខ្ញុំយំអស់ចិត្តគេក៏សួរ។
ខ្ញុំបានត្រឹមគ្រវីក្បាល រួចសួរគេបន្ត៖
«ខ្ញុំល្ងង់ហើយ រឹងរូសទៀត ត្រូវទេ?»
«ឈប់គិតទៅ បើសុទ្ធតែអាចមើលមនុស្សដឹងគ្រប់គ្នា ចឹងលើលោកនេះ គ្មានមនុស្សអាក្រក់ទេ»
ខ្ញុំសម្លឹងជ្រៅចូលទៅក្នុងកែវភ្នែកបុរសទល់មុខខ្ញុំ គេមិនធ្លាប់បោះបង់ខ្ញុំ មិនធ្លាប់ធ្វើចំអកភាពល្ងង់ខ្លៅខ្ញុំ នៅក្បែរគេខ្ញុំកក់ក្ដៅ គេប្រៀបដូចជាថ្នាំទិព្វអ៊ីចឹង។
«នៅចង់ស្ដាប់ហេតុផលទីបីទេ?» គេសួរ។
«លែងសំខាន់ហើយ»
«សំខាន់ណាស់សម្រាប់ខ្ញុំ»
«និយាយទៅ!»
បើជ្រុលជាដឹងអំពើអាក្រក់របស់តុងហើយ រឿងអាក្រក់របស់គេមួយទៀតក៏មិនអីដែរ។
«ហេតុផលទីបី ដែលខ្ញុំមិនចង់ឱ្យធីតាទាក់ទងជាមួយតុង ក៏ដូចជាមួយប្រុសដទៃទៀតណាក៏ដោយ ហេតុនោះគឺ... ខ្ញុំស្រឡាញ់ធីតា»
ខ្ញុំស្រឡាំងកាំងនឹងការសារភាពរបស់គេ បេះដូងខ្ញុំចាប់ផ្ដើមលោតញាប់ខុសធម្មតា។
ផានិតស្រវ៉ាប្រអប់ដៃខ្ញុំទៅចាប់។
«អនុញ្ញាតិឱ្យខ្ញុំមើលថែធីតាបានទេ?»
ខ្ញុំមិនដឹងឆ្លើយយ៉ាងម៉េចទៅ គ្រាន់តែដឹងថា ខ្ញុំមិនចង់បាត់បង់ផានិតជាលើកទី២ទេ។
ទីបំផុតខ្ញុំនិងផានិតក៏ចាប់ផ្ដើមបើកចិត្តថាស្រឡាញ់គ្នា។ តាំងពីដើមមកខ្ញុំមិនធ្លាប់គិតទេ ថាចំណងមិត្តភាពនេះអាចក្លាយជាស្នេហា ព្រោះខ្ញុំតែងតែស្រមៃជានិច្ច ថាបុរសក្នុងក្ដីស្រមៃខ្ញុំយ៉ាងម៉េច ខ្ញុំតែងតែយកអារម្មណ៍មកពូនសូន ទៅតាមអ្វីដែលខ្ញុំចង់បាន។ ក៏ប៉ុន្តែពេលនេះអ្វីៗទាំងអស់នេះលែងសំខាន់ហើយ ព្រោះខ្ញុំបានរកឃើញមនុស្សម្នាក់ គេមិនដូចអ្វីដែលខ្ញុំស្រមៃ តែគេជាមនុស្សដែលខ្ញុំស្រឡាញ់ និងមនុស្សដែលស្រឡាញ់ខ្ញុំ ក្នុងជីវិតពិតប្រាកដមួយនេះ។
......
ចប់!