ការបករោម មិនមែនចេះតែនឹកឃើញទៅបកតែម្ដងទេ ព្រោះវាអាចប៉ះពាល់ដល់ស្បែក ឬឱ្យផលរំខានដូចជាឡើងខ្មៅ ដុំពក ឬដុះរោមកប់ ដែលធ្វើឱ្យស្បែកយើងមានបញ្ហា។ ដូច្នេះហើយមុនទៅបករោម អ្វីដែលយើងត្រូវដឹង មិនថាមុនពេលបក និងក្រោយពេលបក។
មុនពេលបក
១. ត្រៀមស្បែកត្រង់កន្លែងដែលត្រូវបក
ត្រូវចាំដល់រោមដុះវែងល្មម ពោលគឺត្រឹមប្រវែង 0.65cm ព្រោះថាបើរោមខ្លីៗប្រាកដជាមិនអាចបកមកដោយស្រួលទេ បើរោមវែងពេកនឹងធ្វើឱ្យឈឺចាប់ខ្លាំងដែរ។
២. ធ្វើការជម្រុះកោសិកាចាស់ និងប្រើក្រែមផ្ដល់សំណើមប៉ុន្មានថ្ងៃជាមុនសិន មុននឹងធ្វើការបករោម
ធ្វើបែបនេះគឺអាចការពារពីការកកើតទៅជាដុំពក និងរោមដុះកប់។ ត្រូវប្រើប្រភេទជម្រុះកោសិកាចាស់ណា ដែលស្រាលបំផុតដល់ស្បែក។ សម្រាប់ក្រែមផ្ដល់សំណើម ត្រូវប្រាកដថាមិនធ្វើឱ្យស្បែកឡើងរោលរលាក។
៣. ជៀសវាងផលិតផលដែលធ្វើឱ្យស្បែករោលរលាក
ទាំងនេះរួមបញ្ចូលទាំងពពួកឡេ ប្រេង ឬក៏ពពួកជែល។ ប្រសិនជាយើងចង់ឱ្យស្បែកស្អាត មានអនាម័យ បន្ទាប់ពីបករួច ត្រូវជៀសវាងប្រភេទដែលមានក្លិនទឹកអប់។ បើងូតទឹកដុះសាប៊ូ ត្រូវជ្រើសយកប្រភេទដែលស្រាលៗ និងមិនមានក្លិនទឹកអប់ នៅកន្លែងដែលត្រូវបករោម។
៤. ងូតទឹកក្ដៅ មុនពេលបក
ទឹកក្ដៅអ៊ុនៗដែលយើងប្រើ គឺមានប្រយោជន៍ដល់ការបើកមុខរន្ធរោម ផ្ដល់ភាពងាយស្រួលដល់ការបក។ មួយវិញទៀតត្រូវប្រាកដថាស្បែកដែលត្រូវបកគឺស្អាត ដើម្បីកុំឱ្យឆ្លងមេរោគផ្សេងៗ។
ក្រោយពេលបក
១. ស្លៀកសម្លៀកបំពាក់រលុងៗ
ដើម្បីឱ្យស្បែកដែលទើបតែបករោមហើយមិនហប់ ទូលាយៗ ព្រោះបើហប់ឬរឹតតឹងណែង អាចប៉ះពាល់ដល់រន្ធរោមលើស្បែកដែលទើបតែបករួច។
២. ប្រើប្រាស់ប្រភេទ Lotion
ប្រភេទ Lotion សម្រាប់លាបក្រោយពេលបករោមរួច ដើម្បី Soothing ស្បែក។ យើងក៏អាចពិចារណា ប្រើប្រភេទសេរ៉ូមដែលជួយការពារការដុះរោមកប់ផងដែរ បន្ទាប់ពីបកបាន ២ ឬ ៣ថ្ងៃ។
៣. ជៀសវាងសកម្មភាពណា ដែលធ្វើឱ្យបែកញើស
ក្នុងនេះរួមបញ្ចូលទាំងការហាត់ប្រាណផងដែរ។ ទុកស្បែកចោលឱ្យ ២ ឬ ៣ថ្ងៃសិន ចាំធ្វើសកម្មភាពទាំងនោះធម្មតាវិញ។ សកម្មភាពដែលធ្វើឱ្យយើងបែកញើសនេះ មិនត្រឹមតែធ្វើឱ្យស្បែកយើងរលាករោលប៉ុណ្ណោះទេ តែក៏អាចកកើត និងឆ្លងមេរោគផងដែរ។
៤. ជៀសវាងការត្រាំទឹកយូរៗ
ក្នុងនេះរួមបញ្ចូលទាំង ការត្រាំក្នុងអាងទឹក ការទៅលេងសមុទ្រ ឬបឹង ទន្លេផ្សេងៗ ដែលពពួកអស់នេះក៏ធ្វើឱ្យយើងអាចនឹងឆ្លងមេរោគបានដូចគ្នា។
៥. ប្រើប្រាស់ផលិតផលដែលគ្មានក្លិនទឹកអប់
មុនពេលបករោម និងក្រោយពេលបករោមគឺដូចគ្នា ត្រូវការឱ្យអ្នកទាំងអស់គ្នាជៀសវាងការប្រើប្រាស់ផលិតផលដែលមានក្លិនទឹកអប់ ព្រោះអាចធ្វើឱ្យស្បែកយើងរលាក។
៦. ជៀសវាងការត្រូវថ្ងៃខ្លាំង
ធម្មតាស្បែកដែលត្រូវបានបករោមហើយ គឺមានភាពខ្សោយ និងងាយប្រតិកម្ម ដូច្នេះហើយត្រូវជៀសវាងកុំឱ្យត្រូវកម្ដៅថ្ងៃខ្លាំង ឬយូរពេក។
៧. ជម្រុះកោសិកាចាស់
បន្ទាប់ពី២ ទៅ ៣ថ្ងៃ ក្រោយការបករោម យើងគួរតែធ្វើការជម្រុះកោសិចាស់ម្ដងទៀត ដោយប្រើកន្សែងដុះថ្នមៗ ធ្វើបែបនេះគឺដើម្បីការពារការដុះរោមកប់ៗ និងការពារការឆ្លងមេរោគ។
ប្រភព៖ Wikihow