នៅផ្ទះពេលខ្លះ មានអារម្មណ៍មានថាដូចមិនសូវស្រស់ស្រាយ បរិយាកាសមិនសូវជាល្អ មានអារម្មណ៍តប់ប្រមល់ម្ដងម្កាល ដោយគ្មានមូលហេតុ។
បើដូច្នេះប្រហែលជាផ្ទះយើងត្រូវការរុក្ខជាតិដាំក្នុងផ្ទះខ្លះហើយ (Indoor Plant) ព្រោះរុក្ខជាតិទាំងនោះមិនត្រឹមតែធ្វើឱ្យយើងមើលទៅស្រឡះភ្នែក ស្រស់ស្រាយ តែក៏មានប្រយោជន៍បន្សុទ្ធខ្យល់មិនល្អដែលមាននៅក្នុងផ្ទះ កាត់បន្ថយធូលី ឬធាតុគីមីមិនល្អដែលយើងប្រើប្រាស់ប្រចាំថ្ងៃ។
បន្ថែមបន្ទាលរុក្ខជាតិទាំង១១នេះនៅក្នុងផ្ទះ ដឹងតែប្លែកតែម្ដង ទាំងបរិយាកាស និងផាសុកភាពក្នុងការរស់នៅ។
Snake Plant
ព្រោះតែស្លឹកដែលមានសម្បុរដូចពស់ ទើបត្រូវគេហៅថា Snake Plant។ បន្ទាលប្រភេទនេះគឺងាយស្រួលមើលថែមែនទែន វាអាចរស់នៅបានទាំងកម្ដៅថ្ងៃខ្លាំង ឬតិចក៏គ្មានបញ្ហា។
អត្ថប្រយោជន៍របស់វា គឺជួយចម្រោះយកសារធាតុគីមីដែលមិនល្អ ដូចជា benzene, formaldehyde, trichloroethylene, xylene, និង toluene ហើយជួយធ្វើឱ្យដកដង្ហើមបានស្រួលជាងមុននៅក្នុងផ្ទះ។
Monstera Deliciosa
រុក្ខជាតិមួយប្រភេទនេះគឺពេញនិយមមែនទែន ដែលយើងឧស្សាហ៍ឃើញគេតាំងលម្អគ្រប់ទីកន្លែង។ មិនត្រឹមតែស្អាត ហើយក៏ងាយស្រួលដាំផងដែរ។ ជាពិសេសនៅរដូវក្ដៅ យើងប្រាកដជាឃើញស្លឹកដុះមកថ្មីៗរៀងរាល់អាទិត្យតែម្ដង។ មិនតែប៉ុណ្ណោះ យើងក៏អាចកាត់ស្លឹកយកទៅបណ្ដុះបន្តក៏បានទៀត។
ចំណុចពិសេស រុក្ខជាតិមួយនេះ ត្រូវការឱ្យស្រោចទឹកម្ដងប៉ុណ្ណោះ ជារៀងរាល់មួយ ឬពីរសប្ដាហ៍។ មើលតែដីស្ងួតចាំស្រោចទៀត។
មួយវិញទៀត វាមិនសូវត្រូវការថ្ងៃឬពន្លឺច្រើនទេ ដាក់នៅកន្លែងណាដែលអាចទទួលបានពន្លឺជាមធ្យម បានហើយ (Indirect Light)។
អត្ថប្រយោជន៍ គឺស្លឹករបស់វាជួយកាត់បន្ថយខ្យល់ពុល ដូចជា benzene, trichloroethylene, និង formaldehyde បើយោងតាមការសិក្សារបស់ Nasa។
Pothos
រុក្ខជាតិប្រភេទនេះ គឺអាចដុះបានខ្ពស់ និងអាចរស់បានក្នុងម្លប់ដែលថ្ងៃចូលតិចបំផុត ជាមួយនឹងខ្យល់ស្ងួត។ រុក្ខជាតិនេះងាយស្រួលក្នុងការដាំដុះនិងមើលថែដូចគ្នា ហើយយកទៅបណ្តុះបន្តក៏បានទៀត។ អត្ថប្រយោជន៍ប្រភេទនេះ គឺដូចទៅនឹង Snake Plant ដែរ។
Dracaena
រុក្ខជាតិមួយនេះក៏ងាយស្រួលក្នុងការដាំដុះដែរ។ វាងាយទៅក្នុងការសម្របខ្លួននឹងពន្លឺអាកាសធាតុខុសៗគ្នា ហើយរឹតតែដុះល្អ បើទុកវាឆ្ងាយពីបន្លឺថ្ងៃខ្លាំង។ អត្ថប្រយោជន៍របស់វា គឺជួយបន្សុទ្ធខ្យល់។
ZZ Plant
បើសិនជាផ្ទះរបស់យើងមិនសូវជាមានពន្លឺថ្ងៃចាំងចូលខ្លាំងឬច្រើនទេ។ អ្នកទាំងអស់គ្នាអាចពិចារណារុក្ខជាតិនេះទៅដាំបាន។ ដូចរុក្ខជាតិមុនៗខាងលើដែរ វាមិនត្រូវការមើលថែខ្លាំងនោះទេ។ វាធន់និងអាចរស់នៅបានទោះជានៅក្នុងស្ថានភាពគ្រោះរាំងស្ងួតក៏ដោយ។ មួយខែស្រោចទឹកតែម្ដង គឺគ្រប់គ្រាន់សម្រាប់បន្ទាលនេះ។ សម្រាប់អ្នកណាដែលមិនសូវនៅផ្ទះ ឧស្សាហ៍ទៅដើរលេង យូរៗបានមកផ្ទះម្ដងគឺសាកសមបំផុត។
រុក្ខជាតិមួយនេះ តំណាងឱ្យភាពរុងរឿង និងមិត្តភាពយូរអង្វែងអាចធ្វើជាការដូដ៏មានន័យសម្រាប់ការឡើងផ្ទះថ្មី។
Spider Plant
បន្ទាលពីងពាងនេះ ក៏ងាយស្រួលមើលថែដែរ ថែមទាំងដុះបែកមែង បែកធាងច្រើន យកទៅបណ្ដុះតៗគ្នាបាន តាមត្រូវការ។ ដើមនេះត្រូវការពន្លឺខ្លាំង តែមិនត្រូវការពន្លឺថ្ងៃផ្ទាល់ទេ (direct sun) ពោលគឺសាកសមបំផុត ដាំដាក់ព្យួរនៅតាមបង្អួចបន្ទប់។ អត្ថប្រយោជន៍របស់វា ជួយបន្សុទ្ធខ្យល់។
Rubber Tree
រុក្ខជាតិនេះត្រូវការពន្លឺថ្ងៃព្រះអាទិត្យដោយផ្ទាល់ (direct sunlight)។ វាត្រូវការស្រោចទឹកពីគល់ជាជាងស្រោចពីលើស្លឹកវា។ ត្រូវការទីធំល្មមសម្រាប់ដាក់ដាំ ដើម្បីឱ្យការលូតលាស់របស់វាកាន់តែល្អ។ អត្ថប្រយោជន៍ជួយកម្ចាត់កាបូនឌីអុកស៊ីតចេញពីទីធ្លាក្នុងផ្ទះ ដែលសារធាតុនេះធ្វើឱ្យយើងពិបាកដកដង្ហើម។
Bird’s Nest Fern
រុក្ខជាតិមួយនេះ បើដាំក្នុងបន្ទប់ទឹកគឺល្អបំផុត ព្យួរនៅនឹងបង្អួចដែលត្រូវថ្ងៃតិចតួច (Indirect Light) និងបរិយាកាសសើម។ វាជួយកម្ចាត់នូវភាព Toxic ពីផលិតផលក្នុងបន្ទប់ទឹក ដូចជារបស់របរជូតសម្អាត ស្ព្រៃបាញ់សក់ ឬថ្នាំលាបក្រចកអីដើម ដែលសម្បូរទៅដោយធាតុគីមីអាក្រក់នៅក្នុងនោះ។
Peace Lily
រុក្ខជាតិនេះវិញ គឺខុសពីរុក្ខជាតិខាងលើៗ ដោយសារវាតែត្រូវការយកចិត្តទុកដាក់ និងមើលថែខ្លាំងបន្តិច។ វាមិនត្រូវការស្រោចទឹកពីលើស្លឹកទេ ហើយត្រូវការកន្លែងដែលមានពន្លឺ ប៉ុន្តែក្នុងម្លប់។
មួយវិញទៀត ផ្ការបស់ Peace Lily មានសាយលំអង អ៊ីចឹងហើយបានជាអ្នកណាមានអាលែកស្ស៊ីនឹងលំអងផ្កាត្រូវចៀសវាង។
តែបើអ្នកទាំងអស់គ្នា គ្មានអាលែកស្ស៊ីនឹងពួកនេះទេ គឺល្អសម្រាប់ដាក់ដាំក្នុងបន្ទប់គេង ព្រោះវានឹងបញ្ចេញអុកស៊ីសែននៅពេលយប់ ថែមទាំងកម្ចាត់ធាតុមិនល្អដូចជា ammonia, benzene, formaldehyde, និង trichloroethylene ដែលត្រូវបានរកឃើញនៅក្នុងសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ។
Philodendron Green
មានស្លឹកស្រដៀងនឹងស្លឹកម្លូ ដែលមានរូបរាងបេះដូង។ ដើមនិងស្លឹកវាអាចដុះបានខ្ពស់លើសពី ៣ម៉ែត្រទៅទៀត ដូច បន្ទាល pothos ដែរ។ បើចង់ដាំមើលទៅឱ្យកាន់តែស្អាត គឺត្រូវរកកន្លែងថ្នើខ្ពស់ ឱ្យវាដុះធ្លាក់រំយោងចុះក្រោម ឬព្យួឡើងក៏បាន។
រុក្ខជាតិមួយនេះ ក៏មិនពិបាកមើលថែច្រើនទេ ទោះវាមិនបន្សុទ្ធខ្យល់ល្អដូចគេឯទៀត តែវាជួយកម្ចាត់សារធាតុ formaldehyde ដែលសារធាតុនេះ ត្រូវបានរកឃើញក្នុងថង់ប្លាស្ទីក ក្រដាសជូតមុខ ក្រដាសបង្គន់ និងនៅក្នុងសម្ភារៈផ្សេងៗទៀត។ ល្អសម្រាប់អ្នកទើបតែចង់ដាំរុក្ខជាតិក្នុងផ្ទះថ្មីថ្មោង។
Aloe Vera
និយាយពីបន្ទាលកន្ទុយក្រពើនេះវិញ ពួកយើងប្រាកដជាដឹងច្បាស់ហើយ ថាមានអត្ថប្រយោជន៍ប៉ុណ្ណា។ វាជាពពួករុក្ខជាតិព្យាបាល ព្យាបាលដំបៅផ្សេងៗ និងស្បែករោល រលាក។
ដាក់វាឱ្យត្រូវពន្លឺ និងកម្ដៅថ្ងៃ ហើយមិនបាច់ខ្វល់ ខ្លាចភ្លេចស្រោចទឹកទេ ព្រោះវាត្រូវការទឹក លុះណាតែដីស្ងួត ស្ងួតមែនទែនតែម្ដង មុននឹងត្រូវការស្រោចទឹកបន្តទៀត។ វាក៏មានមុខងារបន្សុទ្ធខ្យល់ផងដែរ និងថែមទាំងកម្ចាត់ ធាតុ formaldehyde ទៀត។
ប្រភព៖ Women'sHealth